Thursday, November 28, 2024
Homeព័ត៌មានជាតិរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់ខេត្តសា្វយរៀង បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ អញ្ជើញជាអធិបតី ពិធីប្រកាសទទួលស្គាល់ខេត្តសា្វយរៀង បញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល

ខេត្តស្វាយរៀង ៖​ ​លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ​ កាលពីព្រឹកថ្ងៃទី​២៧​ ខែមេសា​ ឆ្នាំ២០២២​ បានអញ្ជើញជាអធិបតីក្នុង ពិធីប្រកាសទទួលស្គាល់ខេត្តសា្វយរៀងជាខេត្តទី១នៅព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានជោគជ័យក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល។

លោកគឹម វាសនា អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ​ បានបញ្ជាក់អោយដឹងថា ពិធីប្រកាសទទួលស្គាល់ខេត្តសា្វយរៀងជាខេត្តទី១នៅព្រះរាជាណាចក្រកម្ពុជា​ ដែលទទួលបានជោគជ័យក្នុងការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាល ខាងលើនេះ បានរៀបចំឡើង​ ក្រោមអធិបតី​ លោកបណ្ឌិតសភាចារ្យ​ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ និង​លោកស្រី​ Foroogh Foyouzat តំណាងអង្ការ​ UNICEF និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង​ ខេត្ត​ អង្កការដៃគូរ​ ​អាជ្ញាធរនិងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករនៅខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ លោកបណ្ឌិតសភាចារ្យ អ៊ុក​ រ៉ាប៊ុន បានបញ្ជាក់ថា យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩/២០ បានឲ្យដឹងថា ឆ្នាំ២០២២ អត្រាប្រជាជនមានប្រភពទឹកកែលម្អប្រើប្រាស់មាន ៨០% ចំណែកឯអត្រាប្រជាជនមានបង្គន់អនាម័យកែលម្អប្រើប្រាស់មាន ៨០% និងគ្រួសារប្រមាណ ៨៩% ប្រើប្រាស់ឧបករណ៍ផ្សេងៗសម្រាប់លាងសម្អាតដៃនៅក្នុងបរិវេណផ្ទះ ។

ជាមួយនេះលោកបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ដែលនៅទីសាធារណៈ ជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញ ចូលល្អ និងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាព នៃភាពរឹងមាំនៃភាពស៊ាំសហគមន៍ និងការលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់៕

RELATED ARTICLES