Thursday, September 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃើញគេដឹកស្រី រករឿងវ៉ៃ គេចាក់១កាំបិតស្លាប់

ឃើញគេដឹកស្រី រករឿងវ៉ៃ គេចាក់១កាំបិតស្លាប់

ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ បាននាំបកពួក ៣នាក់ទៀត ចេញទៅរកវាយគូទំនាស់របស់ខ្លួន តែមិនបានសម្រេច ក៏នាំគ្នាជិះម៉ូតូត្រឡប់មកវិញ ស្រាប់តែមកតាមផ្លូវ ឃើញយុវជនម្នាក់កំពុងជិះម៉ូតូដឹកយុវតី ២នាក់ ក៏ចូលទៅរករឿងឈ្លោះប្រកែក និងថែមទាំងហូតខ្សែក្រវាត់វាយគេ ទៀតផង តែគាប់ជួនក្បាលខ្សែក្រវាត់របូតបាត់ ក៏ត្រូវភាគីម្ខាងទៀត ដកកាំបិតកៃ ចាក់ ១កាំបិត លិចឆ្អឹងជំនីរ រួចក៏ឡើងជិះម៉ូតូដឹកនារី ២នាក់នោះ គេចខ្លួនបាត់ ចំណែកភាគីរងរបួស ក៏ត្រូវបានមិត្តភក្តិដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ តែអកុសល បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ករណីអំពើឃាតកម្មខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅចំណុចផ្លូវបំបែកសាលាគំរូ ក្រុងកំពង់ឆ្នាំង។

លោកវរសេនីយ៍ឯក ឆាយ ខេមរ័ត្ន អធិការនគរបាលក្រុងកំពង់ឆ្នាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា ជនរងគ្រោះដែលត្រូវជនមិនស្គាល់មុខចាក់សម្លាប់ មានឈ្មោះប៉ុល សារឿន ភេទប្រុស មានលំនៅក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

លោកអធិការបញ្ជាក់ថា យោងតាមចម្លើយបក្ខពួកជនរងគ្រោះដែលបានរៀបរាប់ប្រាប់សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ភាគីជនរងគ្រោះ មានគ្នា ៤នាក់ បានជិះម៉ូតូ ២គ្រឿង បំណងទៅរករឿងវ៉ៃគេនៅឯដីថ្មី ដោយមិនបានសម្រេច ក៏ជិះម៉ូតូត្រឡប់មកវិញ ដល់រង្វង់ មូលវិមានឯករាជ្យ វង់មួយជុំ ហើយចេញមកផ្លូវបំបែក ក៏ឃើញជនដៃដល់ខាងលើ (មិនធ្លាប់ស្គាល់គ្នា) ជិះម៉ូតូ ១គ្រឿង ដឹកនារី ២នាក់។

បក្ខពួកជនរងគ្រោះ បានប្រាប់សមត្ថកិច្ចទៀតថា ពេលជនរងគ្រោះឃើញជនដៃដល់នោះ ស្រាប់តែចង់បញ្ចេញកំហឹងរឿងទៅរកវ៉ៃគេមិនបាន ទើបចង់ជះកំហឹងដាក់ជនដៃដល់ដែលជាមនុស្សមិនធ្លាប់ស្គាល់គ្នាទៅវិញ។ ភ្លាមនោះ ជនរងគ្រោះ និងបក្ខពួក បានជិះម៉ូតូអែប មើលមុខជនដៃដល់ និងឌឺដងពាក្យសម្តីដាក់គេ រួចបានឈប់ម៉ូតូ និងចុះដើរមករករឿងគេ ដោយក្នុងនោះជនរងគ្រោះបានទាញខ្សែក្រវាត់វ៉ៃទៅលើជនដៃដល់ តែចៃដន្យក្បាលខ្សែក្រវាត់របូតបាត់។ ខណៈនោះ ជនដៃដល់ក៏បានទាញកាំបិតកៃ ចាក់មកលើជនរងគ្រោះ ចំឆ្អឹងជំនីរផ្នែកខាងឆ្វេង បណ្តាលឱ្យដេកដួលក្នុងថ្លុកឈាម។ នៅពេលជនដៃដល់ចាក់ចំជនរងគ្រោះនោះ បក្ខពួកជនរងគ្រោះភ័យ មិនហ៊ានចូលជួយនោះទេ រួចបាននាំគ្នាដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យ ដោយគិតថា ជនររងគ្រោះ របួសតិចតួច។ ចំណែកជនដៃដល់ បានជិះម៉ូតូដឹកស្រី ២នាក់ គេចចេញពីកន្លែងកើតហេតុបាត់ទៅ។

ក្រោយកើតហេតុ ២ទៅ៣ម៉ោង ភាគីជនរងគ្រោះ បានប្តឹងមកសមត្ថកិច្ចថា មានករណីចាក់សម្លាប់គ្នា ដោយសារតែជនរងគ្រោះបានស្លាប់។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅពិនិត្យ សព និងបានធ្វើកំណត់ហេតុរួចរាល់ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ពាក់ព័ន្ធករណីចាក់សម្លាប់គ្នានេះ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវរកជនដៃដល់ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

RELATED ARTICLES