ខេត្តសៀមរាប ៖ យុវជនម្នាក់ ជិះម៉ូតូដឹកមិត្តស្រីរបស់ខ្លួនចំនួន២នាក់ សំដៅទៅស្រុកកំណើត ស្រាប់តែអកុសល ដោយសារការជិះវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដោយមិនប្រុងប្រយ័ត្ន ក៏ធ្វើឱ្យជ្រុលទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ១គ្រឿង បណ្តាលឱ្យភាគីម៉ូតូស្លាប់ទាំង ៣នាក់ រីឯភាគីរថយន្ត បានបាត់បង់ជីវិតអ្នកដំណើរចំនួន២នាក់ ខណៈដែលតៃកុងរថយន្ត បានចុះរត់គេចខ្លួនបាត់ស្រមោលភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៦ ចំណុចបង្គោលគីឡូម៉ែត្រលេខ៣៣៨-៣៣៩ ស្ថិតក្នុងភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក។

លោកទេព ពុំសែន អធិការនគរបាលស្រុកពួក បានបញ្ជាក់ប្រាប់ថា ភាគីររថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2A-9816 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់) មានដឹកមនុស្ស ២២នាក់ (ស្រី១៧នាក់) បើកបរក្នុង ទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏




បានបុកម៉ូតូ ១គ្រឿង ម៉ាក Zoomer-X ពណ៌ទឹកក្រូច ពាក់ស្លាកលេខ សៀមរាប 1X-3689 បើកបរដោយឈ្មោះអេង ជើត ភេទប្រុស អាយុ២១ឆ្នាំ មានលំនៅភូមិចារក្រោម ឃុំប្រាសាទ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ

(ពាក់មួកសុវត្ថិភាព) ដឹកមនុស្ស២នាក់ ១-ឈ្មោះឡាន ស្រីលឹម ភេទស្រី អាយុ២១ឆ្នាំ (អត់មួក) និង២-ឈ្មោះឡាន ស្រីលួម ភេទស្រី អាយុ១៨ឆ្នាំ (អត់មួក) អ្នកទាំងពីរមានលំនៅភូមិត្រពាំងវែង សង្កាត់ក្របីរៀល ក្រុងសៀមរាប បើកបរទិសដៅពីលិចទៅកើត។ ស្លាប់ទាំង ៣នាក់ភាគីខាងជិះម៉ូតូ (ទាំងអ្នកបើកម៉ូតូនិងអ្នករួមដំណើរ)។

ចំណែកខាងរថយន្ត ១-ឈ្មោះនួ ភីរុន ភេទប្រុស អាយុ៥០ឆ្នាំ ២-ឈ្មោះភីរម្យ វត្តី ភេទស្រី អាយុ៦ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង (ជាអ្នករួមដំណើរក្នុងរថយន្ត) ស្លាប់ទាំង២នាក់។ អ្នករបួសស្រាលចំនួន

២នាក់ ១-ឈ្មោះលួង ឌីណា ភេទស្រី អាយុ៤៩ឆ្នាំ នៅភូមិរាំងក្រោល ឃុំរាំងកែសី ស្រុកសង្កែ ខេត្តបាត់ដំបង និង២-ឈ្មោះវង្ស យ៉ារឹទ្ធ ភេទស្រី អាយុ៤២ឆ្នាំ មានលំនៅ ភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។

លោកអធិការ បញ្ជាក់ថា ករណីនេះ ខូចខាតម៉ូតូ ១គ្រឿងធ្ងន់ និងរថយន្ត ១គ្រឿងធ្ងន់។ ចំណែកមូលហេតុ ដោយសារភាគីម៉ូតូ បើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានសហការជាមួយប៉ុស្ត៍រដ្ឋបាលសសរស្តម្ភ ចុះទៅវាស់វែងនិងប្រគល់សាកសពជនរងគ្រោះ ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក វត្ថុតាង ត្រូវបានយកមករក្សាទុកនៅអង្គភាពដើម្បីចាត់ការតាមនីតិវិធី៕