ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់ ក្រោយពេលផឹកស្រាស្រវឹងជោក បានរករឿងឈ្លោះប្រកែក ជេរប្រមាថប្រពន្ធយ៉ាងចាស់ដៃ រហូតដល់ទាញកាំបិតដេញកាប់សម្លាប់ប្រពន្ធទាំងកំរោលទៀតផង ធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំមិនបាន ក៏ប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួនយកទៅសាកសួរ លុះសមត្ថកិច្ចចាប់ប្តីយកទៅដល់ប៉ុស្តិ៍ ស្រាប់តែស្ត្រីជាប្រពន្ធមានចិត្តអាណិតប្តី ក៏សុំសមត្ថកិច្ចត្រឹមដោះលែងវិញ ដោយគ្រាន់តែជួយធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យប្តីកែប្រែខ្លួនវិញបានហើយ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។
ជនបង្កហេតុជាប្តីដែលជេរប្រមាថ និងទាញកាំបិតដេញកាប់សម្លាប់ប្រពន្ធ រហូតត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះឡុញ ទឿម អាយុ៤១ឆ្នាំ មុខរបរកសិករ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះកេន សារ៉ាន់ អាយុ៤០ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះកេន សារ៉ាន់ ត្រូវជាប្រពន្ធ បានប្តឹងទៅលើប្តីរបស់ខ្លួនឈ្មោះឡុញ ទឿម ថាបានជេរប្រមាថ និងយកកាំបិតមកគំរាមកាប់សម្លាប់ទៅលើខ្លួន កាលពីវេលាម៉ោង ៥និង៣៥នាទីល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២។

ក្រោយពីទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានសហការជាមួយកម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យ ដឹកនាំដោយលោកអនុសេនីយ៍ទោ មិត្ត ច័ន្ទសារី នាយរងប៉ុស្តិ៍នគរបាលរដ្ឋផ្ទះរុង បានចុះទៅដល់កន្លែងកើតហេតុ ត្រួតពិនិត្យនិងស្រាវជ្រាវសួរនាំ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះឡុញ ទឿម និងដកហូតវត្ថុតាង កាំបិត១ រួចបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង ដើម្បីសាកសួរតាមនីតិវិធី។
តាមរបាយការណ៍បានឱ្យដឹងទៀតថា មូលហេតុដែលជនសង្ស័យប្រើអំពើហិង្សាទៅលើប្រពន្ធរបស់ខ្លួន គឺដោយសារស្រវឹងស្រា។
យ៉ាងណា ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីទៅដល់ប៉ុស្តិ៍ ស្រាប់តែស្ត្រីជាប្រពន្ធមានចិត្តអាណិតប្តី ក៏សម្រេចមិនប្តឹងផ្តល់អ្វីនោះទេ និងសុំឲ្យដោះលែងវិញ ដោយគ្រាន់តែសំណូមពរឱ្យសមត្ថកិច្ចជួយធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់អំពើហិង្សាបែបនេះតទៅទៀតបានហើយ។
ក្រោយពីការអប់រំរួច ស្ត្រីជាប្រពន្ធនិងក្រុមគ្រួសារសាច់ញាតិ បានធ្វើលិខិតធានាយកបុរសជាប្តី ត្រឡប់ទៅផ្ទះវិញបាត់ទៅ៕