ខេត្តរតនគិរី ៖ បុរសម្នាក់ បានដើរចេញទៅរកឆ្លុះកង្កែប ជាមួយនឹងមិត្តភក្តិ ស្រាប់តែពេលដើរចូលទៅដល់ចម្ការស្វាយចន្ទី មួយកន្លែង ក៏ជាន់ចំអន្ទាក់របស់ព្រានព្រៃ ដែលរាយឆក់យកសត្វព្រៃ បណ្តាលឱ្យរងរបួសជើងយ៉ាងធ្ងន់ ត្រូវកាត់ម្រាមជើងចេញទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅចំណុចចម្ការស្វាយចន្ទី មួយកន្លែង ជាប់មាត់ទន្លេ ស្ថិតក្នុងការដ្ឋានទី២ ក្រុមហ៊ុនហ៊ងអាញ់យ៉ាឡាយ ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។
បុរសរងគ្រោះ មានឈ្មោះឈុន ណាក់ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះនិងមិត្តភក្តិ បាននាំគ្នាដើរចេញពីផ្ទះ បំណងទៅរកឆ្លុះកង្កែប យកមកធ្វើម្ហូប ស្រាប់តែអកុសល ពេលដើរទៅដល់ចម្ការ ស្វាយចន្ទី ខាងលើ ជនរងគ្រោះបានដើរជាន់អន្ទាក់ឆក់សត្វព្រៃ ដែលជនមិនស្គាល់មុខដាក់រាយក្នុងចម្ការស្វាយចន្ទី បណ្តាលឱ្យរងរបួសជើងខាងឆ្វេង និងដៃខាងឆ្វេងទៀតផង។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានមិត្តភក្តិ និងក្រុមគ្រួសារ ដឹកបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី លុះក្រោយពេលក្រុមគ្រូពេទ្យជំនាញពិនិត្យព្យាបាលរួច បញ្ជាក់ប្រាប់ថា របួសជើងរបស់ជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ ចាំបាច់ត្រូវកាត់ម្រាមជើងកណ្តាលចេញទៀតផង។
ដោយមើលឃើញពីទុក្ខលំបាក និងការខ្វះខាតរបស់ជនរងគ្រោះខាងលើ លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានណែនាំឱ្យលោកអនុសេនីយ៍ត្រី ស៊ុ ពិសិដ្ឋ ជំនួយការស្នាក់ការ៧៨៩ នៃមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកូនមុំ បានដឹកនាំកម្លាំង នាំយកនូវថវិកាដែលជាការចូលរួមរបស់សប្បុរសជន យកទៅជូនជនរងគ្រោះឈ្មោះឈុន ណាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ដោយក្នុងនោះ មានថវិកាដែលជាការចូលរួមរបស់សប្បុរសជន សរុបចំនួន ១ ៤២០ ០០០រៀល សម្រាប់ប្រគល់ជូនជនរងគ្រោះ ដោះស្រាយការលំបាក និងការព្យាបាលរបួសជើង៕