Thursday, October 24, 2024
Homeតារាខ្មែរមាស សុខសោភា ៖​​ផ្អិបកើបលុយខាងប្ដី

មាស សុខសោភា ៖​​ផ្អិបកើបលុយខាងប្ដី

ភ្នំពេញ៖មុនផ្ទុះកូវីដមាស សុខសោភា តែងតែចេញទៅរកលុយនៅក្រៅស្រុកយ៉ាង​ហោច​ណា​ស់​​១ឆ្នាំ​ម្ដងដែរ ដែលភាគច្រើននាងចេញទៅច្រៀងសម្ដែងនៅ​កាណាដាទឹកដីខាងស្វាមី​ទើប​បង្ហួសទៅប្រទេសជិតខាង រហូត​មានឆ្នាំខ្លះនាងបាត់មុខពីក្នុងស្រុកជិត២ឆ្នាំ​ក៍មានដែរ។ប៉ុន្ដែ​តាំង​ពីចូលរាម រយៈពេលជាង១ឆ្នាំនេះសុខសោភា មិនទាន់ចេញទៅច្រៀងសម្ដែងនៅក្រៅ​ស្រុក​ដូចមុនទៀតឡើយ ខណៈដែលតំណើរកម្សាន្ដជាលក្ខណៈ​ឯក​ជន​ជាមួយប្ដី​នៅប៉ែកអ៊ឺរ៉ុប​ដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀតនោះក៍គ្មានដូចមុនទៀតដែរ ព្រោះថា​ពេ​ល​​នេះ​នាងបង្កើតមុខរបរផ្ទាល់ខ្លួនក្លាយទៅជាថៅកែស្រីហាង​ដល់ទៅ២ផ្សេងគ្នានិងកំពុង​រកស៊ី​ធំជាមួយថៅកែ​រាម ផ្នែកអចលនទ្រព្យទៀតទើបធ្វើឲ្យសោភា មិនសូវចាប់អារម្មណ៍ក្នុងការ​ចេញ​ទៅច្រៀង​សម្ដែងនៅក្រៅប្រ​ទេ​សទៀតឡើយ។ប៉ុន្ដែអំឡុងពេលដែលសោភា មិនទាន់​ចេញទៅច្រៀងសម្ដែងក្រៅស្រុក​ដូចមុននេះតារា​លំ​ដាប់​ជូរមុខផ្សេងៗទៀតដូចជាឱក សុគន្ធ​កញ្ញា,ពេជ្រ សោភា ,សុគន្ធ និសា និងសួស វីសា ជាដើម ក៍សម្ងំកើប​លុយ​នៅក្នុងស្រុកដែរ ដែលការមិនទាន់ចង់ចេញទៅបរទេសនេះ​គឺដោយសារតែពួកគេសម្អាង​ថាកូវីដមិន​ទាន់​ស្ងាត់​ទាំងស្រុង និងមិនចង់ឃ្លាតឆ្ងាយពីក្រុមគ្រួសារ។

ចំពោះមាស សុខសោភា វិញធ្លាប់មានព័ត​មាន​​ថានាងចង់​ទៅ​រស់នៅប្រទេសកាណាដាដែល​ជាទឹកដីខាងប្ដីម្ដង​ទៅហើយ ប៉ុន្ដែក្រោយ​មកនាង​បានផ្លាស់ប្ដូរជំហនេះវិញ ព្រោះ​ថាសកម្មភាពសិល្បៈរបស់នាងនៅក្នុងស្រុក​នៅ​តែ​មាន​ការគាំទ្រ ទើបនាងមិនដាច់ចិត្តបោះ​បង់អាជីពចាស់​។អ្វីដែលគូរឲ្យកត់សម្គាល់សោភា ធ្វើឲ្យគូស្នេហ៍របស់​នាង​លោកអ៊ឹត រ៉ាដា ដែលមានជំនាញជាគ្រូ​ពេទ្យនោះ​បាន​តាមនាងមករស់​នៅស្រុកខ្មែរដោយបោះបង់​អាជីព​ចាស់​​បន្ទាប់ពីអ្នកទាំងពីរបានរៀបការជាមួយគ្នា​បែបលាក់​លៀមកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០០៩ ។តារារួមអាជីព​បានបង្ហើបឲ្យដឹងថាសម្រាប់​ទីផ្សារនៅ​ក្រៅស្រុកមាស សុខ​សោភា មានការគាំទ្រច្រើនជាងឱក សុគន្ធកញ្ញា ដាច់ ព្រោះនាងអាច​ច្រៀង​បទ​ចម្រៀងពីដើមៗបានពិរោះ ហេតុ​នេះហើយម្ចាស់Sponsors  រូបណាក៍ពេញចិត្ត​នាង​ដែរ រហូតពួកគេយល់ព្រមល័ក្ខខណ្ឌរបស់សោភា តាមរយៈការ​ច្រៀងសម្ដែងបានប្រាក់ចំ​ណូ​ល​ប៉ុន្មានចែក​គ្នាជា២​ទៀត​ផង ហេតុនេះហើយគេជឿរថានៅ​ពេលដែលស្ថានភាព​កូវីដ កាន់តែ​ថមថយ សោភា នឹងនៅតែមិនចោល​ទីផ្សាររកលុយក្រៅស្រុកនោះទេ បើទោះជាពេលនេះ​នាង​​​​មាន​មុខជំនួញផ្ទាល់ខ្លួន និងកាន់តែលូកដៃ​ជ្រៅក្នុងការ​រក​ស៊ីធំជាមួយថៅកែរាម ក្ដី។

 មាស សុខសោភា ស្ថិតក្នុងចំណោមតារាដែលយកប្ដីបុរសខ្មែរ​កាណាដាមានដូចជា​អ្នក​នាងសៀម ស្រីណុច ,រស់ ម៉ូនីកា និងម៉ុក អានីត ជាដើម ខណៈដែលអ្នកនាងឡាយ លក្ខិណា វិញមានដំណឹងថាកំពុងតែពិសោធន៍​ស្នេហ៍​ជាមួយបុរសម្នាក់នៅទីនោះ។អ្វីដែលគូរឲ្យកត់សម្គាល់ក្រោយសោភា ចាប់ដៃជាមួយលោករ៉ាដា រយៈ​ពេល១៥ឆ្នាំ​មកនេះនាងតែងតែ​ចេញមុខ​សរសើរស្វាមីរៀងរាល់ការប្រារពខួបស្នេហ៍ដោយថាលោករ៉ាដា ហ៊ានលះបង់អ្វីៗ​គ្រប់​​បែប​យ៉ាង​​​ទាំង​អស់ដើម្បីនាង។ការមានមោទនភាពក្នុងការយកប្ដីត្រូវនេះធ្វើឲ្យសុខសោភា មិន​ដែល​ចាប់​អារម្មណ៍ទៅលើបុរសណាផ្សេងឡើយតាំងពីមុនពួកគេរៀបការម្លេះ ព្រោះតាមព័ត​មានថាតារារាម រូបនេះមាន​ជម្រើសស្នេហ៍ច្រើន តែនាងបែជាពេញចិត្តនិងព្រមប្រគល់បេះ​ដូងទៅឲ្យលោកគ្រូពេទ្យរ៉ាដា តែម្នាក់គត់​ដែល​តាំង​ពីចាប់ដៃគ្នាមកសោភា និងប្ដីសល់ទ្រព្យ​ច្រើនរស់នៅផ្ទះវីឡារយ៉ាងប្រណិត និងជិះរថយន្ដថ្លៃៗ​រហូតមកដល់​ពេលនេះពួកគេឈាន​ទៅ​ធ្វើជំនួញធំទៀតផង។

  មាស សុខសោភា មិនទាន់មានបទចម្រៀងណាផ្ទុះខ្លាំងដូចមុននោះទេ តាំងពីនាងដើរ​ចេញពីថោន រហូតមក​ដល់​ពេលនេះ បើទោះជាបទចម្រៀងរបស់នាងបានចេញជាបន្ដ​បន្ទាប់​និងមានការសម្រិតសម្រាំង​ជាពិសេស​រាល់ការថតMV ក្ដី។យ៉ាងណាសោភា អាចនឹងបន្ដ​ច្រៀ​ង​សម្ដែង​នៅរាម ជាច្រើនឆ្នាំតទៅទៀត ព្រោះថាពេលនេះ​ថៅកែស្រីមិនព្រលែងនាង​ឲ្យទៅ​ផលិត​កម្មផ្សេងនោះទេ ខណៈដែលពេជ្រ សោភា កំពុងចាប់ដៃរកស៊ីធំជា​មួយ​ថៅ​កែ​ពេជ្រមួយ ហេតុនេះហើយដើម្បីទប់ទល់លើតារាហង្សមាសគឺមានតែសុខសោភា នេះឯងក្នុងការរក្សារលំ​នឹង​អាជីវកម្មថៅកែរាម ៕

RELATED ARTICLES