Thursday, June 26, 2025
Homeសន្ដិសុខសង្គមជិះម៉ូតូកង់បី ឱ្យលុយអត់គ្រប់ ដកកាំភ្លើងបាញ់

ជិះម៉ូតូកង់បី ឱ្យលុយអត់គ្រប់ ដកកាំភ្លើងបាញ់

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ បានដឹកភ្ញៀវប្រុសស្រី ៣នាក់ ទៅជាច្រើនកន្លែង តាមការបញ្ជា លុះដល់គិតលុយអស់ ៦ម៉ឺនរៀល ស្រាប់តែភ្ញៀវមិនចង់ឱ្យលុយ ដោយឱ្យតែ ៤ម៉ឺនរៀល លុះក្រោយពីកើតមានការប្រកែកពាក្យសម្តីនឹងគ្នាបន្តិចបន្តួច ស្រាប់តែលេចមុខបុរសម្នាក់ ដែលជាបក្ខពួករបស់ភ្ញៀវខាងលើ បានដកកាំភ្លើងបាញ់សំដៅអ្នករត់ម៉ូតូកង់បី តែសំណាងល្អ មិនត្រូវ ទើបធ្វើឱ្យកើតមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច ចុះអន្តរាគមន៍ ចាប់ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន ៤នាក់ ជាបន្តបន្ទាប់ នាំយកទៅសាកសួរ។

ហេតុការណ៍ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខការ៉ាស់រថយន្តមួយកន្លែង តាមបណ្តោយផ្លូវលេខ២៨៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក។

តាមការរៀបរាប់ពីជនរងគ្រោះជាអ្នករត់ម៉ូតូកង់បី បានឱ្យដឹងថា មុនកើតហេតុ រូបគាត់បានដឹកភ្ញៀវបរទេស (ចិន) ប្រុសស្រីចំនួន ៣នាក់ ចេញពីកន្លែងកើតហេតុខាងលើ ដោយភ្ញៀវបានប្រាប់ថា ឱ្យដឹកទៅផ្សារអូរឫស្សី រួច

ក៏ដឹកបន្តទៅផ្សារដេប៉ូ ហើយបានដឹកទៅម្តុំក្រាំងធ្នង់ បន្តទៀត ដោយគាត់បានប្រាប់ភ្ញៀវថា តម្លៃ ៦ម៉ឺនរៀល ព្រោះដឹកទៅដឹកមក ហើយចាំយូរ។ លុះដឹកភ្ញៀវមកដល់ចំណុចកើតហេតុវិញ ភ្ញៀវឱ្យតែ ៤ម៉ឺនរៀល តែគាត់សុំថែម

២ម៉ឺនរៀលទៀត ដោយប្រាប់ភ្ញៀវថា ដឹកទៅច្រើនកន្លែង និងចាំយូរ តែភ្ញៀវមិនព្រម គឺឱ្យតែ ៤ម៉ឺនរៀលប៉ុណ្ណោះ ពេលនោះស្រាប់តែលេចមុខខ្មាន់កាំភ្លើងជាបុរសជនជាតិបរទេសម្នាក់ បានស្រែកប្រាប់ភ្ញៀវដែលជាបក្ខពួករបស់

ខ្លួនឱ្យឡើងជិះរថយន្តហាយឡែនដឺរ ១គ្រឿង មិនចាំស្លាកលេខ ដោយប្រាប់បក្ខពួកខ្លួនថា មិនចាំបាច់ឱ្យលុយថែមទៀតទេ ឱ្យតែ ៤ម៉ឺនរៀលហ្នឹងបានហើយ តែរូបគាត់ជាអ្នករត់កង់បី មិនសុខចិត្ត ក៏មានការទាស់ពាក្យសម្តីគ្នាបន្តិចបន្តួចជាមួយខ្មាន់កាំភ្លើងនោះ ស្រាប់តែខាងខ្មាន់កាំភ្លើងបម្រុងបើករថយន្តដេញបុក និងបង្កហិង្សា ធ្វើឱ្យរូបគាត់បើកម៉ូតូកង់បីចេញពីកន្លែងកើតហេតុ រួចក៏បានហៅគ្នីគ្នាមកកន្លែងកើតហេតុវិញ ស្រាប់តែខ្មាន់កាំភ្លើងរូបនោះ បានដកកាំភ្លើងខ្លី បាញ់ប្រហារមកលើរូបគាត់ ១គ្រាប់ តែសំណាងល្អ មិនត្រូវ រួចខ្មាន់កាំភ្លើងក៏ផ្លោះរបងចូលទៅក្នុងការ៉ាស់រថយន្តនោះបាត់ទៅ ដោយបន្សល់ទុកស្រោមកាំភ្លើងខ្លី នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌទួលគោក បានចុះមកធ្វើអន្តរាគមន៍ និងធ្វើការឃាត់ខ្លួនស្ត្រីជនជាតិខ្មែរម្នាក់ យកទៅសាកសួរ និងធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសជនជាតិបរទេសចំនួន ៣នាក់បន្ថែមទៀត ជាបន្តបន្ទាប់ រួចបញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី១ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES