Tuesday, November 19, 2024
Homeព័ត៌មានជាតិស្ត្រី​ទី១​កម្ពុជា ប្តេជ្ញា​ចូល​រួម​ជា​មួយ UN សម្រេច​គោល​ដៅ​នៅ​ឆ្នាំ​២០២៥

ស្ត្រី​ទី១​កម្ពុជា ប្តេជ្ញា​ចូល​រួម​ជា​មួយ UN សម្រេច​គោល​ដៅ​នៅ​ឆ្នាំ​២០២៥

ភ្នំពេញ  ស្ត្រីទី១ នៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃ វេទិកាជាអ្នកដឹកនាំអាស៊ីប៉ាស៊ីហ្វិក ឆ្លើយតប មេរោគអេដស៍៍ជំងឺអេដស៍ និងអភិវឌ្ឍន៍ នៅ កម្ពុជា ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹង ជំងឺអេដស៍ ១ ធ្នូ ២០១៦នេះ បានផ្ញើសារលិខិតជូនជនរួមជាតិ ជាមួយសេចក្តីអំពាវនាវ ៥ចំណុច ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងការ ទទួលខុសត្រូវរបស់កម្ពុជា ក្នុងការចូលរួមជាមួយអង្គការសហប្រជាជាតិ (UN) សម្រេច ឱ្យបាននូវមហិច្ឆតានៃការលុបបំបាត់ការឆ្លង មេរោគអេដស៍ថ្មី ឆ្ពោះទៅសម្រេចគោលដៅ បញ្ឈប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥។

សារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាព ជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតប មេរោគអេដស៍ និងជំងឺអេដស៍ នៅកម្ពុជា ក្នុង ឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៦ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះ មានខ្លឹមសារថា នាឱកាសទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៦ តាម ទិសស្លោកឆាប់ធ្វើតេស្តឈាម ឆាប់ព្យាបាល ឆ្ពោះទៅបញ្ចប់អេដស៍ដើម្បីធានាឆ្ពោះសម្រេច បានគោលដៅបញ្ឈប់ការចម្លងមេរោគអេដស៍  នាឆ្នាំ២០២៥ខាងមុខនេះ ខ្ញុំមានសេចក្តីរីករាយក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអស់លោក លោកស្រី បងប្អូនជនរួមជាតិ ទាំងអស់ ជាពិសេសក្មួយៗយុវជន ក្នុងការបន្ត ខិតខំប្រឹងប្រែងប្រយុទ្ធនឹងមេរោគអេដស៍ និង ជំងឺអេដស៍ រហូតបានសម្រេចតាមទិសដៅខាងលើ។

អស់រយៈកាល២៥ឆ្នាំកន្លងមកនេះ សមិទ្ធផលប្រកបដោយមោទនភាពនៃយុទ្ធនាការ រួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយ ការប្តេជ្ញាចិត្តខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺយើងបាននិងកំពុង គ្រប់គ្រងស្ថានការណ៍ និងទប់ស្កាត់បានដោយ ជោគជ័យ នូវការរីករាលដាលមេរោគអេដស៍ ហើយបានបញ្ចៀសមនុស្សរាប់សែននាក់ ឱ្យ បានរួចផុតពីការឆ្លងមេរោគអេដស៍។ លើសពី នេះទៅទៀត ការបង្កភាពងាយស្រួលក្នុងការ ទទួលបានឱសថប្រឆាំងមេរោគអេដស៍ ដោយ ឥតគិតថ្លៃ និងការព្យាបាលជំងឺឱកាសនិយម មួយនេះ គឺជាកត្តាជំរុញដ៏សំខាន់មួយ ក្នុងការ ជួយប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ ដែលកំពុង រស់នៅជាមួយមេរោគអេដស៍ ឱ្យមានគុណភាព ជីវិតល្អប្រសើរ ប្រកបដោយក្តីសង្ឃឹម និងភាព ថ្លៃថ្នូរ ស្មើមុខស្មើមាត់ ដូចប្រជាជនកម្ពុជាទូទៅ ដែរ។

ទន្ទឹមនឹងជោគជ័យដ៏ធំធេងនេះ យើងក៏ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ ព្រោះថា បច្ចុប្បន្ននេះ យើងមិនទាន់មានថ្នាំព្យាបាល ជំងឺអេដស៍ ឱ្យជាសះស្បើយបាននៅឡើយទេ។  មួយវិញទៀត ករណីឆ្លងមេរោគអេដស៍ថ្មី ក៏ នៅតែកើតមានជាបន្តបន្ទាប់ ដោយការភ្លេច ខ្លួនរបស់យើង។ នេះមានន័យថា យើងអាច ភ្លេចអេដស៍ តែអេដស៍ មិនដែលភ្លេចយើងម្តង ណាឡើយ។ ទោះបីករណីឆ្លងមេរោគអេដស៍ថ្មី  បានថយចុះពី៦៨នាក់ក្នុងមួយថ្ងៃ នាឆ្នាំ១៩៩៥ មកនៅប្រមាណជិត២នាក់ក្នុងមួយថ្ងៃ នៅ ឆ្នាំ២០១៦នេះក៏ដោយ ក៏ការព្រួយបារម្ភរបស់ យើងនៅតែមាន ព្រោះថាការប្រឈមនឹងការ ឆ្លងមេរោគអេដស៍ អាចមានកម្រិតខ្ពស់ តាម រយៈការប្រព្រឹត្តជាអវិជ្ជមានរបស់យុវជនមួយចំនួន។ សូមជម្រាបថា ឥឡូវនេះ អត្រាផ្ទុកមេរោគអេដស៍ នៅតែខ្ពស់នៅឡើយ ក្នុងចំណោម ក្រុមស្ត្រីធ្វើការនៅកន្លែងសេវាកម្សាន្ត ក្រុម បុរសរួមភេទជាមួយបុរស និងក្រុមអ្នកប្រើគ្រឿងញៀន ហើយជាង៥០% នៃក្រុមទាំងបី ខាងលើនេះ គឺជាយុវជន។

ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការ ចូលរួមជាមួយអង្គការសហប្រជាជាតិ សម្រេច បាននូវមហិច្ឆតាដ៏ធំធេងនៃការលុបបំបាត់ការឆ្លង មេរោគអេដស៍ថ្មី ឆ្ពោះសម្រេចបានគោលដៅ បញ្ឈប់ការចម្លងមេរោគអេដស៍ នៅឆ្នាំ២០២៥ និងនៅក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធនឹង ជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៦ នេះ ខ្ញុំសូមផ្ញើសារ ជូនបងប្អូនជនរួមជាតិទាំងអស់ដូចតទៅ 

ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគ អេដស៍ និងការពារខ្លួនកុំឱ្យឆ្លងមេរោគនេះ ជា ដាច់ខាត ជាពិសេសក្មួយៗយុវជន ត្រូវតែប្រុងប្រយ័ត្ន និងចងចាំថា ការការពារ គឺចាប់ផ្តើម ពីខ្លួនអ្នកផ្ទាល់។

ចំពោះអ្នកដែលសង្ស័យថា ខ្លួនបាន ប្រឈមនឹងការឆ្លងមេរោគអេដស៍ និងអ្នករស់ នៅជាមួយមេរោគអេដស៍ សូមប្រញាប់រួសរាន់ ទៅពិនិត្យឈាមរកមេរោគអេដស៍ និងទទួល សេវាថែទាំពីមណ្ឌលសុខភាពនិងមន្ទីរពេទ្យ ឱ្យ បានទៀងទាត់ ព្រមទាំងចៀសវាងដាច់ខាត កុំ បន្តចម្លងមេរោគអេដស៍ទៅអ្នកដទៃ។

ចំពោះស្ត្រីមានផ្ទៃពោះ សូមប្រញាប់ រួសរាន់ទៅពិនិត្យផ្ទៃពោះ ឱ្យបានទៀងទាត់ ដើម្បីទទួលសេវាការពារការចម្លងមេរោគ អេដស៍ ពីម្តាយទៅទារក។

មិនត្រូវមាក់ងាយ រើសអើងអ្នករស់នៅ ជាមួយមេរោគអេដស៍ និងអ្នកជំងឺអេដស៍ ជា ដាច់ខាត ហើយត្រូវបង្កើតបរិយាកាសគាំទ្រ ដល់ក្រុមប្រឈមមុខខ្ពស់ ដើម្បីទទួលបានសេវា សុខភាព សេវាគាំពារសង្គម និងការការពារ ផ្លូវច្បាប់។

សូមបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសយុវជន ត្រូវប្តេជ្ញាចូលរួមចំណែកការពារ មិនឱ្យឆ្លងមេរោគអេដស៍ ហើយគ្រប់ពេលវេលា ត្រូវចៀសវាងការប្រព្រឹត្តទាំងឡាយណាដែល ធ្វើឱ្យខ្លួនឯងក្លាយជាអ្នកប្រឈមនឹងការឆ្លង មេរោគអេដស៍។ ទោះជានៅទីណាក៏ដោយ គឺ អ្នកត្រូវចេះជួយអប់រំមិត្តភក្តិឱ្យចេះការពារខ្លួន ដូចគ្នា

សារលិខិតដដែលបានបន្តថាតាមរយៈ សារដ៏មានសារសំខាន់នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំ ថា បងប្អូនជនរួមជាតិ ជាពិសេសយុវជនយើង នឹងបន្តចូលរួមសហការយ៉ាងស្អិតល្មួត ជាមួយ រាជរដ្ឋាភិបាលកម្ពុជា កាកបាទក្រហមកម្ពុជា ភាគីពាក់ព័ន្ធនានា រួមទាំងប្រជាជនប្រឈមមុខ និងប្រជាជនដែលរងគ្រោះដោយសារមេរោគ អេដស៍ ដើម្បីចូលរួមជាមួយពិភពលោក ក្នុង ការប្រយុទ្ធនឹងការរីករាលដាលនៃជំងឺអេដស៍ ដែលអាចត្រូវបានបញ្ចប់នូវការគំរាមកំហែង ដល់សុខភាពសាធារណៈ នៅឆ្នាំ២០៣០ ព្រម ទាំងធានាបាននូវសុខភាពល្អប្រសើរ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមដល់ប្រជាជនកម្ពុជា រាប់សែន នាក់ ដែលកំពុងចាប់ផ្តើមជីវភាពក្នុងបរិយាកាសមួយ មានការអប់រំល្អប្រសើរជាងមុន មាន ការងារសមរម្យ និងទទួលបានសុខុមាលភាព ក្នុងរង្វង់ក្រុមគ្រួសារ និងសហគមន៍។

ខ្ញុំសូមថ្លែងនូវការកោតសរសើរនិងអរគុណ ជាពន្លឹកចំពោះរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ម្ចាស់ជំនួយ ព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ ដែលបាន រួមគ្នាប្រយុទ្ធនឹងជំងឺអេដស៍ យ៉ាងសកម្ម ដែល ញ៉ាំងឱ្យយើងទទួលបានជោគជ័យដ៏ត្រចះត្រចង់ កន្លងមកនេះ។ ខ្ញុំសង្ឃឹមថា ការចូលរួមដ៏សកម្ម របស់យុវជនយើង នឹងរួមចំណែកធ្វើឱ្យកម្ពុជា មិនមានការរីករាលដាលជំងឺអេដស៍ សាជាថ្មី ឡើយ។

ខ្ញុំសូមជូនពរជ័យសិរីមង្គលមហាប្រសើរ  ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ជនរួមជាតិទាំងអស់ ក្មួយៗយុវជន សូមប្រកប តែសេចក្តីសុខចម្រើន និងសម្រេចបានជោគជ័យ គ្រប់ពេលវេលាកុំបីខានឡើយ

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០០៦ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងកិច្ចប្រឹងប្រែងប្រយុទ្ធនឹងការរីករាលដាល នៃជំងឺអេដស៍នៅកម្ពុជា បានទទួលគោរមងារ ពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាជាអ្នកដឹកនាំអាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ នៅកម្ពុជា។

ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៩ ដោយសារកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងការរីករាលដាលនៃជំងឺអេដស៍ នៅកម្ពុជា ទទួលបានជោគជ័យជាវិជ្ជមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន បានទទួលពានរង្វាន់ឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃវេទិកាជាអ្នកដឹកនាំអាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការ អភិវឌ្ឍនៅកម្ពុជា។

ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១១ អគ្គលេខាធិការអង្គការសហប្រជាជាតិ បានអញ្ជើញសម្តេច កិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្នុងតួនាទី ជាស្ត្រីទី១ នៃកម្ពុជា ធ្វើសេចក្តីថ្លែងការណ៍នៅ ចំពោះមុខស្ត្រីទី១ នៃប្រទេសជាច្រើន ពាក់ព័ន្ធ នឹងការងារអេដស៍ ហើយដែលក្នុងឱកាសនោះ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទទួលបានកិច្ចស្វាគមន៍ និងកោតសរសើរពីលោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ និងលោកប៊ីល គ្លីនតុន អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ផងដែរ៕

ដោយ ៖ ខៀវ ទុំ

RELATED ARTICLES