ភ្នំពេញ ៖ ក្មេងស្រីវ័យ ១៣ឆ្នាំម្នាក់ ដែលសម្រេចចិត្តឈប់រៀន ងាកទៅប្រកបរបរដើររើសអេតចាយ ដើម្បីយកប្រាក់មកចិញ្ចឹមមើលថែម្តាយមានជំងឺ និងប្អូនតូចៗចំនួន២នាក់ រហូតដល់ស្ត្រីជាម្តាយបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម កាលពីពេលថ្មីៗកន្លងទៅនេះ ត្រូវបានសប្បុរជនជាច្រើន សម្តែងនូវទឹកចិត្តអាណិតអាសូរ និងជួយឧបត្ថម្ភជាគ្រឿងឧបភោគ-បរិភោគ និងថវិកា ជាបន្តបន្ទាប់។

ក្មេងស្រីឈ្មោះថង សុខហេង អាយុ១៣ឆ្នាំ មុខរបរដើររើសអេតចាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានរៀបរាប់ទាំងអួលដើមកថា កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ពេលនាងត្រឡប់មក ពីរើសអេតចាយវិញ ស្រាប់តែដឹងថាម្តាយបង្កើតរបស់ខ្លួនបានដាច់ខ្យល់ស្លាប់ នៅគ្រាដែលនាងខិតខំដើររើសអេតចាយយកទៅលក់បានលុយ សម្រាប់ទិញបាយ និងថ្នាំសង្កូវឱ្យម្តាយ ព្រមទាំងប្អូនតូចៗ២នាក់។

ក្មេងស្រី សុខ ហេង បានរៀបរាប់បន្តថា ពេលដឹងថាម្តាយស្លាប់ភ្លាម អារម្មណ៍របស់នាងហាក់ដូចជាមិនស្ថិតនៅក្នុងខ្លួននោះទេ ព្រោះនាងបានតស៊ូរស់នៅជាមួយម្តាយតាំងឪពុកបង្កើតបានលែងលះជាមួយម្តាយនាង តាំងពីនាងនៅតូចម៉្លេះ និងមុនពេលដែលម្តាយនាងបានប្តី ក្រោយ រហូតមានកូនតូចៗពីរនាក់ ដែលកូនច្បង អាយុ២ឆ្នាំ ឯកូនពៅ អាយុទើបបាន២ខែប៉ុណ្ណោះ។

ក្មេងស្រី សុខ ហេង បញ្ជាក់ថា ម្តាយបង្កើតរបស់នាងដែលបានស្លាប់ទៅនេះ មានឈ្មោះទា ចាន់ធី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិកក់ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ចំណែកឪពុកក្រោយរបស់នាង មានឈ្មោះកយ ពិសី អាយុ៣៥ឆ្នាំ មុខរបរកម្មករលាងរថយន្ត។

អ្វីដែលធ្វើឱ្យរូបនាងមានក្តីរំភើបនឹកស្មានមិនដល់នោះ គឺចាប់តាំងពីមានការផ្សព្វផ្សាយពីទុក្ខវេទនារបស់នាងដែលត្រូវម្តាយស្លាប់ចោល តាមទំព័រសារព័ត៌មាន និងតាមបណ្តាញសង្គមរួចមក ឃើញថា មានសប្បុរសជាច្រើន ទាំងអ្នកតូចអ្នកធំ រួមទាំងប្រជាពលរដ្ឋមកពីជិតឆ្ងាយ សូម្បីតែកម្មករសំណង់ ក៏បាននាំយកថវិកាមកជួយដល់នាងដោយទឹកចិត្តអាណិតអាសូរជាពន់ពេក។

ក្នុងនោះមានសាលាឯកជនមួយ បានអនុញ្ញាតឱ្យរូបនាងចូលសិក្សាដោយឥតគិតថ្លៃ ហើយថែមទាំងឧបត្ថម្ភប្រាក់ ១០០ដុល្លារ ក្នុងមួយខែ ទៀតផង។ ចំណែកសប្បុរសជនខ្លះទៀត បានទិញកង់សម្រាប់ឱ្យនាងជិះទៅរៀនទៀតផង។
គួររំលឹកថា ស្ត្រីជាអ្នករើសអេតចាយម្នាក់ ត្រូវបានប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល យ៉ាងអាណោចអាធ័ម កាលពីវេលាថ្ងៃត្រង់ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវ១៩៧២ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបន្សល់ទុកនូវកូនប្រុសស្រីចំនួន ៣នាក់ ឱ្យនៅកំព្រា គ្មានទីពឹង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីរបស់ស្ត្រីរងគ្រោះបានចេញទៅធ្វើការបាត់ ចំណែកកូនស្រីច្បងក៏បានចេញទៅរើសអេតចាយបាត់ដែរ ខណៈដែលស្ត្រីរងគ្រោះជាម្តាយ បានដេកសម្រាកនៅក្នុងបន្ទប់ជួលតែម្នាក់ឯង។ រហូតមកដល់វេលា ម៉ោងកើតហេតុខាងលើ ពេលដែលកូនស្រីត្រឡប់មកពីរើសអេតចាយវិញ ឃើញម្តាយដេកមិនក្រោក ក៏ចូលទៅដាស់ ទើបដឹងថាម្តាយបានស្លាប់បាត់ទៅហើយ ទើបទ្រហោយំពេញផ្ទះ ផ្អើលដល់អ្នកជិតខាងចោមរោមមើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ៕