ខេត្តសៀមរាប ៖ ស្ត្រីវ័យចំណាស់ម្នាក់ បានរៀបចំបោសសម្អាតផ្ទះ ដើម្បីរង់ចាំទទួលទេវតាឆ្នាំថ្មី ស្រាប់តែពេលឡើងបោសនៅលើដំបូល បែរជាប្រទះឃើញគ្រាប់បែកដៃ ចំនួន២គ្រាប់ នៅលើធ្នើរក្រោមដំបូលផ្ទះរបស់ខ្លួន ដែលប្តីរបស់ខ្លួនបានលាក់ទុក បង្កឱ្យមានការភ័យឆោឡោ រាយការណ៍ទៅខាងជំនាញស៊ីម៉ាក់ ចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ប្រទះឃើញគ្រាប់បែកដៃ២គ្រាប់នៅលើដំបូងលផ្ទះខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក។

តាមប្រភពពីលោកហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ស៊ីម៉ាក់ បានបញ្ជាក់ឱ្យដឹង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ថា “ក្នុងសម័យសង្គ្រាម ប្តីបាន

លាក់ទុកគ្រាប់បែកដៃនៅលើធ្នើក្រោមដំបូលផ្ទះ គ្រាន់ការពារខ្លួន ព្រោះគាត់ជាអតីតសេនាជនភូមិ។ ដល់ប្តីស្លាប់ ទើបប្រពន្ធរៀបចំផ្ទះ ក៏ឃើញគ្រាប់បែកដៃទាំង២គ្រាប់ រួចក៏រាយការណ៍ទៅប៉ូលិស កម្លាំងជំនាញស៊ីម៉ាក់ និងប៉ូលិស

បានរួមគ្នាកម្ចាត់ការភ័យខ្លាចជូនប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ដោយសុវត្ថិភាព។ សម័យតេជោសែន មានសន្តិភាពពេញលេញ មិនត្រូវការរក្សាគ្រាប់បែកដៃ និងកាំភ្លើង តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីប្រយុទ្ធក្នុងសមរភូមិស្អីទៀតទេ។ ករណីនេះស្ថិតនៅភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ។ (០៧ មេសា ២០២២)…”៕