ខេត្តប៉ៃលិន ៖ ដោយមានការសម្របសម្រួលពីលោកជា សារ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តប៉ៃលិន បានចាត់ឱ្យលោកវរសេនីយ៍ទោ ជា សុផារិទ្ធ ស្នងការរង ទទួលផែនការងារសន្តិសុខ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងកាច់ សហការជាមួយនឹងកម្លាំងផែនការងារសន្តិសុខ ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិកូរ៉េម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាជនជាតិកូរ៉េ ដូចគ្នា ពីបទចាប់ជំរិត។

ជនសង្ស័យនេះ ជាប់ពាក់ព័ន្ធនឹងករណីជម្រិតទារប្រាក់ នៅប្រទេសកូរ៉េ រួចរត់គេចខ្លួនមកស្នាក់នៅប្រទេសកម្ពុជា លុះខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពាក្យបណ្តឹងរួច ក៏ស្រាវជ្រាវដឹងថា ជនសង្ស័យ មកលាក់ខ្លួនស្នាក់នៅក្នុងខេត្តប៉ៃលិន ទើបឱ្យប៉ូលិស ចុះស្រាវជ្រាវនាំខ្លួនតែម្តង។
ហេតុការណ៍នគរបាលចុះចាប់ឃាត់ខ្លួនជនជាតិកូរ៉េ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់នេះ បានធ្វើឡើង នៅវេលាម៉ោង ៩និង៥០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។
ប្រភពព័ត៌មាន បានឱ្យដឹងថា ជនសង្ស័យ មានឈ្មោះស៊ីន មីនហូ (Sin Min-ho) ភេទប្រុស អាយុ៥៥ឆ្នាំ (កើតថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៦៦) ជនជាតិកូរ៉េ ជាប់ពាក់ព័ន្ធករណីជំរិតទារប្រាក់ នៅប្រទេសកូរ៉េ។

ប្រភពបន្តទៀតថា នគរបាលអន្តរជាតិក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង បានស្នើសុំសមត្ថកិច្ចកម្ពុជា ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើ លុះពិនិត្យមើលទៅលើលិខិតឯកសារ ទើបដឹងថា ជនសង្ស័យរូបនេះ បានចូលមកលាក់ខ្លួនស្នាក់នៅជាបណ្តោះអាសន្ន និងតែងចូលលេងល្បែងអនឡាញ នៅកាស៊ីមួយកន្លែង ជាប់ព្រំដែនថៃ នៅក្នុងខេត្តប៉ៃលិន ក៏ឱ្យនគរបាលស្រាវជ្រាវចាប់ឃាត់ខ្លួនតែម្តង។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ជនសង្ស័យខាងលើ ប៉ូលិសបានរៀបចំសំណុំរឿងបញ្ជូនខ្លួនតាមរថយន្ត ពីខេត្តប៉ៃលិន ទៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ប៊ុនថេត