ភ្នំពេញ ៖ តារាចម្រៀងស្រី វ័យក្មេង ឈីន រតនៈ ដែលកំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើវិថីសិល្បៈ បានសម្តែងការភ្ញាក់ផ្អើល នៅពេលឃើញនៅលើរថយន្តរបស់នាង មានជនអនាមិកបានគូររូបបេះដូងជាច្រើន ជាមួយពាក្យ «Love» (ស្រឡាញ់) នៅពេលដែលនាងបានទៅច្រៀងក្នុងការប្រគំតន្ត្រី កាលពីរាត្រីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នាខេត្តស្ទឹងត្រែង ហើយនាងបានប្រកាសរកម្ចាស់រូបបេះដូង និងសំណេរនោះ តើជានរណា?

កញ្ញា ឈីន រតនៈ បានបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់នាង នូវរូបភាពសំណេរ និងគំនូររូបបេះដូង នៅលើគម្របម៉ាស៊ីនរថយន្តរបស់នាង នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ជាមួយសំណេរថា «ដំណឹងស្វែករកអ្នកគូរ ចេញមុខមកអ្នកស្ទឹងត្រែង»។

កញ្ញា ឈីន រតនៈ មិនអាចសុំការបញ្ជាក់បន្ថែមលើសំណេរខាងលើនេះបានទេ កាលពីម្សិលមិញ តែបើតាមសំណេរនិងរូបភាពក្នុងទំព័រហ្វេសប៊ុក របស់នាង អាចយល់បានថា នាងហាក់មានការភ្ញាក់ផ្អើលចំពោះរូបភាព និងសំណេរ

នៅលើកាប៉ូរថយន្តរបស់នាងនោះ ដែលបញ្ជាក់ពីការស្រឡាញ់គាំទ្រមកលើរូបនាង តែពុំដឹងថា ម្ចាស់សំណេរ និងរូបបេះដូងនោះ ជាប្រុសឬស្រី? ជាអ្នកលង់ស្នេហ៍នាង ឬគ្រាន់តែជាអ្នកគាំទ្រ (Fan) របស់នាងនោះទេ។

ទោះបីជាយ៉ាងណា បើតាមរូបភាពដែលកញ្ញា ឈីន រតនៈ បានបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់នាង បង្ហាញឲ្យឃើញថា នៅរាត្រីការប្រគំតន្រ្តីនោះ មានអ្នកគាំទ្រនាងជាច្រើន ជាពិសេសយុវវ័យទាំងប្រុសទាំងស្រី បានស្វាគមន៍ ឱបរឹតនាងទៀតផង។

ជាមួយនេះ កញ្ញា ឈីន រតនៈ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់នាង នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ថា «នាងខ្ញុំពិតជារំភើបខ្លាំងណាស់ អរគុណសម្រាប់ការទទួលយ៉ាងកក់ក្តៅ ពីពុកម៉ែ បងប្អូនអ្នកស្ទឹងត្រែង សង្ឃឹមថាជួបគ្នាម្តងទៀតឆាប់ៗណា»។

គួរបញ្ជាក់ថា កញ្ញា ឈីន រតនៈ ជាតារាចម្រៀងល្បីមួយរូបប្រចាំផលិតកម្មរស្មីហង្សមាស ដែលថ្មីៗនេះ ក្រោយទទួលបានការជោគជ័យយ៉ាងខ្លាំងនូវបទចម្រៀង «ហួសដឺឡេ» ក្នុងរដូវកាលបុណ្យចូលឆ្នាំខ្មែរ កន្លងទៅថ្មីៗនេះ នៅពេល

នេះតារាចម្រៀងរូបនេះ កំពុងត្រូវបានទទួលការចាប់អារម្មណ៍ តាមរយ:បទ «Girl ជះលុយ» របស់ផលិតកម្មរស្មីហង្សមាស តែនៅមិនទាន់ចេញជាផ្លូវការនៅឡើយទេ គញរាន់តែបានបញ្ចេញជាខ្លីបខ្លីៗ នៅលើ TikTok និងយូធូប ប៉ុណ្ណោះ៕