Thursday, June 26, 2025
Homeសន្ដិសុខសង្គមចេញពីក្លឹប ដកកាំភ្លើងបាញ់លេង ជាប់ខ្នោះ៦នាក់

ចេញពីក្លឹប ដកកាំភ្លើងបាញ់លេង ជាប់ខ្នោះ៦នាក់

ភ្នំពេញ ៖ មនុស្សប្រុសស្រី ១ក្រុម ជិះរថយន្តទំនើប ១គ្រឿង ចូលទៅផឹកស៊ីរាំលេងនៅក្នុងក្លឹបរាត្រី ១កន្លែង លុះចេញមកវិញ មិនដឹងថាមួម៉ៅក្តៅចិត្តពីរឿងអ្វី ក៏ដកកាំភ្លើងបាញ់មេឃលេង អស់ប្រមាណ៥-៦គ្រាប់ រួចក៏បើករថយន្តចាកចេញពីកន្លែងកើតហេតុបាត់ទៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច បានត្រឹមចុះសួរនាំ រើសសំបកការ៍ទូសប៉ុណ្ណោះ លុះស្អែកឡើង ស្រាប់តែលេចមុខក្រុមមនុស្សប្រុសស្រីទាំនោះ ត្រឡប់មកផឹកស៊ីក្នុងក្លឹបម្តងទៀត ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនចំនួន ៦នាក់ (ប្រុស២ ស្រី៤) នាំយកទៅសាកសួរតាមនីតិវិធី។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌសែនសុខ បានបើកប្រតិបត្តិការឃាត់ជនសង្ស័យ ១ក្រុម ដែលសង្ស័យករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅមុខក្លឹបកម្សាន្ត DOT នាំខ្លួនមកកាន់អធិកាដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ ។

ប្រភពដដែល បន្តថា ប្រតិបត្តិការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចក្នុងក្លឹបកម្សាន្ត យីហោ DOT ស្ថិតនៅតាមផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ប្រភពខាងលើ បញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ តែនៅក្នុងរថយន្តជនសង្ស័យមានកាតសម្គាល់ខ្លួនដែលមានឈ្មោះសុខ បានអឺន ឋានន្តរស័ក្តិ ពលបាលត្រី កងឯកភាពកងពលតូចលេខ ៧០ និងប័ណ្ណសម្គាល់អាវុធខ្លីសមូលភាព ម៉ាក BERETTA លេខ PZ 21162 ទៀតផង ហើយក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថា តើជាករណីអ្វីឲ្យប្រាកដនៅឡើយទេ។

ដោយឡែក យោងតាមប្រភពព័ត៌មានបឋមពីទីតាំងកន្លែងកើតហេតុ បានបង្ហើបប្រាប់ថា មុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ មានក្រុមជនសង្ស័យប្រុសស្រីមួយក្រុម បានចូលទៅផឹកស៊ី និងរាំលេងកម្សាន្តនៅក្នុងក្លឹបកើតហេតុខាងលើ លុះពេលស្រវឹងរៀងៗខ្លួន ក៏ចេញមកក្រៅវិញ ហើយមិនដឹងថាក្រុមជនសង្ស័យនោះ

មានរឿងអ្វីនៅក្នុងក្លឹបនោះទេ ស្រាប់តែពេលដើរមកដល់រថយន្តខ្លួន ម៉ាក Landcruiser ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2BC-9328 ក៏បានដកកាំភ្លើងខ្លី មិនចាំម៉ាក បាញ់មេឃជាច្រើនគ្រាប់ (ប្រមាណពី៥ទៅ៦គ្រាប់) បង្កឱ្យមានការភ្ញាក់ផ្អើល និងមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុគ្រប់ៗគ្នា។

ប្រភពដដែល បន្តថា បន្ទាប់ពីបង្កហេតុរួច ជនសង្ស័យបានបើករថយន្តគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលតែម្តង។ ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌសែនសុខ បានចុះមកទីតាំងខាងលើ ដើម្បីធ្វើការត្រួតពិនិត្យ និងកំណត់អត្តសញ្ញាណតាម នីតិវិធីជំនាញ រួចក៏ត្រឡប់ទៅវិញអស់ទៅ។

ស្រាប់តែមកដល់យប់កើតហេតុ គឺនៅវេលាម៉ោង ៣និង៣០នាទីរំលងអធ្រាត្រ ឈានថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រុមជនបង្កហេតុខាងលើ ដែលមានប្រុសមានស្រី បានត្រឡប់មកផឹកស៊ីក្នុងក្លឹបកើតហេតុខាងលើជាថ្មីម្តងទៀត ទើបត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សប្រុស ចំនួន២នាក់ និងស្រី ចំនួន៤នាក់ នាំខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES