ភ្នំពេញ ៖ ជនសង្ស័យម្នាក់ថ្មីទៀត ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើស ព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនទៅតុលាការ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ខណៈដែលបក្ខពួករបស់ខ្លួនម្នាក់ ទើបតែត្រូវបានបញ្ជូនចូលទៅដល់ពន្ធនាគារ កាលពី៣ថ្ងៃមុន ពាក់ព័ន្ធទៅនឹងករណីជិះម៉ូតូដេញធាក់ម៉ូតូនារី ២នាក់ បណ្តាលឱ្យដួល រួចទាញកាំបិតដេញកាប់នារីជាម្ចាស់ម៉ូតូ ដើម្បីប្លន់។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះអឿន រស្មី ហៅតុង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជននេះ ត្រូវបានកម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុង

ខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីរូបគេជាមួយបក្ខពួក ២នាក់ផ្សេងទៀត បានចូលរួមធ្វើសកម្មភាពធាក់ផ្តួល ប្លន់ម៉ូតូ ១គ្រឿង និងប្រើកាំបិតដេញកាប់ជនរង

គ្រោះ។ ដំបូងឡើយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យបានតែម្នាក់ប៉ុណ្ណោះ គឺឈ្មោះវ៉ាន់ សុខវិច្ឆិកា ភេទប្រុស អាយុ២១ឆ្នាំ លុះក្រោយមក ក៏បានបន្តការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អឿន រស្មី ម្នាក់ទៀត រីឯជនសង្ស័យដែលនៅសល់ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកចាប់ខ្លួនបន្ត។

ជនសង្ស័យឈ្មោះអឿន រស្មី ហៅតុង បានសារភាពថា កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ខ្លួននិងបក្ខពួក ២នាក់ទៀត ឈ្មោះវ៉ាន់ សុខវិច្ឆិកា ហៅកា និងឈ្មោះវិន បានជិះម៉ូតូ ១គ្រឿង ម៉ាកស៊ីរូស ពណ៌ខ្មៅក្រហម គ្មានស្លាកលេខ ធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ម៉ាកប៊ីត ពណ៌ក្រហម ស៊េរីឆ្នាំ ២០១៩ ពាក់ស្លាកលេខ

ភ្នំពេញ 1AQ-6683 បណ្តាលឱ្យដួល ខណៈពេលនោះ ឈ្មោះវិន ក៏កាន់កាំបិតដេញកាប់នារីរងគ្រោះ ២នាក់នោះ។ បន្ទាប់មក ឈ្មោះវ៉ាន់ សុខវិច្ឆិកា បានលើកម៉ូតូជនរងគ្រោះ ជិះគេចខ្លួន ចំណែកខ្លួននិងឈ្មោះ វិន ជាអ្នកជិះពីក្រោយ រួចហើយក៏បែកផ្លូវគ្នារៀងៗខ្លួន។ បន្ទាប់ពីបែកផ្លូវគ្នាមិនបានប៉ុន្មានម៉ោងផង ស្រាប់តែឈ្មោះ វ៉ាន់ សុខវិច្ឆិកា ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបានតែម្តង រហូតមកដល់វេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ រូបខ្លួនក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថស្រាវជ្រាវរកឃើញ និងឃាត់ខ្លួនជាបន្ត ហើយកន្លងមក ខ្លួននិងបក្ខពួក ធ្លាប់ធ្វើសកម្មភាពលួចកាច់កម៉ូតូ ចំនួន ២លើកផងដែរ៕