ខេត្តពោធិ៍សាត់ ៖ ក្មេងឃ្វាលគោ ១ក្រុម បានដឹកគោចេញទៅឃ្វាលដូចសព្វដង ស្រាប់តែទៅដល់ ក៏ធុំក្លិនចម្លែក ក៏តាមរកមើល បែរជាប្រទះឃើញប្រេងម្រះព្រៅ ចំនួន៧ប៊ីដុង ដែលជនល្មើសបានលួចកប់ទុកក្នុងដី ដោយសារតែដឹកចេញមិនទាន់ ទើបប្រញាប់រាយការណ៍ប្រាប់ សមត្ថកិច្ចចុះពិនិត្យ និងដកហូតយកមករក្សាទុក។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២
នៅចំណុចអូរតាតាក ស្ថិតនៅក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង។

កិច្ចប្រតិបត្តិការរុករក ជីកគាស់កកាយខាងលើ កម្លាំងអធិការស្រុកវាលវែង បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ និងកម្លាំងប្រជាការពារ កម្លាំងកងរាជអាវុធហត្ថស្រុក រួមនឹងអាជ្ញាធរឃុំ ភូមិ ដឹកនាំដោយអធិការនគបាលស្រុកវាលវែង លោកវរសេនីយ៍ឯក ធាង ឡេង និងបានចុះ ជីកគាស់កកាយយកកាដុងប្រេងម្រះព្រៅភ្នំ ទាំង៧ប៊ីដុង នៅចំណុចអូរតាតាក ស្ថិតនៅក្នុងភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង។

លោកវរសេនីយ៍ឯក ធាង ឡេង បានឱ្យដឹងនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ថា វត្ថុតាង សមត្ថកិច្ចបានដកហូតចំនួន ៧ប៊ីដុង ទម្ងន់ស្មើនឹង ៩៦គីឡូក្រាម ថ្លឹងទាំងសំបក ក្នុងនោះនៅមានគុណភាព ៣ប៊ីដុង ខូចខាតបែកអស់ ៤ប៊ីដុង។

លោកបានបញ្ជាក់ថា ប្រេងម្រះព្រៅ ខាងលើនេះ ត្រូវបានក្រុមជនល្មើសដឹកចេញមិនទាន់ បានជីកកប់លាក់ទុកក្នុងដី ជាយូរមកហើយ ខណៈដែលតំបន់នេះ ជាព្រៃស្តុក មិនមានផ្ទះអ្នកស្រុក។
លោកអធិការនគបាលស្រុកវាលវែង បានឲ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌មាននេះភ្លាម លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងសុំការអនុញ្ញាតពីលោកព្រះរាជអាជ្ញា ដឹកនាំកម្លាំងធ្វើការជីកកកាយយកប្រេងម្រះព្រៅ ខាងលើនេះ។

បច្ចុប្បន្ន វត្ថុតាង ប្រេងម្រះព្រៅ ខាងលើ ត្រូវបានដកហូត នាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែង រង់ចាំចាត់ការបន្ត តាមនីតិវិធី៕