ខេត្តបាត់ដំបង ៖ នារីម្នាក់ តាំងពីធំពេញវ័យក្រមុំមក មានកំលោះតាមចោមស្នេហ៍រាប់មិនអស់ តែនាងហាក់គ្មាននិស្ស័យលើអ្នកណាម្នាក់សោះ លុះចុងក្រោយបែរជាលង់ចិត្តទៅលើបុរសពោះម៉ាយទៅវិញ បន្ទាប់ពីខាងប្រុសសម្តីផ្អែមលួងលោមសុំស្នេហ៍រហូតដល់ខាងស្រីទន់ចិត្ត លះបង់គ្មានស្តាយសូម្បីខ្លួនប្រាណ រហូតដល់ចាស់ទុំដឹងរឿងសម្រេចសែនព្រេនផ្តាច់ខ្មោចឱ្យយកគ្នាជាប្តីប្រពន្ធ រួមរស់នឹងគ្នារហូតមក។

នាងឆឹល ច្រឹប អាយុ២៦ឆ្នាំ រស់នៅភូមិទួលគគី ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី បានរៀបរាប់ប្រាប់ថា នាងជាកូនច្បងក្នុងចំណោមបងប្អូន ៥នាក់ និងមានស្រុកកំណើតនៅភូមិអន្លង់ត្រាច ឃុំរបស់មង្កល ស្រុកមោងឫស្សី។ កាលពីក្មេង នាងមិនបានចូលសាលារៀនសូត្រនឹងគេទេ ព្រោះត្រូវមើលថែប្អូន និងដើរស៊ីឈ្នួលគេជួយជ្រោងគ្រួសារ។ លុះធំ

ពេញក្រមុំ មានប្រុសកំលោះចង់បាននាងជាគូគ្រង រាប់មិនអស់ តែនាងគ្មាននិស្ស័យជាមួយអ្នកណាម្នាក់សោះ។ លុះចូលដល់ឆ្នាំ២០១៩ នាងក៏បានជួបបុរសឈ្មោះដៀត ដឿន នៅគ្រាដែលនាងទៅលេងនៅទំបន់ដូនទ្រី ស្រាប់តែ មិនបានប៉ុន្មានថ្ងៃផង បុរសនោះក៏តាមមកជួបនាងដល់ផ្ទះ កុហកនាង និងងម្តាយ ថាគាត់នៅកំលោះ មិនធ្លាប់ស្គាល់ជាតិស្នេហាឡើយ ទើបធ្វើឱ្យនាងបាក់លង់ទាំងចិត្ត ផុងទាំងប្រាណ រហូតដល់អង្ករក្លាយជាបាយ ក៏ត្រូវចាស់ទុំសែនព្រេនបង្គ្រប់កិច្ច ឱ្យយកគ្នាជាប្តីប្រពន្ធទៅ។

នាងឆឹល ច្រឹប បន្តថា លុះក្រោយពីរួមស្នេហ៍ផ្អែមល្ហែមដកចិត្តលែងរួច ទើបប្តីបានសារភាពប្រាប់នាងថា តាមពិតគាត់ជាពោះម៉ាយ ធ្លាប់មានប្រពន្ធម្តងរួចមកហើយ តែមិនហ៊ានប្រាប់នាងត្រង់ ខ្លាចនាងមិនស្ម័គ្រ។ ក្រោយពីដឹងថា ប្តីនេះជាពោះម៉ាយ នាងក៏មិនខ្វល់ខ្វាយ ខឹង សម្បាអ្វីដែរ ព្រោះគិតថា គាត់កុហកក៏ព្រោះតែស្រលាញ់នាង ខ្លាចមិនបាននាងជាប្រពន្ធដែរ ហេតុនេះក៏យោគយល់ លើកលែងទោសឱ្យប្តី ឈប់នឹកនាងរឿងកំលោះ
ពោះម៉ាយអីទៀត សំខាន់ឱ្យតែស្រលាញ់មើលថែគ្នា គឺគ្រប់គ្រាន់ហើយ ទើបធ្វើឱ្យនាងនិងប្តីរស់នៅប្រកបដោយ សុភមង្គលតាំងពីពេលនោះមក តែទាស់ត្រង់ម៉្យាង ទោះប្រឹងបែកញើសយ៉ាងណា ក៏នាងរកកូនម្នាក់ឱ្យប្តីមិនបានសោះ តែប្តីក៏មិនថាអ្វីដែរ គ្រាន់តែសព្វថ្ងៃប្តីហាក់សោះអង្គើយដាក់នាងខ្លះដែរ ប៉ុន្តែនាងនៅតែស្រលាញ់ប្តីគ្រប់ពេល។

ចំណែកលោកដៀន ដឿត អាយុ៣០ឆ្នាំ ត្រូវជាប្តីនាងឆឹល ច្រឹប បានរៀបរាប់ប្រាប់ថា លោកជាកូនពៅក្នុង ចំណោមបងប្អូន ៣នាក់ មានឪពុកម្តាយជាកសិករ ប្រកបរតែរបរស្រែចម្ការប៉ុណ្ណោះ ហេតុនេះទើបលោកមានឱកាសចូលសាលារៀនសូត្រ បានត្រឹមថ្នាក់ទី៤ ក៏ឈប់ រៀនវិញ ដើម្បីជួយការងារផ្ទះ និងឃ្វាលគោ សម្រាលបន្ទុកឪពុកម្តាយ។ លុះធំពេញវ័យកំលោះ លោកមិនដែលទាក់ទងស្នេហាជាមួយនឹងនារីណាម្នាក់ទេ រហូតដល់អាយុ២២ឆ្នាំ ក្រោយពីបងប្រុសរបស់លោកមានប្រពន្ធនៅខេត្តកំពត ក៏បានផ្គូផ្គងផ្សំផ្គុំលោកជាមួយនឹងនាងក្រមុំម្នាក់ ឈ្មោះមាន កែវ អាយុបងលោក ៣ឆ្នាំ ហើយលោកក៏បានយល់ព្រមចូលរោងការតាមប្រពៃណីទៅ។

លោកដៀន ដឿត បានរៀបរាប់ឱ្យដឹងទៀតថា ក្រោយពេលរៀបការរួច លោកបានរួមរស់ជាមួយប្រពន្ធយ៉ាងមានក្តីសុខ រហូតដល់ប្រពន្ធពោះធំ ៥ខែ ស្រាប់តែនាងចេះតែរអ៊ូរទាំមិនឈប់ ឱ្យតែលេចមុខលោកត្រឡប់មកពីធ្វើការងារវិញ ដឹងតែរករឿងមិនឈប់ នាងថាយក លោកជាប្តីទោះដល់ចាស់កោងខ្នង ក៏នៅតែក្រទ្រព្យ ល្ហេមល្ហាម រកសុភមង្គលមិនឃើញដូចគេទេ ហើយសូម្បីតែលោកដេកប៉ះជិត ក៏នាងមិនឱ្យក្បែរដែរ មិនដឹងជាជឿតាមសម្តីចាក់រុករបស់អ្នកណា ទើបសុខៗចេះតែរករឿងប្តីមិនដឹងមូលហេតុ រហូតដល់លោកទ្រាំលែងបាន ក៏វេចបង្វេចចុះចោលប្រពន្ធនេះបាត់ទៅ។
លោកដៀន ដឿត បានឱ្យដឹងថា រហូតចូលដល់ឆ្នាំ២០១៩ លោកបានទៅលេងនៅទំនប់ដូនទ្រី ហៅទំនប់បាក់ ក៏បានជួបចៃដន្យក្រមុំរូបស្រ់សម្នាក់ឈ្មោះឆឹល ច្រឹប អាយុប្អូនលោក ៤ឆ្នាំ រស់នៅឯភូមិអន្លង់ត្រាច ឃុំរបស់មង្កល ស្រុកមោងឫស្សី នៅថ្ងៃនោះ នាងកំពុងអង្គុយលើដុំថ្មបណ្តែតអារម្មណ៍តាមខ្សែទឹក លុះលោកឃើញភ្លាម ហាក់ចាប់ចិត្ត ក៏ព្យាយាមចូលទៅកៀកជិត សួរនាំ និយាយលេងពីនេះពីនោះ ធ្វើឱ្យទាក់ពាក្យសម្តីគ្នា សួរជីកឫសជីកគល់ដល់ស្ថានភាពគ្រួសារ និងផ្ទះសំបែង លុះបានដឹងផ្ទះរបស់ខាងស្រីនៅទីណាឱ្យប្រាកដហើយ ៣ថ្ងៃ ក្រោយមក លោកក៏បានទៅលេងដល់ផ្ទះរបស់នាង ព្រោះគ្រាន់តែបានជួបមុខគ្នាម្តង ធ្វើឱ្យលោកបាក់ចិត្តលង់ស្នេហ៍ជាមួយនាងដកមិនរួច ដេកក៏មិនលក់ ចង់តែជួបមុខ រហូតដល់ស្កាត់ទៅជួបនាងដល់ផ្ទះ។ កាលនោះ ម្តាយនាងប្រាប់ថា បើពិតជាស្រលាញ់កូនស្រីគាត់មែន ហើយបើនៅកំលោះ ឱ្យចាស់ទុំចូលស្តីដណ្តឹងតាមផ្លូវច្បាប់មក គាត់មិនថាអ្វីទេ ចំណែកសាមីខ្លួននាងឆឹល ច្រឹប ក៏លួចខ្សឹបប្រាប់លោកដែរថា ធ្លាប់មានប្រុសកំលោះគរគោក តាមសុំស្នេហ៍ និងចូលស្តីនាងដែរ តែនាងចេះតែប្រកែក ព្រោះគ្មាននិស្ស័យជាមួយសោះ ហើយបើបុរសពោះម៉ាយវិញ គឺនាងរឹតតែគេចឆ្ងាយហើយ។
លោកដៀន ដឿត បានបន្តទៀតថា ឮនាងនិយាយបែបនេះ លោកក៏គិតថា ប្រសិនបើលោកនិយាយប្រាប់ត្រង់ថា លោកគឺជាពោះម៉ាយ ធ្លាប់មានប្រពន្ធកូនម្តងរួចមកហើយ ខ្លាចនាងប្រកែកមិនព្រមទទួលស្នេហ៍ ហេតុនេះមានតែវិធី ១គត់ គឺដាច់ចិត្តកុហកនាងថា លោកជាប្រុសកំលោះបរិសុទ្ធស្អាតស្អំ មិនធាប់មានជាប់ជំពាក់ចិត្តជាមួយស្រីណាពីមុនមកឡើយ។ តាំងពីនោះមក នាងច្រឹប ក៏បាក់ទោរទន់បេះដូងមករកលោក ប្រគល់ទាំងបេះដូង ប្រគល់ទាំងប្រាណជូនលោកដោយគ្មានស្តាយស្រណោះ រហូតដល់បែករឿងដល់ចាស់ទុំទាំងសងខាង ក៏ផ្សំផ្គុំ សែនព្រេនឱ្យពួកលោកយកគ្នាជាប្តីប្រពន្ធទៅ។
លោកដៀន ដឿត បានឱ្យដឹងទៀតថា តាំងពីបាននាងក្រមុំច្រឹប ជាប្រពន្ធមក លោកតែផ្តល់សេចក្តីសុខយប់ព្រលប់ ឱ្យនាងមិនឱ្យខ្នើសចិត្តឡើយ រហូតដល់នាងឃើញនាងស្រលាញ់លោកបេះមិនចេញ ទើបលោកដាច់ចិត្តសារភាពប្រាប់នាងតាមត្រង់ថា តាមពិតរូបលោកគឺជា ពោះម៉ាយ ធ្លាប់មានប្រពន្ធម្តងរួចមកហើយយ តែក្រោយពីប្រពន្ធពោះធំបាន ៥ខែ ក៏ជួបរឿងប្រេះឆា បែកបាក់គ្នាវិញទៅ។ ចំណែកនាងច្រឹប ជាប្រពន្ធវិញ ទោះដឹងថា លោកធ្លាប់កុហកនាងក្តី ក៏មិនមានចិត្តខឹងសម្បាអ្វីនឹងលោកដែរ ហើយតាំងពីនោះមក ពួកលោកក៏រួមរស់ជាប្តីប្រពន្ធ យ៉ាងមានសុភមង្គល តែមកដល់ពេលនេះ ទោះបីលោកខំប្រឹងទាំងយប់ថ្ងៃយ៉ាងណា ក៏រកកូន ១គ្រាប់បន្តពូជមិនបានសោះ មិនដឹងជាយ៉ាងម៉េច ប្រហែលជាប្រពន្ធអារផងក៏មិនដឹង តែយ៉ាងណា ទោះអារ ឬមិនអារ ក៏លោកនៅតែស្ម័គ្រស្មោះប្រពន្ធនេះដល់ថ្ងៃស្លាប់៕