ភ្នំពេញ ៖ យុវជន២នាក់ ជិះម៉ូតូដឹកគ្នា បំណងស្កាត់ទៅជួបសង្សារ ស្រាប់តែត្រូវក្មេងទំនើងចំនួន ២ក្រុម ដែលត្រូវគេស្គាល់ថា មានរហស្សនាម យុគន្ធរ ហៅកាត់ YKT និងក្រុមលៀសហាល ទួលទំពូង ហៅកាត់ LHT បានព្រួតគ្នាដេញវាយ និងកាប់យុវជនទាំងពីរនោះ បណ្តាលឱ្យភ័យស្លន់ស្លោ រត់ចោលម៉ូតូ បន្ទាប់មកក្រុមក្មេងទំនើងទាំងនោះ បានព្រួតគ្នាកាប់កម្ទេចម៉ូតូយុវជនទាំង ២នាក់ចោល បង្កការភ្ញាក់ផ្អើលពេញដងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ នៅចំនុចស្តុបចតុមុខ តាមបណ្តោយផ្លូវ២១៤ កែងមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ។

យុវជនរងគ្រោះទាំង ២នាក់ ទី១-ឈ្មោះវាសនា សាម៉េត អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្នស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២- មិនស្គាល់ឈ្មោះ។ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១១០ សង់ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BG-3216។ ដោយឡែកក្រុមក្មេងទំនើងចំនួន ២ក្រុមខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ១ក្រុម មានរហស្សនាម YKT និង១ក្រុមទៀត មានរហស្សនាម LHT។

តាមសម្តីយុវជនរងគ្រោះឈ្មោះវាសនា សាម៉េត បានប្រាប់ឱ្យដឹងថា មុនកើតហេតុ រូបគេនិងមិត្តភក្តិបានជិះម៉ូតូ ១គ្រឿង ចេញពីម្តុំផ្សារស្ទឹងមានជ័យ ក្នុងគោលបំណងទៅសួនច្បារវត្តបទុមវតី ដើម្បីជួបសង្សារ លុះពួកគេធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ជួបនឹង ក្រុមក្មេងទំនើងទាំង ២ក្រុមខាងលើ ហើយគ្រាន់តែមើលមុខបន្តិច ស្រាប់តែក្រុមក្មេងទំនើងនោះបានស្រែកប្រាប់គ្នាឱ្យដេញកាប់ពួកគេទាំង២នាក់តែម្តង។

ប្រភពដដែល បន្តថា គ្រាន់តែឮដូច្នោះ ពួកគេទាំង២នាក់ ក៏បន្ថែមល្បឿនបើកគេចខ្លួន តែត្រូវក្រុមក្មេងទំនើងមានគ្នាច្រើន បានជិះបំបុកម៉ូតូពួកគេ បណ្តាលឱ្យដួលភ្លាមៗ ហើយក្មេងទំនើងម្នាក់ឈ្មោះអាទីន លៀសហាល បានទាញកាំបិតប៉័ងតោ កាប់រូបគេ ត្រូវមួយកាំបិត ចំចង្កេះ បណ្តាលឱ្យរងរបួស។ បន្ទាប់មក ពួកគេទាំង២នាក់ បានស្រែកថាចោរៗ និងបាននាំគ្នារត់គេចខ្លួនស្រែករកគេជួយ ដោយបន្សល់ទុកម៉ូតូនៅកន្លែងកើតហេតុ។ ភ្លាមៗនោះដែរ ក៏មានប្រជាពលរដ្ឋជាច្រើននាក់នាំគ្នាចេញមក ប៉ុន្តែបានត្រឹមតែឈរមើលក្រុមក្មេងទំនើងទាំងវាយ និងកាប់កម្ទេចម៉ូតូយុវជនទាំង២នាក់ខាងលើតែប៉ុណ្ណោះ។

បន្ទាប់ពីបង្កហេតុ ក្រុមជនបង្កហេតុ បានបំបែកផ្លូវគ្នារត់គេចខ្លួនបាត់ស្រមោលអស់។ ចំណែកជនរងគ្រោះ ក៏បានត្រឡប់មកយកម៉ូតូទៅវិញ ជួសជុលដោយខ្លួនឯង និងមិនបានប្តឹងផ្តល់អ្វីឡើយ ប៉ុន្តែបែរជាបោះពាក្យផ្តាំផ្ញើតាមរយៈអ្នកសារព័ត៌មាន ប្រាប់ទៅក្រុមបង្កហេតុវិញថា “ចាំទទួលវិញផង”៕