ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងចេញពីផឹកស៊ីជុំមិត្តភក្តិ ស្រវឹង នឹកចង់រួមភេទ ក៏បានទៅរកសេវាកម្មផ្លូវភេទនៅម្តុំវត្តភ្នំ លុះទៅដល់ក៏ពេញចិត្តនារីម្នាក់ ទើបចុះទៅចរចាតម្លៃត្រូវរ៉ូវគ្នា ក៏នាំគ្នាឡើងជិះម៉ូតូកង់បី បំណងទៅរកផ្ទះសំណាក់ រួមរ័កមេត្រី តែទៅមិនទាន់ដល់ផង ក៏កើតមានជម្លោះផ្អើល ដោយខាងប្រុសចោទថានារីរូបនោះ

បន្លំលួចលុយខ្លួនអស់ ២០ម៉ឺនរៀល ចំណែកខាងស្រីចោទថា ខាងប្រុសប្រុងលួចទូរស័ព្ទ ទើបកើតជាជម្លោះ ឈានដល់អំពើហិង្សា ដោយខាងស្រីវាយក្បាលខាងប្រុស រយះហូរឈាមជោកខ្លួន ផ្អើលដល់អ្នកសារព័ត៌មានចុះទៅដល់ ធ្វើឱ្យខាងប្រុសខ្លាចខ្មាសគេ ក៏ឡើងម៉ូតូកង់បី ចេញទៅបាត់។

ហេតុការណ៍អំពើហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខសណ្ឋាគារភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសម្តីបុរសរងគ្រោះដែលរងរបួសក្បាលហូរឈាមស្រោចខ្លួន បានរៀបរាប់ប្រាប់ ដោយសុំមិនប្រាប់អត្តសញ្ញាណថា មុនពេលកើតហេតុ រូបគាត់ទើបនឹងចេញពីកម្មវិធីមិត្តភក្តិ ស្រវឹងជោក ហើយក៏បានទៅវត្តភ្នំ រកស្រីរួមភេទ ខណៈពេលគាត់ទៅដល់បាន ត្រូវចិត្តនារីម្នាក់ រួចនិយាយថ្លៃត្រូវរ៉ូវគ្នា ក៏ឡើងជិះម៉ូតូកង់បី ទៅរកផ្ទះសំណាក់។

បុរសរងគ្រោះ បន្តថា ប៉ុន្តែនៅតាមផ្លូវ នារីខាងលើ បានបន្លំលួចលុយគាត់អស់ចំនួន ២០ម៉ឺនរៀល និងទារចុះពីលើកង់បី មិនព្រមទៅជាមួយគាត់ទេ ធ្វើឱ្យមានការប្រកែកគ្នា ហើយនារីរូបនោះ ក៏បានហៅបក្ខពួករបស់នាងមកវាយរូបគាត់ បណ្តាលឱ្យបែកក្បាល ហូរឈាមស្រោចខ្លួនតែម្តង ដោយចោទប្រកាន់ថា លួចទូរស័ព្ទនាងទៅវិញ។
ចំណែកនារីដែលជាប់ចោទថាលួចលុយនោះ បានប្រាប់ឱ្យដឹងដែរថា មូលហេតុដែលនាងវាយបុរសរូបនោះ ព្រោះដើម្បីការពារខ្លួន ដោយសារបុរសនោះ មានគំនិតចង់លួចទូរស័ព្ទរបស់នាង។
ក្រោយពេលកើតហេតុ បន្ទាប់ពីមានការភ្ញាក់ផ្អើល បុរសរងគ្រោះខ្លាចខ្មាសគេ ក៏បានឡើងជិះម៉ូតូកង់បី គេចចេញពីកន្លែងកើតហេតុបាត់ទៅ ដោយមិនបានប្តឹងផ្តល់អ្វីនោះទេ៕