Thursday, November 28, 2024
Homeព័ត៌មានជាតិលោកស៊ុន ចាន់ថុល ដឹកនាំយុវជនក្រសួង ធ្វើទស្សនកិច្ច កំពង់ផែស្វយ័តក្រុងព្រះសីហនុ

លោកស៊ុន ចាន់ថុល ដឹកនាំយុវជនក្រសួង ធ្វើទស្សនកិច្ច កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំយុវជនក្រសួង និងនិស្សិតនៃវិទ្យាស្ថានតេជោ សែន សាធារណការនិងដឹកជញ្ជូន ប្រមាណ ៣០០នាក់ ធ្វើទស្សនកិច្ចសិក្សា ស្វែងយល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ថ្លែងក្នុងកម្មវិធីសំណេះសំណាលជាមួយយុវជនក្រសួង និងនិស្សិតវិទ្យាស្ថាននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ លោកទេសរដ្ឋមន្ត្រី បានលើកឡើងអំពីគម្រោងអភិវឌ្ឍន៍កំពង់ផែ ជាច្រើនបន្ថែមទៀត ដើម្បីកាត់បន្ថយចំណាយលើការដឹកជញ្ជូន បង្កើនប្រសិទ្ធភាពនៃការប្រកួត ប្រជែងឱ្យកាន់ប្រសើរឡើង និងគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិក នៅកំពង់ផែ (Port EDI) ក្នុងការចូលរួមចំណែកពង្រឹងការគ្រប់គ្រងការប្រមូលចំណូលជាតិប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ជួយពន្លឿននីតិវិធីចេញ-ចូលនាវានៅតាមកំពង់ផែ និងកាត់បន្ថយថ្លៃដើម ដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃកត្តាសុខសន្តិភាព ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល ទាក់ទាញទេសចររាប់លាននាក់ មកលេងកម្ពុជា និងធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ មាននាវាធំៗចូលចត មានឱកាសនាំយកផលិតផលទៅលក់នៅបរទេស ជំរុញឱ្យពាណិជ្ជកម្មមានការរីកចម្រើន មានការងារធ្វើ មានឱកាសកសាងស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម ព្រលានយន្តហោះ និងកំពង់ផែ ជាដើម។

យោងតាមរបាយការណ៍ស្ថិតិទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា កុងតឺន័រឆ្លងកាត់ មានចំនួន ១៩៨ ១៨២ TEUs នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ កើនឡើងចំនួន១៦,៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលជាការឆ្លុះបញ្ចាំងឱ្យឃើញថា សេដ្ឋកិច្ចកម្ពុជា បានចាប់ផ្តើមងើបឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅទីតាំងយុទ្ធសាស្ត្រប្រកបដោយសក្តានុពល មានអំណោយផលពីធម្មជាតិ សម្រាប់ការកសាងកំពង់ផែសមុទ្រទឹកជ្រៅ មានឃ្លងចូលនាវា មានចម្ងាយជិតនឹងទឹកជ្រៅ ដែលពុំចាំបាច់ចំណាយលើការបូមស្តារជាប្រចាំ។ ដោយឡែកនិយោជិតកំពង់ផែ មានលក្ខណសម្បត្តិ និងមានជំនាញសមត្ថភាពគ្រប់គ្រាន់លើការងារប្រតិបត្តិការនិងបានបញ្ជូនទៅបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសនានា ដូចជា ជប៉ុន កូរ៉េ សឹង្ហបុរី និងបណ្តាប្រទេសផ្សេងទៀតនៅក្នុងតំបន់ ដើម្បីបម្រើវិស័យកំពង់ផែ ឱ្យមានការរីកចម្រើន ដែលជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិកម្ពុជា ទាំងមូល។

ជាងនេះទៅទៀត រាជរដ្ឋាភិបាលកម្ពុជា មានផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៧ខ្សែ នៅក្រុងព្រះសីហនុ ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗ រួមជាមួយនឹងការគាំទ្រពីទីភ្នាក់ងារ JICA លើការអភិវឌ្ឍកំពង់ផែ ទាំងផ្នែករឹង និងផ្នែកទន់ ទាំងផ្នែកបច្ចេកទេស និងផ្នែកហិរញ្ញវត្ថុ សម្រាប់ដំណើរការអភិវឌ្ឍកំពង់ផែ៕

RELATED ARTICLES