ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ពី មូលហេតុនៃការឯកភាពជាមួយនាយករដ្ឋមន្ត្រី វៀតណាមស្នើទៅប្រធាននាធិបតីបារាំង ឱ្យ ផ្តល់អ្នកជំនាញមកជួយផ្ទេរ ផែនទីបោន ខ្នាត ១លើ១០០ពាន់ មកជាផែនទី UTM ខ្នាត១ លើ៥០ពាន់ ដើម្បីធានាភាពត្រឹមត្រូវឥតលម្អៀង ក្នុងការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។
បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាក់ថា សម្តេចបានឯកភាពជាមួយលោក នាយករដ្ឋមន្ត្រីវៀតណាម ធ្វើលិខិតរួមគ្នា ទៅ លោកប្រធានាធិបតីបារាំង ដើម្បីស្នើសុំអ្នកឯកទេសមកជួយផ្ទេរផែនទី ខ្នាត១លើ១០០ពាន់ មកខ្នាត១លើ៥០ពាន់ ហើយមជ្ឈដ្ឋានមួយចំនួន បានលើកឡើងថា ជាទង្វើមិនត្រឹមត្រូវ និងខុស រដ្ឋធម្មនុញ្ញជាដើម ព្រមទាំងមានអ្នកខ្លះមាន ចម្ងល់ពីបញ្ហានេះ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បាន សរសេរក្នុងទំព័រហ្វេសប៊ុករបស់សម្តេចឆ្លើយតប ទៅគណនីហ្វេសប៊ុកមួយ ដែលបាន Comment សួរថា “លោកអ៊ំ តើការប្តូរផែនទី១/១០០ពាន់ ទៅ១/៥០ពាន់ នឹងមានន័យដូចម្តេចដែរ លោក អ៊ំ? សង្ឃឹមថា លោកអ៊ំបានឃើញហើយ ជួយ ពន្យល់ផងលោកអ៊ំ ! សូមអរគុណ!” ដោយ សម្តេចបានបានសរសេរអធិប្បាយ (Comment) ថា “យើងប្រើផែនទីបោនខ្នាត១/១០០០០០នេះ ជាទីដើមដែលរដ្ឋធម្មនញ្ញ ទទួលស្គាល់។ ខ្នាត ១/១០០០០០ គឺលំបាករកចំណុច ដើម្បីបោះ បង្គោលព្រំដែន ព្រោះតែវាតូចពេក។ ដូចនេះ ត្រូវប្តូរមកផែនទី UTM ខ្នាត១/៥០០០០០ វិញ ទើបងាយស្រួលវាស់វែង និងរកចំណុច ដើម្បីបោះបង្គោលព្រំដែន។ ដើម្បីធានាភាព ត្រឹមត្រូវ ទើបភាគីកម្ពុជា និងភាគីវៀតណាម ឯកភាពគ្នាសរសេរលិខិតរួមគ្នា សុំជំនាញការ បារាំង មកជួយផ្ទេរផែនទីនេះ។ អ៊ំបានសុំប្រធានាធិបតីបារាំង គាត់យល់ព្រមហើយ តែតម្រូវ ឱ្យមានការស្នើដោយកម្ពុជា និងវៀតណាម រួម គ្នា ទើបបារាំងជូនមកបាន ដូចនេះទើបអ៊ំចរចា ជាមួយថ្នាក់ដឹកនាំវៀតណាម ធ្វើលិខិតរួមគ្នា ជូនទៅប្រធានាធិបតីបារាំង។ គោលដៅសំខាន់ គឺការផ្ទេរផែនទីនេះមិនឱ្យលម្អៀង ដើម្បីធានា ដល់ការបោះបង្គោលព្រំដែនឱ្យបានត្រឹមត្រូវ។ អ៊ំចង់ប្រាប់ក្មួយបន្ថែមលើបញ្ហាផែនទី បើផែនទី ខ្នាតកាន់តែធំ កាន់តែពិបាករកចំណុច ដូចនេះ ហើយបានខាងកងទ័ព គេផលិតផែនទីសម្រាប់ ថ្នាក់បញ្ជាការ តាមកម្រិត។ ថ្នាក់យោធភូមិភាគ ប្រើខ្នាត១/៥០០០០ ថ្នាក់កងពល ខ្នាត១/២៥ ០០០ រហូតមានប្រើខ្នាត១/១០០០០ ដើម្បី ងាយស្រួលរកចំណុចឈរជើងរបស់កងទ័ព ឬ វាយកាំភ្លើងធំ៘
សម្រាប់សុរិយោដី ដែលត្រូវធ្វើប្លង់ដី កាន់តែត្រូវការផែនទីខ្នាតធំ ដើម្បីចៀសវាង ចេញប្លងដីជាន់គ្នា នាំដល់ទំនាស់ព្រំដីរវាងគ្រួសារ មួយ ជាមួយគ្រួសារមួយទៀត។ អ្នកគូរប្លង់អគារ ឬផ្ទះ កាន់តែត្រូវការពង្រីកផែនទីឱ្យកាន់តែធំ ទើបពួកគាត់ងាយស្រួលនឹងអាចធ្វើបាន។ ការ ពន្យល់របស់អ៊ំ អាចក្មួយយល់ពីភាពហ្មត់ចត់លើ កិច្ចការព្រំដែន ជាមួយប្រទេសជិតខាង”។
គួររំលឹកថា ក្នុងជំនួបទ្វេភាគីនៅសណ្ឋាគារ អប្សរា ផាឡេស ខេត្តសៀមរាប កាលពីរសៀល ថ្ងៃទី២៣ ខែវិច្ចិកា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកង្វៀន សួនហ៊្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គម- និយមវៀតណាម បានពិភាក្សាគ្នាពីបញ្ហព្រំដែន ហើយក៏បានឯកភាពគ្នាថា នឹងធ្វើលិខតរួមគ្នា ស្នើទៅប្រធានាធិបតីបារាំង សុំឱ្យបញ្ជូនអ្នកឯក- ទេសបារាំង ចុះមកជួយធ្វើផែនទី គឺផ្ទេរពីផែនទីបោនខ្នាត១ លើ១០០ពាន់ មកផែនទី UTM ខ្នាត ១លើ៥០ពាន់វិញ ដើម្បីយកទៅប្រើប្រាស់ ក្នុងការបោះបង្គោលព្រំដែន។ សម្តេចនាយក-រដ្ឋមន្ត្រីហ៊ុន សែន បានប្រកាស នៅពេលនោះ ថា ពាក់ព៍ន្ធនឹងបញ្ហានេះ សម្រាប់ភាគីកម្ពុជា សម្តេចបានចាត់តាំងលោកឡុង វិសាលោ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិ- បត្តិការអន្តរជាតិ ធ្វើពង្រាងឯកសារជាមួយភាគី វៀតណាម ដើម្បីរៀបចំលិខិតស្នាមជាផ្លូវការ។
សម្រាប់មជ្ឈដ្ឋានតាមដានសង្គម អ្នកវិភាគ អ្នកសិក្សាស្រាវជ្រាវ សមាគម អង្គការសង្គម ស៊ីវិល អ្នកនយោបាយ បានធ្វើការកត់សម្គាល់ ចំពោះការឯកភាពគ្នារវាងនាយករដ្ឋមន្ត្រី នៃ ប្រទេសទាំង២ លើបញ្ហាផែនទីនេះ។ ប៉ុន្តែនៅ តែមានទស្សនៈ២ផ្ទុយគ្នា គឺខ្លះគាំទ្រ ខ្លះមិន គាំទ្រ។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និង ជាអតីតសមាជិកព្រឹទ្ធសភា ដែលបច្ចុប្បន្នជា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះ- ជាតិ លោកថាច់ សេដ្ឋា បានលើកឡើងថា លោក មិនគាំទ្រចំពោះការឯកភាពគ្នារឿងប្តូរផែនទីពី ខ្នាត១លើ១០០ពាន់ មកខ្នាតលើ១លើ៥០នេះ ទេ ព្រោះខុសនឹងរដ្ឋធម្មនុញ្ញ ហើយលោកគិត ថា បើធ្វើគួរតែធ្វើពីមុនមក មិនមែនទើបតែ ធ្វើក្នុងពេលនេះឡើយ។
ទោះយ៉ាងណា បណ្ឌិតវិទ្យាសាស្ត្រនយោ- បាយ និងជាប្រធានក្រុមស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិត្យសភា លោកសុខ ទូច បានយល់ ស្របចំពោះការផ្ទេរផែនទីខ្នាត១លើ១០០ពាន់ មក១លើ៥០ពាន់នោះ ដោយលោកបញ្ជាក់ដូច ប្រមុខរាជរដ្ឋាភិបាលដែរថា ផែនទីខ្នាត ១លើ ១០០ពាន់ មានលក្ខណៈតូចពេក បើលម្អៀង បន្តិច ឬតែមួយស.ម នឹងអស់១គីឡូដី។ ដូច្នេះ ត្រូវតែទម្លាក់មកខ្នាត១លើ៥០ពាន់ ដើម្បីងាយ- ស្រួលក្នុងការបោះបង្គោលព្រំដែន និងដើម្បីឱ្យ គ្រប់ភាគីដែលពាក់ព័ន្ធទទួលយកបានទាំងអស់ គ្នា៕