ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ ហេតុតែស្រលាញ់ស្រាជាងគ្រួសារ ទើបត្រូវប្រពន្ធរត់ចោល អស់រយៈពេល ២ឆ្នាំមកហើយ លុះខូចចិត្ត កាន់តែផឹកស្រាលើសដើម រហូតដល់ក្លាយជាមនុស្សប្រមឹក លុះចុងក្រោយ ផឹកស្រវឹងជោក សុំលុយម្តាយចំនួន ៣០ម៉ឺនរៀល មិនបានដូចបំណង ក៏កាំបិតផ្គាក់ដេញកាប់ម្តាយនិងប្អូនប្រុសបង្កើត រត់បាតជើងសព្រាត រហូតដល់ម្តាយសម្រេចប្តឹងសមត្ថកិច្ចចាប់វាយខ្នោះកូនប្រុសកំណាច នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសទាញកាំបិតដេញកាប់ម្តាយបង្កើតខ្លួនឯងនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិចាន់ទូង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

លោកវរសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ក្នុងករណីអំពើហិង្សាក្នុងគ្រួសារ ទាញកាំបិតដេញកាប់ម្តាយបង្កើតខ្លួនឯងនេះ មានឈ្មោះយឹប វីរៈ អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមនុស្សប្រមឹក ញៀនស្រា មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះលាង យ៉ាត អាយុ៥៤ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។ រីឯប្អូនប្រុសជនសង្ស័យម្នាក់ទៀត ដែលជាជនរងគ្រោះផងដែរនោះ មានឈ្មោះយឹប សាឯម អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅផ្ទះក្បែរគ្នា។

លោកអធិការ ឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានបណ្តឹងពីជនរងគ្រោះភ្លាម នៅល្ងាចថ្ងៃដដែល ដោយមានការឯកភាពពីលោកស្នងការនគរបាលខេត្ត និងបានការឯកភាពពីលោកហាក់ សៀកលីម ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់ បានចុះទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ យឹប វីរៈ នេះ និងដកហូតបានវត្ថុតាង កាំបិតផ្គាក់១ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំដើម្បីសាកសួរ ។

លោកអធិការ បញ្ជាក់ថា ដោយសារតែជនសង្ស័យ ផឹកស្រាច្រើនពេក ធ្វើឱ្យប្រពន្ធរត់ចោល ២ឆ្នាំមកហើយ សព្វថ្ងៃរស់នៅក្រោមដំបូលផ្ទះជាមួយនឹងម្តាយរបស់ខ្លួន។ នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ បុរសស្រវឹងខួបនេះ បានទៅសុំលុយម្តាយ ចំនួន ៣០ម៉ឺនរៀល តែម្តាយមិនឱ្យ ព្រោះគាត់ចាស់ហើយមិនដឹងទៅរកលុយពីណាមកឱ្យនោះទេ។ ដោយសារតែម្តាយមិនឱ្យ ក៏ខឹង ហើយស្ទុះទៅយកកាំបិត មកដេញកាប់ប្អូនប្រុសរបស់ខ្លួនដែលមានផ្ទះនៅក្បែរគ្នា តែបានរត់រួច ក៏បែរមកប៉ងកាប់ម្តាយវិញ សំណាងល្អស្ត្រីជាម្តាយ បានរត់គេចទាន់។
ដោយទ្រាំនឹងទង្វើដ៏ឃោរឃៅរបស់កូនប្រុសឈ្មោះ យឹប វីរៈ តទៅទៀតលែងបាន ទើបស្ត្រីជាម្តាយ សម្រេចប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនកូនប្រុសនេះ យកទៅចាត់ការទៅតាមច្បាប់តែម្តង៕