Friday, June 27, 2025
Homeសន្ដិសុខសង្គម៥ថ្ងៃ គយបង្ក្រាបឡានអត់ពន្ធបាន១០គ្រឿង

៥ថ្ងៃ គយបង្ក្រាបឡានអត់ពន្ធបាន១០គ្រឿង

ភ្នំពេញ ៖ ត្រឹមរយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើការបង្ក្រាបរថយន្តស៊េរីទំនើបអត់ពន្ធ បានចំនួន១០គ្រឿង នៅទូទាំងប្រទេស ដែលសុទ្ធសឹងតែជ្រកក្រោមស្លាកលេខក្លែងក្លាយ។

រថយន្តទំនើបគ្មានពន្ធទាំង ១០គ្រឿង ដែលត្រូវបានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើការបង្ក្រាបបាន រួមមាន ៖

១- រថយន្តម៉ាក Lexus RX350 ឆ្នាំ២០០៧ ចង្កូតឆ្វេង ពាក់ផ្លាកលេខក្លែងក្លាយ

២- រថយន្តម៉ាក Lexus RX450h ឆ្នាំ២០០៨ ចង្កូតឆ្វេងពាក់ផ្លាកលេខ ខ.ម

៣- រថយន្តម៉ាក Lexus RX300 ឆ្នាំ២០០២ ចង្កូតឆ្វេង ពាក់ផ្លាកលេខក្លែងក្លាយ

៤- រថយន្តម៉ាក LEXUS RX330 ចង្កូតឆ្វេង ព៌ណស ឆ្នាំម៉ូដែល ២០០៥ កម្លាំងសេស 3300cc

៥- រថយន្ត Lexus RX 350 ពណ៌ស ចង្កូតឆ្វេង ពាក់ផ្លាកលេខក្លែងក្លាយ

៦- រថយន្តម៉ាក Lexus LX460 ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល២០១២ ពាក់ផ្លាកលេខក្លែងក្លាយ

៧- រថយន្តម៉ាក Lexus LX570 ចង្កូតឆ្វេង ពណ៌ស ឆ្នាំម៉ូឌែល២០១៣ ពាក់ផ្លាកលេខក្លែងក្លាយ

៨- រថយន្តម៉ាក Toyota Tundra ចង្កូតឆ្វេង ពណ៌ខ្មៅ ឆ្នាំម៉ូឌែល ២០១៦

៩- រថយន្តម៉ាក TOYOTA LANDCRUISER ពណ៌ស ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១៥

១០- រថយន្តម៉ាក LEXUS NX300 ពណ៌ខ្មៅ ចង្កូតឆ្វេង ឆ្នាំម៉ូដែល ២០១៨

សូមជម្រាបថា ចាប់ពីខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុញ្ញាតឱ្យរថយន្តអត់ពន្ធចង្កួតឆ្វេង និងរថយន្តចង្កួតស្តាំ (កែចង្កួតរួច) អាចចូលបង់ពន្ធបាន ជាមួយការអនុគ្រោះពន្ធ-អាករ ១០ភាគរយ។ ក្នុងរយៈពេលអនុគ្រោះនេះ មានរថយន្តជាង ៥ពាន់គ្រឿង បានចូលមកបង់ពន្ធ ដោយទទួលបានទឹកប្រាក់ពន្ធ ជិត ៥០លានដុល្លារ។

លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្លាប់បានអំពាវនាវដល់ម្ចាស់រថយន្តគ្មានពន្ធ ជ្រកក្រោមស្លាកលេខផ្សេងៗ សូមចូលមកបង់ពន្ធឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែមិនទទួលបានការអនុគ្រោះ ១០ភាគរយដូចមុនឡើយ។

លោកមេគយ បញ្ជាក់ថា សម្រាប់រថយន្តចង្កូតឆ្វេង ម្ចាស់នៅតែអាចចូលមកបង់ពន្ធបានរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ប៉ុន្តែពុំទទួលបានការអនុគ្រោះពន្ធ ១០ភាគរយ ដូចមុនទៀតទេ។ សម្រាប់រថយន្តចង្កូតស្តាំ ម្ចាស់អាចមកតម្កល់ប្រាក់កក់ស្មើនឹងប្រាក់ពន្ធអាករ ១០ភាគរយ ហើយយករថយន្តរបស់ខ្លួន ទៅកែចង្កូតពីស្តាំមកឆ្វេង។ ឱសានវាទថ្ងៃបញ្ចប់យុទ្ធនាការប្រមូលពន្ធ និងអាករ លើរថយន្តមានស្រាប់ក្នុងប្រទេស និងជ្រកក្រោមផ្លាកលេខផ្សេងៗ គឺថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។

លោកបណ្ឌិត សង្កត់ធ្ងន់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ យានយន្តគ្មានពន្ធ ដែលបានបង្ក្រាប នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យ តាមលិខិតបទដ្ឋានជាធរមាន។ ចំពោះរថយន្តចង្កូតស្តាំ ដែលជាប្រភេទរថយន្តហាមឃាត់នាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះគ្រឿងបន្លាស់។ ជាមួយនេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយកម្លាំងសមត្ថកិច្ច ចុះបង្ក្រាបដូចភ្លៀងរលឹម ចំពោះរថយន្តអត់ពន្ធ ដែលចរាចរណ៍លើដងផ្លូវ៕

RELATED ARTICLES