ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែន កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ កម្លាំងការពារព្រំដែនខេត្តស្រះកែវ កងកម្លាំងបូរផា បង្កើនការរឹតបន្តឹងបញ្ហាការលួចចូលប្រទេសដោយខុសច្បាប់

និងការនាំទំនិញខុសច្បាប់គ្រប់ប្រភេទចេញ-ចូល បរិវេណបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយកម្លាំងទាហានប្រាណទី១២០៣ សហការជាមួយកម្លាំងទាហានអង្គភាពទី១១១ បានល្បាតនិងឃ្លាំមើលក្នុងភូមិសាស្ត្រទទួលខុសត្រូវ ប្រទះឃើញមនុស្សគួរឱ្យសង្ស័យ ដើរតាមច្រករបៀង សំដៅមកប្រទេសថៃ បរិវេណភូមិមើនសំបូរណ៍ ឃុំស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ចំនួន១២នាក់ ក្នុងនោះប្រុស២ ស្រី៥ ក្មេងប្រុស២នាក់និងក្មេងស្រី៣នាក់ ទើបសមត្ថកិច្ចចូលទៅតួតពិនិត្យជំហានដំបូង មិនឃើញមានឯកសារធ្វើដំណើរ និងស្នាក់នៅក្នុងប្រទេសថៃ។

សេចក្តីរាយការណ៍ថា ក្រោយពីសមត្ថកិច្ចថៃសាកសួរ ពួកគេបានសារភាពថា ធ្វើដំណើរមកពីខេត្តសៀមរាប ដើម្បីទៅធ្វើការនៅក្នុងស្រុកតាព្រះយ៉ា ខេត្តស្រះកែវ មិនមានមេខ្យល់នាំផ្លូវ ទើបសមត្ថកិច្ចថៃ ឃុំខ្លួននិងបណ្តេញឱ្យត្រឡប់ទៅប្រទេសវិញ។

ក្រោយមកទៀត កម្លាំងសមត្ថកិច្ចថៃ ខាងលើ នៅបានចាប់ឃុំពលករខ្មែរ ៤នាក់ទៀត ក្នុងនោះប្រុសម្នាក់ និងស្រី៣នាក់ ដែលដើរចូលមកប្រទេសថៃ តាមច្រករបៀងក្នុងភូមិទ័ពសៀម ឃុំស្រុកតាព្រះយ៉ា ខេត្តស្រះកែវ ដោយពួកគេខាងលើធ្វើដំណើរមកពីស្រុក វាត់ថៈណា ណៈខន ខេត្តស្រះកែវ ត្រូវការធ្វើដំណើរត្រឡប់ទៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ខណៈដូចគ្នានេះដែរ កម្លាំងទាហានប្រាណកងរយទី១២០២ កងកម្លាំងបូរផា បានចុះល្បាតក្នុងភូមិសាស្ត្រទទួលខុសត្រូវ ក៏បានចាប់ឃាត់ខ្លួនជនជាតិខ្មែរ កំពុងធ្វើដំណើរតាមច្រករបៀងសំដៅចូលមកប្រទេសថៃ ត្រង់បរិវេណភូមិមើនសំបូរណ៍ ឃុំស្រុកតាព្រះយ៉ា ខេត្តស្រះកែវចំនួន ៩នាក់ ក្នុងនោះប្រុស៥ ស្រី៣ និងក្មេងស្រីម្នាក់ បន្ទាប់ពី

សមត្ថកិច្ចថៃ សាកសួរជំហានដំបូង បានឱ្យដឹងថា មានភូមិលំនៅក្នុងស្រុកពួក ខេត្តសៀមរាប ចង់ធ្វើដំណើរទៅធ្វើការសំណង់នៅក្រុងបាងកក។

សេចក្តីរាយការណ៍ខាងលើ បញ្ជាក់ថា បន្ទាប់មកទៀត សមត្ថកិច្ចថៃ បានចាប់ឃាត់ខ្លួនពលករខ្មែរ ចំនួន ៦នាក់បន្ថែមទៀត ក្នុងនោះប្រុស៤ ស្រី ២នាក់ ដើរចូលមកប្រទេសថៃ តាមច្រករបៀង ក្នុងភូមិណង យ៉ាកែវ ឃុំស្រុកគោកឃ្យូង ខេត្តស្រះកែវ។ យ៉ាងណាក៏ដោយ សមត្ថកិច្ចថៃ បន្តចាប់ឃាត់ខ្លួនពលករខ្មែរ បានបន្ថែម ៧នាក់ទៀត ដែលដើរចូលប្រទេសថៃ តាមច្រករបៀងបរិវេណព្រៃល្បាស់ព្រំប្រទល់រវាងភូមិកែវពេជ្រផ្លយ-មើនសំបូរណ៍

ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ នៅពេលសមត្ថកិច្ចថៃសាកសួរ បានឱ្យដឹងថា ពលករខ្មែរទាំងនេះ ចង់ធ្វើដំណើរទៅធ្វើការនៅខេត្តរៈយ៉ង ឈុនបូរី ក្រោយសួរចម្លើយ ក៏បានបញ្ជូនទៅឱ្យជំនាញស្រុកតាព្រះយ៉ា ដើម្បីចាត់ការតាមនីតិវិធីបន្ត។
ករណីខាងលើ មិនទាន់ទទួលព័ត៌មានពីមន្ត្រីកុងសុលខ្មែរ ប្រចាំខេត្តស្រះកែវនៅឡើយ កាលពីម្សិលមិញ៕