Wednesday, June 25, 2025
Homeសន្ដិសុខសង្គមប្រពន្ធចាក់ប្តី ត្រូវឪបង្កើតស្លាប់ ឡើងតុលាការឆ្លើយដាក់គ្នា

ប្រពន្ធចាក់ប្តី ត្រូវឪបង្កើតស្លាប់ ឡើងតុលាការឆ្លើយដាក់គ្នា

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានលើកយកសំណុំរឿងឃាតកម្ម ប្តីប្រពន្ធ២នាក់ ចាក់សម្លាប់ឪពុកបង្កើត និងឪពុកក្មេក បណ្តាលឱ្យស្លាប់ នៅខណ្ឌមានជ័យ កាលពីអំឡុងខែសីហា ឆ្នាំ២០២១ កន្លងទៅ ប៉ុន្តែនៅក្នុងរង្វង់ក្រចកសេះ នាពេលសវនាការនោះ ជនជាប់ចោទជាប្តី បានឆ្លើយទម្លាក់កំហុសដាក់ទៅលើប្រពន្ធ ជាអ្នកចាក់សម្លាប់ឪពុកបង្កើតខ្លួនឯង ខណៈដែលស្ត្រីជាប្រពន្ធ ក៏បានចោទទៅប្តីវិញថា ជាអ្នកចាក់សម្លាប់ឪពុកក្មេក ទើបតុលាការបានប្រកាសចាត់របៀបឱ្យបើកការស៊ើបអង្កេតឡើងវិញ មុន នឹងជំនុំជម្រះលើអង្គសេចក្តី ។

គួរបញ្ជាក់ថា ជនជាប់ចោទទាំង២នាក់ ទី១-ឈ្មោះហេង សៅរស្មី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាទាហានជើងទឹក និងទី២-ឈ្មោះប៊ុន សូហ្វែរ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ផលិតផលតាមអនឡាញ។ អ្នកទាំង២ ជាប្តីប្រពន្ធនឹងគ្នា និងបានជាប់ចោទពីបទឃាតកម្ម តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ ចំណែកជនរងគ្រោះ មានឈ្មោះប៊ុន សុវណ្ណា អាយុ៦០ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ជនជាប់ចោទឈ្មោះប៊ុន សូហ្វែរ និងត្រូវជាឪពុកក្មេករបស់ជនជាប់ចោទឈ្មោះហេង សៅរស្មី។

តាមចម្លើយជនជាប់ចោទឈ្មោះហេង សៅរស្មី ជាប្តី បានឆ្លើយថា ថ្ងៃជម្លោះប្តីប្រពន្ធ ខ្លួនមិនបានចាក់សម្លាប់ឪពុកក្មេកទេ ពេលនោះ ប្រពន្ធជាអ្នកកាន់កាំបិត ហើយឪពុកបានស្រែកឱ្យទម្លាក់កាំបិតចុះ រួចឪពុកក៏ស្ទុះទៅឆក់យកកាំបិតចេញពីដៃកូនស្រីគាត់ ហើយខ្លួនក៏ចុះទៅ ក្រោមវិញ ពេលនោះប្រពន្ធក៏ចុះតាមក្រោយដែរ ស្រាប់តែប្រពន្ធស្រែកថា “បងៗ ប៉ាមានឈាម” ពេលនោះខ្លួន ក៏ចុះបីឪពុកក្មេកដាក់ក្នុងឡាន រួចដឹកយកទៅមន្ទីរពេទ្យ។

ចំណែកចម្លើយសារភាពរបស់ជនជាប់ចោទស្ត្រីជាប្រពន្ធវិញ បានឆ្លើយថា នៅថ្ងៃកើតហេតុ ខ្លួនមានជម្លោះជាមួយប្តី ហើយឪពុកបានឡើងមកស្រែកជេរពួកនាង ទើបប្តីនាងខឹង ក៏ស្ទុះទៅយកកាំបិតចាក់ជនរងគ្រោះ (ឪពុកក្មេក) បណ្តាលឱ្យស្លាប់តែម្តង។

គួរបញ្ជាក់ថា សវនាការបានប្រើពេលវេលាសាកសួរដេញដោលលើជនជាប់ចោទទាំង២នាក់ប្តីប្រពន្ធ រួមទាំងសមត្ថកិច្ចធ្វើកំណត់ហេតុ និងសាក្សី អស់រយៈពេលពេញមួយថ្ងៃ ដោយមានការខ្វះខាត និងចន្លោះប្រហោងនីតិវិធីមួយចំនួន ដែលមិនអាចឱ្យតុលាការវិនិច្ឆ័យលើអង្គសេចក្តីបាន ទើបលោកស្រីប្រធានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចចាត់របៀបបើកការស៊ើបអង្កេតបន្ថែមនៅចំណុចមួយចំនួននោះ រួចកំណត់ពេលវេលាបើកសវនាការឡើងវិញ ដើម្បីរកយុត្តិធម៌ដល់ជនរងគ្រោះដែលស្លាប់ដោយអំពើឃាតកម្ម ជាស្នាដៃកូនបង្កើត ឬជាកូនប្រសា ដែលជាចាក់សម្លាប់ឪពុក ឬឪពុកក្មេកនោះ។

គួររំលឹកថា កាលពីវេលាម៉ោង ១១ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅ មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចផ្ទះល្វែងមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដោយប្តីប្រពន្ធ ២នាក់ តែងកើតមានជម្លោះនឹងគ្នាជាញឹកញាប់ ដោយសារតែភ្លើងប្រចណ្ឌ លុះក្រោយមក ជម្លោះកាន់តែក្តៅ ក៏ឈានដល់ការប្រើអំពើហិង្សាប្រតាយប្រតប់គ្នា ដោយស្ត្រីជាប្រពន្ធបានស្ទុះទៅទាញកាំបិតសាំងគីម ដេញចាក់ប្តី លុះឪពុកបង្កើតឃើញ ក៏ចូលទៅឃាត់ និងព្យាយាមប្រតាយប្រតប់គ្នាទាំង ៣នាក់ (ឪពុក កូនស្រី និងកូនប្រសាប្រុស) ដើម្បីដណ្តើមយកកាំបិតមកវិញ ស្រាប់តែអកុសល កាំបិតបានចាក់ត្រូវបុរសជាឪពុក ចំនួន៣កាំបិត បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ និងត្រូវបានក្រុមគ្រួសារព្យាយាមដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែដោយសារស្ថានភាពរបួសធ្ងន់ខ្លាំងពេក ទើបបុរសជាឪពុកបានដាច់ខ្យល់ស្លាប់ក្នុងមន្ទីរពេទ្យតែម្តង។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ប្តីប្រពន្ធទាំង ២នាក់ បានឈ្លោះប្រកែកគ្នា រឿងប្រពន្ធប្រចណ្ឌប្តីថា មានស្រីលួចលាក់ខាងក្រៅ រហូតកើតជាជម្លោះហិង្សា វាយតប់គ្នា។ ដោយឮសូរសម្រែកឈ្លោះជេរ និងវាយតប់គ្នាបែបនេះ ទើបបុរសចំណាស់ជាឪពុក បានចូលទៅជួយចាប់ឃាត់កូនៗ កុំឱ្យមានការឈ្លោះបន្តទៀត ប៉ុន្តែស្របពេលជាមួយគ្នានោះ ស្ត្រីជាប្រពន្ធ បានស្ទុះទៅយកកាំបិតសាំងគីម ពីក្បាលដំណេក បម្រុងយកទៅចាក់លើបុរសជាប្តី តែត្រូវឪពុកនិងប្តី ស្ទុះទៅចាប់ប្រតាយប្រតប់ដណ្តើមយកកាំបិត ជាហេតុធ្វើឱ្យជ្រុលដៃចាក់ទៅលើឪពុក ត្រូវជាច្រើនកន្លែង ហូរឈាមស្រោចពេញដងខ្លួន រងរបួសយ៉ាងធ្ងន់។

ប្រភពដដែល បន្តថា ភ្លាមៗនោះ ប្តីប្រពន្ធទាំង២នាក់ បានស្រវេស្រវាដឹកឪពុក បញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ដើម្បីសង្គ្រោះដែរ ប៉ុន្តែអកុសល ដោយសារតែស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបពេលដឹកទៅដល់មន្ទីរពេទ្យ បុរសជាឪពុក ក៏បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។ បន្ទាប់ពីបុរសជាឪពុកស្លាប់ ប្តីប្រពន្ធទាំង២ ក៏បានដឹកឪពុកត្រឡប់ទៅផ្ទះវិញ ហើយស្ត្រីជាកូនស្រីបង្កើត ក៏បានរាយការណ៍ជូនសមត្ថកិច្ច ប្រាប់ពីដំណើររឿងហេតុដែលបានកើតមានឡើង។

លោកវរសេនីយ៍ត្រី ឃុន ឡេង នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី២ បានបញ្ជាក់ប្រាប់ថា ក្រោយទទួលបានព័ត៌មានហើយនោះ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលផ្នែកយុត្តិធម៌ខណ្ឌ និងនគរបាលជំនាញកោសល្យវិច័យ បានចុះដល់ទីតាំងកើតហេតុ ដើម្បីធ្វើការ សាកសួរ និងពិនិត្យសពជនរងគ្រោះជាឪពុកដែលបានស្លាប់។

លោកបន្តថា តាមការធ្វើកោសល្យវិច័យ ពិនិត្យជាក់ស្តែង ឃើញថា សពជនរងគ្រោះ គឺត្រូវចាក់ចំ ៣កាំបិត និងចំ៣កន្លែងលើដងខ្លួន ផ្សេងៗគ្នា ក្នុងនោះត្រូវចំចង្កេះខាងឆ្វេង ១កាំបិត ពោះ ១កាំបិត និងដើមទ្រូង ១កាំបិត ធ្វើឱ្យជនរងគ្រោះបាត់បង់ឈាមច្រើនពេក រហូតដល់ដាច់ខ្យល់ស្លាប់តែម្តង។

លោកនាយប៉ុស្តិ៍ បន្តទៀតថា បន្ទាប់ពីបានស្តាប់ដំណើររឿងរួចមក សមត្ថកិច្ចបានសម្រេចធ្វើការឃាត់ខ្លួនប្តីប្រពន្ធទាំង២នាក់ យកទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាល ដើម្បីចាត់ការទៅតាមផ្លូវច្បាប់តែម្តង ព្រោះករណីនេះ ត្រូវបានចាត់បញ្ចូលជាអំពើឃាតកម្ម។

ដោយឡែកសពជនរងគ្រោះជាឪពុក ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីនេះដែរ លោក កឹម កល្យាណ អធិការរងនគរបាលខណ្ឌ ទទួលផែនយុត្តិធម៌ បានប្រាប់ឱ្យដឹងថា ផ្ទះកើតហេតុខាងលើ គឺមានសមាជិករស់នៅតែ ៤នាក់ប៉ុណ្ណោះ ក្នុងនោះមានប្តីប្រពន្ធជាជនសង្ស័យទាំង២នាក់ខាងលើ បុរសជាឪពុក (ជនរងគ្រោះ) និងកូនស្រីបង្កើតម្នាក់ ទៀត ដែលទើបនឹងមានអាយុ១៤ឆ្នាំ។

លោកអធិការរង បន្តថា បុរសរងគ្រោះ បានលែងលះគ្នាជាមួយស្ត្រីជាប្រពន្ធ យូរឆ្នាំកន្លងទៅហើយ ដោយចំណងជីវិតគូរបស់ពួកគេ បានបន្សល់នូវកូនស្រី ៤នាក់ ក្នុងនោះ ពេលលែងលះគ្នា កូនស្រីម្នាក់ ត្រូវបានម្តាយយកទៅរស់នៅជាមួយ ហើយម្នាក់ទៀត មានគ្រួសារហើយ ក៏បានបែកផ្ទះចេញទៅបាត់ នៅសល់តែ ២នាក់ ដែលក្នុងនោះ ម្នាក់ជាជនសង្ស័យខាងលើ និងម្នាក់ទៀតទើបអាយុ១៤ឆ្នាំ ។

ដោយឡែក យោងតាមប្រភពព័ត៌មានពីអ្នកជិតខាងដែលរស់នៅក្បែរគ្នា បានបង្ហើបប្រាប់ថា ប្តីប្រពន្ធទាំង២នាក់ គឺឧស្សាហ៍កកើតមានជម្លោះជាមួយគ្នាញឹកញាប់ណាស់ មិនថាយប់ឬថ្ងៃឡើយ ប៉ុន្តែកន្លងទៅមិនដែលមានរឿងរ៉ាវធ្ងន់ធ្ងរដូចលើកនេះឡើយ៕

RELATED ARTICLES