ខេត្តកំពង់ស្ពឺ ៖ គណៈបញ្ជាការឯកភាពស្រុកបរសេដ្ឋ ដឹកនាំដោយលោកស៊ិន សារុន នាយករដ្ឋបាលស្រុក បានចុះបង្ក្រាបទីតាំងអារឈើអត់ច្បាប់ មួយកន្លែង ដោយចាប់យកសម្ភារៈជាវត្ថុតាងមួយចំនួន។

ប្រតិបត្តិការចុះបង្ក្រាបទីតាំងអារឈើខុសច្បាប់ខាងលើនេះ ធ្វើឡើង កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុចភូមិពោធិ៍ត្បែង ឃុំនិទាន ស្រុកបរសេដ្ឋ។

លោកស៊ិន សារុន នាយករដ្ឋបាលស្រុកបរសេដ្ឋ បានបញ្ជាក់ប្រាប់ថា ទីតាំងម៉ាស៊ីនអារឈើអត់ច្បាប់នេះ មានម្ចាស់ឈ្មោះស៊ិន សុផាត ភេទប្រុស អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះជឹក ផេង អាយុ៤៧ឆ្នាំ មានលំនៅក្នុងភូមិខាងលើ ក្រោយកម្លាំងចុះទៅដល់ បានគេចខ្លួនមិននៅផ្ទះ។

ការបង្ក្រាបម៉ាស៊ីនអារឈើខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការដកហូតវត្ថុតាង រួមមាន ឈើចម្រុះ ចំនួន ០៧កំណាត់ ស្មើ ២៤០០ម៉ែត្រត្រីគុណ ម៉ាស៊ីនអារឈើផ្តេក ១គ្រឿង កង់យោង៣ រណារយន្ត៧ ខ្សែដែករ៉ៃ ២ដើម និងរទេះកង់កៅស៊ូ ១គ្រឿង។

បច្ចុប្បន្នវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅសាលាស្រុកបរសេដ្ឋ បណ្តោះអាសន្ន រង់ចាំប្រគល់បន្តទៅខាងជំនាញរដ្ឋបាលព្រៃឈើស្រុកបរសេដ្ឋ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធី៕