Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លនមន្ត្រីសុរិយោដីកំពង់ឆ្នាំង ក្លែងឯកសារ

ឃាត់ខ្លនមន្ត្រីសុរិយោដីកំពង់ឆ្នាំង ក្លែងឯកសារ

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីជាអ្នកវាស់វែងដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំងម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បញ្ជូនទៅតុលាការរាជធានីភ្នំពេញ ពីបទឆបោក ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង។

ការឃាត់ខ្លួនមន្ត្រីសុរិយោដីនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃឹម សុទ្ធារិទ្ធ មុខរបរមន្ត្រីវាស់វែងសុរិយោដីខេត្តកំពង់ឆ្នាំង មានលំនៅ ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ជននេះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមដីការបស់សាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅរាជធានីភ្នំញេ កាលពីអំឡុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ មាត្រា៣៧៨ មាត្រា៦២៩ និងមាត្រា៦៣០ នៃក្រមព្រហ្មទណ្ឌ។

យោងតាមដីការរបស់សាលាដំបូងរាជធានីភ្នំពេញ លេខ៤៧៤ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ចេញដោយលោកម៉ៅ ស៊ីណា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានយល់ឃើញថា ៖

– តាមចម្លើយសារភាពរបស់ជនត្រូវចោទ ឈ្មោះប៉ុន សុខកុសល្យ ភេទប្រុស គឺខ្លួនបានទិញសន្លឹកប័ណ្ណវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ដែលមិនទាន់បញ្ចូលទិន្នន័យ ពីឈ្មោះឃឹម សុទ្ធារិទ្ធ ភេទប្រុស មុខរបរមន្ត្រីវាស់វែងសុរិយោដី ខេត្តកំពង់ឆ្នាំង មានអាសយដ្ឋានបច្ចុប្បន្ន នៅឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

– ដើម្បីធានាដល់កិច្ចស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះឃឹម សុទ្ធារិទ្ធ ភេទប្រុស មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។

ហេតុដូច្នេះសម្រេច ៖

១- ឱ្យនាំខ្លួនឈ្មោះឃឹម សុទ្ធារិទ្ធ មន្ត្រីវាស់វែងសុរិយោដីខេត្តកំពង់ឆ្នាំង មកកាន់សាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ជាកំណត់។

២- បង្គាប់មកនគរបាលយុត្តិធម៌ ឱ្យចាប់និងនាំខ្លួនឈ្មោះខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES