ខេត្តព្រះសីហនុ ៖ ក្មេងស្រីជាសិស្សថ្នាក់ទី៥ ម្នាក់ មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែគិតខ្លី ចងកបញ្ចប់ជីវិតខ្លួនឯង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងបន្ទប់របស់ខ្លួន ធ្វើឱ្យឪពុកម្តាយតក់ស្លុតរន្ធត់ចិត្តយ៉ាងខ្លាំង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួល ក្នុងក្រុម១១ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះដែលចងកធ្វើអត្តឃាត មានឈ្មោះឆាង ដាលីន ភេទស្រី អាយុ១៣ឆ្នាំ មុខរបរជាសិស្សថ្នាក់ទី៥ “ខ” នៃសាលាបឋមសិក្សាចម្ការកៅស៊ូ បច្ចុប្បន្នមានលំនៅក្នុងភូមិ-សង្កាត់កើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។
តាមប្រភពពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ បានឱ្យដឹងថា ពួកគាត់ជាឪពុកម្តាយ ក៏មិនបានដឹងថា តើកូនស្រីមានបញ្ហាអ្វីក្នុងចិត្តនោះឡើយ ស្រាប់តែនៅសុខៗក៏ប្រទះឃើញកូនស្រីចងកសម្លាប់ខ្លួនបែបនេះ ធ្វើឱ្យពួកគាត់ជាឪពុកម្តាយ រន្ធត់ចិត្តខ្លាំងណាស់ រកនិយាយអ្វីក៏មិនត្រូវ ដែរ។
យោងតាមការសន្និដ្ឋានរបស់ជំនាញនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ និងអង្គភាពការពារកុមារ (CPU) ព្រមទាំងក្រុមគ្រូពេទ្យ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះ ពិតជាស្លាប់ដោយសារអត្តឃាត (ចងក) ប្រាកដមែន។
សពក្មេងស្រីខាងលើ ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅបូជានៅវត្តសមាធិ តាមប្រពៃណី៕