ភ្នំពេញ ៖ លោកសេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ បានប្រកាសសាលក្រមផ្តន្ទាទោសលើសំណុំរឿងជនជាតិរុស្ស៊ីចំនួន២នាក់ និងស្ត្រីជនជាតិអ៊ុយក្រែន ម្នាក់
ពាក់ព័ន្ធករណីលួចផលិតដឹកជញ្ជូននិងជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា ប្រមាណជាង ២០គីឡូក្រាម ដោយសម្រេចផន្តាទោសជនជាតិរុស្ស៊ី ២នាក់ ជាប់ពន្ធនាគារកំណត់ម្នាក់ ៣០ឆ្នាំ ចំណែកស្ត្រីអ៊ុយក្រែន ជាប់ពន្ធនាគារ ២៥ឆ្នាំ។

សាលក្រមផ្តន្ទាទោសជនជាប់ចោទ បានបញ្ជាក់ថា ទី១-ផ្តន្ទាទោសឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិរុស្ស៊ី ដាក់ពន្ធនាគារកំណត់ ៣០ឆ្នាំ។ ទី២-ផ្តន្ទាទោសឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិរុស្ស៊ី ដាក់ពន្ធនាគារ កំណត់៣០ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋ ម្នាក់ៗ ៦០លានរៀល និងទី៣-ផ្តន្ទាទោសឈ្មោះ BONDAR BNKO KARYNA ភេទស្រី អាយុ២១ឆ្នាំ ជនជាតិអ៊ុយក្រែន ដាក់ពន្ធនាគារកំណត់ ២៥ឆ្នាំ និងពិន័យជាប្រាក់ចូលថវិការដ្ឋ ចំនួន ៤០លានរៀល ។

ជនត្រូវចោទទាំង ៣នាក់ខាងលើនេះ ត្រូវបានលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអរសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទពីបទផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧ រហូតដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ដែលល្មើសនេះមានចែងតាមបញ្ញតិមាត្រា៤៧ មាត្រា៤២ និងមាត្រា៤៨ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
សំណុំរឿងនេះ ត្រូវបានសាលាដំបូង លើកយកមកបើកសវនាការសាកសួរដេញដោល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ រួចបានកំណត់យកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ដើម្បីប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទទាំង៣នាក់ខាងលើនេះ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ បានចុះ បង្ក្រាបករណីផលិត ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ទ្រង់ទ្រាយធំមួយករណី ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ដោយមានការរឹបអូសថ្នាំញៀនប្រមាណជាង ២០គីឡូក្រាម ដែលជនសង្ស័យបានបង្កប់លាក់ក្នុងកញ្ចប់បញ្ញើ ក្នុងគោលបំណងផ្ញើចេញទៅក្រៅប្រទេស តាមរយៈក្រុមហ៊ុនមួយ ទិសដៅទៅកាន់អង់គ្លេស និងប្រទេសក្រិក តែយ៉ាងណា ត្រូវបានសមត្ថកិច្ចកម្ពុជា បង្ក្រាបនិងទប់ស្កាត់ទាន់ពេលវេលា៕