ខេត្តកោះកុង ៖ បុរសម្នាក់ ឆ្លៀតពេលដែលប្រពន្ធរបស់ខ្លួនមិននៅផ្ទះ បានធ្វើសកម្មភាពចាប់រំលោភកូនស្រី វ័យ១៤ឆ្នាំ បានសម្រេចជាលើកច្រើនសា លុះប្រពន្ធតាមទាន់ ក៏គំរាមសម្លាប់ទាំងប្រពន្ធ និងកូនស្រី ចោលផ្តាច់ពូជ ធ្វើឱ្យស្ត្រីជាប្រពន្ធទ្រាំលែងបាន ក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្តីចុងល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីឪពុកចុងចាប់រំលោភកូនស្រីនេះ បានកើតឡើងមួយរយៈមកហើយ នៅចំណុចភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ប៉ុន្តែរឿងរ៉ាវទើបនឹងបែកធ្លាយ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ក្រោយពីស្ត្រីជាប្រពន្ធជនសង្ស័យ និងត្រូវជាម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងឈានដល់ការចាប់ខ្លួនជនសង្ស័យភ្លាមៗ។

ជនសង្ស័យជាឪពុកចុងល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះលិន ចាន់ណា អាយុ៤១ឆ្នាំ មុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ខ.រ.ណ អាយុ១៤ឆ្នាំ មុខរបរនៅផ្ទះ។ ក្រុមគ្រួសារមួយនេះ មានលំនៅក្នុងភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ ផ្នែកជំនាញបានទទួលពាក្យបណ្តឹងពីឈ្មោះ គង់ មុំ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ មានលំនៅបច្ចុប្បន្ន ភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល បានប្តឹងឈ្មោះលិន ចាន់ណា ត្រូវជាប្តីចុង ថាបានចាប់រំលោភលើកូនស្រីរបស់គាត់ ឈ្មោះ ខ.រ.ណ ដែលទើបនឹងមានអាយុ ១៤ឆ្នាំ បានសម្រេចជាញឹកញាប់ ខណៈពេលដែលរូបគាត់ជាម្តាយពុំនៅផ្ទះ។
ប្រភពដដែល បន្តថា យោងតាមពាក្យបណ្តឹងរបស់ស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ បានបន្តថា ក្រោយមក រូបគាត់ជាប្រពន្ធក៏បានដឹង និងតាមទាន់ឃើញផ្ទាល់ភ្នែកនូវទង្វើដ៏ថោកទាបរបស់បុរសជាប្តីចុង ដែលបានចាប់រំលោភកូនស្រីរបស់គាត់យ៉ាងព្រៃផ្សៃ ស្រាប់តែត្រូវជនសង្ស័យ ជាប្តី គំរាមគាត់ជាប្រពន្ធថា បើហ៊ានយករឿងទាំងនេះទៅប្រាប់អ្នកណា ឬប្តឹងសមត្ថកិច្ច នោះរូបគេ (ជនសង្ស័យ) នឹងសម្លាប់រូបគាត់ជាប្រពន្ធ ព្រមទាំងកូនស្រី ផ្តាច់ពូជចោលទៀតផង។
ដោយសារតែទ្រាំនឹងទង្វើដ៏ថោកទាប និងការគំរាមរបស់ប្តីចុងរូបនេះមិនបាន ទើបស្ត្រីជាប្រពន្ធ បានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចអ្វីដែលប្រពន្ធប្តឹងចោទប្រកាន់ប្រាកដមែន ដោយកន្លងមក រូបគេធ្លាប់បានចាប់រំលោភកូនស្រីចុង បានសម្រេចជាញឹកញាប់ និងថែមទាំងធ្លាប់គំរាមសម្លាប់ប្រពន្ធនិងកូនស្រី ចោលទៀតផង នៅពេលដែលប្រពន្ធបានតាមទាន់សកម្មភាពរបស់ខ្លួន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធី៕