Thursday, June 26, 2025
Homeសន្ដិសុខសង្គមនាំស្រីស្នេហ៍ទៅស៊ីមីឆា សង្សារចាស់កាប់១ដាវ

នាំស្រីស្នេហ៍ទៅស៊ីមីឆា សង្សារចាស់កាប់១ដាវ

ខេត្តកណ្តាល ៖ យុវជនម្នាក់ បានជិះម៉ូតូទៅទទួលនារីកំណាន់ចិត្តរបស់ខ្លួន ទៅដើរលេងពេលយប់ រួចក៏ឆៀងចូលហូបមីឆា បន្ទាប់មកក៏ដឹកត្រឡប់មកវិញ ស្រាប់តែត្រូវអតីតសង្សាររបស់នាងឃើញ ផ្ទុះភ្លើងប្រចណ្ឌ ក៏ទាញដាវមកកាប់ប្រហារ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកជនដៃដល់ បានព្យាយាមរត់គេចខ្លួនបាន ១យប់ ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ នាំយកមកចាត់ការតាមច្បាប់។

ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង៥០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង។

យុវជនរងគ្រោះដែលត្រូវជនដៃដល់កាប់ ១ដាវ បណ្តាលឱ្យរងរបួស មានឈ្មោះម៉ៅ ភារៈ អាយុ ២៥ឆ្នាំ មុខរបរជាងសំណង់ មានលំនៅ ភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង។ ចំណែកជនសង្ស័យ មានគ្នា ២នាក់ រួមមាន ទី១-ឈ្មោះវី ម៉េងហ៊ង មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង (ឃាត់ខ្លួន) និងទី២-ឈ្មោះឆៃ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង (គេចខ្លួន)។ រីឯវត្ថុតាងចាប់យក ម៉ូតូ ១គ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ស គ្មានស្លាកលេខ  ដែកពន្លូតចំនួន១ មានប្រវែង ៦៥សង់ទីម៉ែត្រ ទំហំប៉ុនមេជើង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះ បានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន មកដឹកឈ្មោះវ៉ាន់ ស្រីរ័ត្ន ជាស្រីកំណាន់ចិត្តរបស់ខ្លួន និងជាអ្នករត់តុនៅអាហារដ្ឋានសែនសុខ៩៦៩ ស្ថិតនៅក្នុងភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ដើម្បីមកដើរលេង និងញ៉ាំមីឆា។

របាយការណ៍ដដែល បន្តថា លុះពេលញ៉ាំមីឆារួចហើយ ជនរងគ្រោះក៏បានបើកម៉ូតូដឹកឈ្មោះវ៉ាន់ ស្រីរត្ន័ មកហាងវិញ ស្រាប់តែពេលមកដល់ ក៏បានជួបជនសង្ស័យឈ្មោះវី ម៉េងហ៊ង និងឈ្មោះឆៃ ដែលធ្លាប់ទំនាក់ទំនងស្នេហាជាមួយឈ្មោះវ៉ាន់ ស្រីរ័ត្ន ដែរ។ ខណៈនោះឈ្មោះវី ម៉េងហ៊ាង ក៏បានទាញដាវមកកាប់ទៅលើជនរងគ្រោះ ចំនួន១ដាវ បណ្តាលឱ្យរបួស ពេលធ្វើសកម្មរួចហើយ ឈ្មោះឆៃ ជាអ្នកបើកម៉ូតូដឹកឈ្មោះវី ម៉េងហ៊ង គេចខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

លុះមកដល់វេលាម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកគយ សហការជាមួយប្រជាការពារឃុំ បានឃាត់ខ្លួនជនសង្ស័យឈ្មោះវី ម៉េងហ៊ង នៅចំណុចភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង នាំយកមកប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង បញ្ផូនទៅចាត់ការបន្ត តាមនីតិវិធី៕

RELATED ARTICLES