ភ្នំពេញ ៖ ស្ត្រីម្នាក់ បានអះអាងថា រូបនាងបានទិញផ្ទះ ១ល្វែង ក្នុងបុរីធូលន ពីបុរសជាមន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) មួយរូប អស់រយៈពេល ៣ឆ្នាំមកហើយ ស្រាប់តែនៅសុខៗ បែរជាលោកផ្កាយ២ ជាអតីតម្ចាស់ផ្ទះ


បានមកធ្វើសកម្មភាពកាត់សោផ្ទះរបស់នាងចោល ហើយចាក់សោថ្មី មិនឱ្យរូបនាងចូលមកនៅ ជាហេតុធ្វើឱ្យរូបនាងដែលជាម្ចាស់ផ្ទះស្របច្បាប់ កើតទុក្ខមិនសុខចិត្ត រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន ដើម្បីសុំកាត់សោចូលមកនៅវិញ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្ទះល្វែងក្នុងបុរីធូ លន ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីឈ្មោះឈុំ សុផា អាយុ៣៩ឆ្នាំ និងស្វាមីឈ្មោះសោម សុភ័ក្ត្រអាយុ៤០ឆ្នាំ បានរៀបរាប់ប្រាប់ថា រូបគាត់និងស្វាមី បានទិញផ្ទះពីលោកឧត្តមសេនីយ៍ទោ ជ័យ សារុន តម្លៃ ៦២០០០ដុល្លារ នៅក្នុងបុរីធូ លន ស្ថិតនៅភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រយៈពេល ៣ឆ្នាំមកហើយ ពោលគឺតាំងតែពីថ្ងៃ១០ ខែ៩ ឆ្នាំ២០១៩

មកម៉្លេះ ដោយមានការផ្ទេរកម្មសិទ្ធិ និងមានឯកសារគ្រប់គ្រាន់ និងទទួលស្គាល់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ តាំងពីថ្នាក់ភូមិ រហូតដល់ថ្នាក់ខណ្ឌ ដោយរូបគាត់ជាភាគីខាងម្ចាស់ផ្ទះថ្មី បានប្រគល់លុយគ្រប់ចំនួនឱ្យខាងភាគីលោកផ្កាយ២ រួចរាល់ផងដែរ។

ស្ត្រីជាម្ចាស់ផ្ទះ បានបន្តរៀបរាប់ថា ក្រោយពីទិញផ្ទះខាងលើហើយ រូបគាត់បានចូលមកស្នាក់នៅផ្ទះខាងលើនេះ បានរយៈពេលជាង១ឆ្នាំ រហូតដល់អំឡុងពេលផ្ទុះរាតត្បាតជំងឺកូវីដ-១៩ រូបគាត់និងក្រុមគ្រួសារ បានទៅរស់នៅផ្ទះម្តាយក្មេក នៅខេត្តកំពង់ស្ពឺ ហើយក៏បានជួលផ្ទះនេះទៅឱ្យជនជាតិចិន រយៈពេល៥ខែ រហូតដល់ថ្ងៃទី១៨ ខែកក្កដា

ឆ្នាំ២០២១ លោកផ្កាយ២ ជ័យ សារុន បាននាំបក្ខពួក ១ក្រុម ស្លៀកពាក់ឯកសណ្ឋានយោធា បាននាំគ្នាមកកាត់សោគាត់ចោល និងយកខោអាវនិងរូបថតមកដាក់តាំងក្នុងផ្ទះ ហើយចាក់សោពីខាងក្រៅ ដោយសំឡុតទារលុយពីគាត់ដែលជាម្ចាស់ផ្ទះថ្មី ចំនួន៥០០០ដុល្លារ ហើយដេញអ្នកជួលផ្ទះចេញ ហើយចាក់សោចេញទៅបាត់តែម្តង។

ស្ត្រីខាងលើ បានឱ្យដឹងទៀតថា ក្រោយមក រូបគាត់ជាម្ចាស់ផ្ទះថ្មី បានទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន សង្កាត់ចោមចៅទី២ ដើម្បីឱ្យជួយអន្តរាគមន៍ដល់ពួកគាត់ដែរ តែខាងលោកចៅសង្កាត់ចោមចៅទី២ មិនហ៊ានទទួល

ពាក្យបណ្តឹងទេ ដោយគាត់ខ្លាចអំណាចលោកផ្កាយ២ ក៏បានឱ្យ រូបគាត់ទៅប្តឹងនៅសាលាខណ្ឌពោធិ៍សែនជ័យ វិញទៅ។ ក្រោយពេលលោកអភិបាលរងខណ្ឌពោធិ៍សែនជ័យ បានទទួលពាក្យបណ្តឹងពីគាត់ដែលជាម្ចាស់ផ្ទះថ្មីរួចមក

ក៏បានកោះហៅភាគីទាំងសងខាង ឱ្យទៅជួបគ្នាដោះស្រាយតាមផ្លូវច្បាប់ តែខាងភាគីលោកផ្កាយ២ មិនបានទៅជួបតាមការណាត់របស់មន្ត្រីអាជ្ញាធរខណ្ឌនោះទេ តែបែរជាឱ្យរូបគាត់ដែលជាម្ចាស់ផ្ទះថ្មី ជួយរកប្រពន្ធឱ្យគាត់ឱ្យឃើញសិន ទើបគាត់ទៅចេញមុខដោះស្រាយឱ្យ។

ទោះជាយ៉ាងណា ក្រុមគ្រួសាររបស់ម្ចាស់ផ្ទះថ្មី បានពឹងពាក់លើប្រព័ន្ធផ្លូវច្បាប់ ដោយរូបគាត់ក៏បានដាក់ពាក្យបណ្តឹងនៅសាលាដំបូងរាជធានីភ្នំពេញ រួចរាល់ផងដែរ តែរយៈពេល ១ឆ្នាំ មកហើយ នៅតែមិនទាន់ឃើញមានចំណាត់ការជូនក្រុមគ្រួសារពួកគាត់។

ជុំវិញរឿងរ៉ាវខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីលោកផ្កាយ២ ជ័យ សារុន បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕