Tuesday, June 24, 2025
Homeសង្គម និងជីវិតក្មេង៤នាក់ ចុះលេងទឹករណ្តៅដី លង់ស្លាប់១

ក្មេង៤នាក់ ចុះលេងទឹករណ្តៅដី លង់ស្លាប់១

ខេត្តស្វាយរៀង ៖ ក្មេងប្រុសចំនួន ៤នាក់ បាននាំគ្នាចុះទៅលេងទឹករណ្តៅដី ១កន្លែង លុះកំពុងលេងទឹកសប្បាយ ស្រាប់តែក្មេងប្រុសម្នាក់ក្នុងចំណោមនោះ ក៏បានលង់ទឹក បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងសមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំអម្ពិល ស្រុករមាសហែក។

យោងតាមសមត្ថកិច្ចនគរបាលស្រុករមាសហែក បានឱ្យដឹងថា ក្មេងប្រុសដែលលង់ទឹកស្លាប់ មានឈ្មោះខាយ វាសនា អាយុ១០ឆ្នាំ មានលំនៅភូមិត្រពាំងប្រីយ៍ ឃុំអុម្ពិល ស្រុករមាសហែក។

តាមប្រភពពីអ្នកភូមិ បានឱ្យដឹងថា មុនកើតហេតុ មានក្មេង ៤នាក់ ក្នុងនោះមាន ទី១-ឈ្មោះរ៉ន ចំរ៉ុង ភេទប្រុស អាយុ៩ឆ្នាំ ទី២-ឈ្មោះរ៉ន ចំរើន ភេទប្រុស អាយុ៩ឆ្នាំ ទី៣-ឈ្មោះផាន និតមុន្នី អាយុ១០ឆ្នាំ និងទី៤-ឈ្មោះខាយ វាសនា (ក្មេងប្រុសរងគ្រោះ) បាននាំគ្នាចុះលេងទឹក ក្នុងរណ្តៅដីមួយកន្លែង យ៉ាងសប្បាយ។

ប្រភពដដែល បន្តថា ក្រោយមក ខណៈដែលកំពុងលេងទឹកយ៉ាងសប្បាយ ស្រាប់តែក្មេងប្រុសរងគ្រោះឈ្មោះខាយ វាសនា បានលង់ លិចទៅក្នុងទឹកបាត់ បង្កការភ្ញាក់ផ្អើលដល់ក្មេងទាំង ៣នាក់ទៀត ដែលកំពុងលេងទឹកជាមួយគ្នា ប្រញាប់ប្រញាល់ឡើងគោក រត់ទៅក្នុងភូមិ និងស្រែកហៅមនុស្សចាស់ឱ្យទៅជួយ និងចុះស្រង់យកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែករមាសហែក ភ្លាមៗដែរ តែពេលមកដល់ គ្រូពេទ្យបានពិនិត្យរួច បញ្ជាក់ថា ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ។

តាមការពិនិត្យនិងធ្វើកោសល្យវិច័យសព ឃើញថា ក្មេងប្រុសរងគ្រោះ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES