Friday, June 27, 2025
Homeសង្គម និងជីវិតចោលកន្ទុយបារីលើពូក ឆេះផ្ទះហ្មត់ ប៊ិះស្លាប់២នាក់ឪពុកកូន

ចោលកន្ទុយបារីលើពូក ឆេះផ្ទះហ្មត់ ប៊ិះស្លាប់២នាក់ឪពុកកូន

ខេត្តឧត្តរមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានជក់បារីរួច បោះចោលកន្ទុយបារី ដោយខ្វះការប្រុងប្រយ័ត្ន ធ្វើឱ្យធ្លាក់នៅលើពូក បង្កឱ្យមានការឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យផ្ទះទាំងមូល រួមនិងទ្រព្យសម្បត្តិ ត្រូវភ្លើងឆេះខ្ទេចអស់គ្មានសល់ សូម្បីតែអាយុជីវិតឪពុកកូនទាំង២នាក់ជាម្ចាស់ផ្ទះ ក៏ស្ទើរនឹងបាត់បង់ក្នុងភ្នក់ភ្លើងទៀតផង។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិសាមគ្គី ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង។

មន្ត្រីមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង បានឱ្យដឹងថា ផ្ទះដែលទទួលរងការឆាបឆេះនេះ មានទំហំ ៧ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើប្រក់ដំបូលស័ង្កសី ជាកម្មសិទ្ធិរបស់ឈ្មោះម៉េត ឡុង ភេទប្រុស អាយុ៦៦ឆ្នាំ មុខរបរធ្វើស្រែ (ត្រូវភ្លើងឆេះរលាករងរបួសធ្ងន់) សព្វថ្ងៃស្នាក់នៅជាមួយកូនប្រុសឈ្មោះឡុង ពៅ អាយុ១៩ឆ្នាំ (ត្រូវភ្លើងឆេះរលាករងរបួសធ្ងន់ដូចគ្នា)។

ប្រភពដដែល បញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ បានបង្កឱ្យមានការខូចខាតសម្ភារៈ និងទ្រព្យសម្បត្តិ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង ជង្រុកស្រូវ ទំហំ ៥ម៉ែត្រ គុណនឹង ៣ម៉ែត្រ គោយន្តកន្ត្រៃ ១គ្រឿង ម៉ូតូម៉ាកវ៉េវ ស៊េរីឆ្នាំ២០១៦ មួយគ្រឿង ម៉ាស៊ីនបោកខោអាវ១ ម៉ាស៊ីនកាត់ស្មៅ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំ ១គ្រឿង ស្រូវ ចំនួន ២តោន ប្រាក់​ ៦០ម៉ឺនរៀល។

ប្រភពខាងលើ បានបញ្ជាក់ឱ្យដឹងថា ករណីអគ្គិភ័យនេះ កើតឡើងដោយសារមូលហេតុការ ជក់បារី រួចទម្លាក់កន្ទុយបារី ចំពូក បណ្តាលឱ្យឆេះ និងបង្កឱ្យបុរសទាំង២នាក់ឪពុកកូន ទទួលរងការឆាបឆេះរលាករងរបួសធ្ងន់ដូចគ្នា។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ឪពុកកូន ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យខេត្តសៀមរាប និងមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង៕

RELATED ARTICLES