ខេត្តសៀមរាប ៖ សាលាអនុគណក្រុងសៀមរាប សហការជាមួយមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងអាជ្ញាធរអប្សរា នឹងរៀបចំពិធីបំបួសកុលបុត្រ កុលធីតាខ្មែរ ចំនួន ២០០រូប នៅបរិវេណអតីតរាជធានីអង្គរធំ នៅថ្ងៃ១២កើត-១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១២-១៦ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងអប់រំបន្ទុំនិស្ស័យតាមបែបពុទ្ធសាសនា ជាការតបគុណចំពោះមាតាបិតា ចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងចូលរួមប្រារព្ធបុណ្យវិសាខបូជា ដែលជាបុណ្យជាតិនិងអន្តរជាតិ ផងដែរ។

ព្រះតេជគុណឡាច លាង អនុគណក្រុងសៀមរាប បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ថា តាមពិតពិធីបំបួសកុលបុត្រ កុលធីតា ដើម្បីអបអរពិធីបុណ្យវិសាខបូជា ក្នុងឆ្នាំនេះ ត្រូវធ្វើឲ្យច្រើនដូចឆ្នាំមុនៗដែរ តែដោយសារប្រទេសកម្ពុជា ទើបរួចផុតពីគ្រោះជំងឺកូវីដ-១៩ ដែលនៅប៉ះពាល់ដល់សេដ្ឋកិច្ចនៅឡើយ ទើបបើកឲ្យកុលបុត្រ កុលធីតា ចូលរួមត្រឹម ២០០រូប ។

ព្រះតេជគុណឡាច លាង បានមានថេរដីកាដូច្នេះថា “ពរ! ធ្វើតិច ដោយសារកូវីដ វាអត់ទាន់ស្ងប់ស្រឡះនៅឡើយទេ ហើយឆ្នាំទៅមិញ យើងខាន ដោយសារកូវីដ អ៊ីចឹងយើងដាក់ច្រើនតែម្ដងទៅ ខ្លាចវាប៉ះពាល់ គឺខ្លាចកូវីដ នេះវាជូបប្រទះកើតទៅលើបុគ្គលណាមួយអ៊ីចឹង ហើយបញ្ហាសំខាន់ដែរ គឺសេដ្ឋកិច្ច ដោយសារយើងជួបវិបត្តិកូវីដ នៅខេត្តសៀមរាប វាប៉ះពាល់សេដ្ឋកិច្ចច្រើនណាស់ គឺសេដ្ឋកិច្ចទៅលើភ្ញៀវទេសចរហ្នឹង ដោយអត់ទេសចរទៅ វាទៅជាគ្មានទេ អ៊ីចឹងកាលណាយើងដាក់ច្រើនទៅ វានាំឲ្យប៉ះ យើងធ្វើបង្រ្គប់កិច្ច“ ។
ទោះបីយ៉ាងណា ព្រះតេជគុណឡាច លាង បញ្ជាក់ថា ពិធីបំបួសកុលបុត្រ កុលធីតា ក្នុងថ្ងៃបុណ្យវិសាខបូជា នេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីឆ្លុះបញ្ចាំងពីប្រពៃណីសាសនាផង ដើម្បីឲ្យកុលបុត្រ កុលធីតាខែ្មរ កាន់តែយល់ច្បាស់ពីតម្លៃព្រះពុទ្ធសាសនាផង ។ ដូច្នេះអ្នកដែលចង់ចូលរួម អាចមកចូលរួម តាមអ្វីដែលផ្សព្វផ្សាយ និងតាមចំនួនដែលបានកំណត់ ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ ទេ ដែលព្រះសង្ឃ និងមន្រ្តីធម្មការនិងសាសនាខេត្តសៀមរាប បានធ្វើពិធីបំបួសកុលបុត្រ កុលធីតាខ្មែរ ជាច្រើនរយនាក់ នៅក្នុងពេលប្រារព្ធពិធីបុណ្យពិសាខបូជា ម្ដងៗនោះ គឺបានប្រារពធ្វើជាច្រើនលើកមកហើយ ឬស្ទើរតែរៀងរាល់ឆ្នាំ ។ ក្នុងនោះ មានដូចជា កាលពីថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០១៥ មានពិធីបំបួសកុលបុត្រ កុលធីតាខ្មែរ ប្រមាណ ៧០០រូប ឱ្យប្រែក្លាយទៅជាសាមណេរ និងសីលវតី នៃព្រះពុទ្ធសាសនាខ្មែរ បានធ្វើឡើងនៅវត្តអង្គរខាងត្បូង ជាប់បរិវេណនៃប្រាសាទអង្គរវត្ត ក្រោមបរិយាកាសដ៏អធិកអធម ដោយមានការជួយជ្រោមជ្រែងពីពុទ្ធបរិស័ទមកពីច្រើនមជ្ឈដ្ឋាន ។
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ មានពិធីបំបួសកុលបុត្រ កុលធីតា ជាង៥០០រូប បានធ្វើឡើងក្នុងវត្ដអង្គរខាងត្បូង ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប ដោយក្រុមអ្នកកាន់ព្រះធម៌នោះ ភាគច្រើនជាយុវវ័យ ដែលខ្លះកំពុងសិក្សា និងមួយចំនួនទៀតនៅលីវ ដែលមានការងារធ្វើរួចហើយ ។
នៅថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ពិធីបំបួសកុលបុត្រ កុលធីតា ចំនួន៥០០រូប បានធ្វើនៅក្នុងបរិវេណវត្តអង្គរខាងត្បូង ក្រោមអធិបតីភាពព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរសភាសង្ឃ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តរាជបូព៌, ព្រះសុមង្គលសិលាចារ្យអាភាការោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប, និងលោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប និងលោក កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីជុំវិញខេត្ត ដែលបានចូលរួមជាច្រើនកុះករផងដែរ ។
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ពិធីបំបួសកុលបុត្រ-កុលធីតា ចំនួន៣០០រូប បានរៀបចំធ្វើនៅវត្តអង្គរតូចខាងត្បូង នៅតំបន់អង្គរ ដោយមានព្រះគ្រូធម្មវិសុទ្ធិកោសល កែវ អាន ព្រះចៅអធិការវត្តអង្គរតូចខាងត្បូង ជាប្រធានគណៈកម្មការបុណ្យវិសាខបូជា និងបំបួសកុលបុត្រ-កុលធីតា នៅពេលនោះ និងថែមទាំងចាត់ទុកថា ព្រឹត្តិការណ៍នេះ អាចឲ្យពុទ្ធបរិស័ទទាំងអស់ ចូលរួមអភិវឌ្ឍវិស័យសាសនា ឲ្យមានលំនឹង និងសុក្រឹតភាព តាមព្រះធម៌ រំលឹកឲ្យកូនខ្មែរដឹងពីប្រវត្តិនៃថ្ងៃបុណ្យវិសាខបូជា និងចូលរួមអនុមោទនាចាប់យកចំណែកបុណ្យកុសលដោយក្តីជ្រះថ្លា ។
សូមបញ្ជាក់ថា បុណ្យវិសាខបូជា ជាពិធីបុណ្យជាតិដ៏ធំមួយក្នុងព្រះពុទ្ធសាសនា។ ការប្រារព្ធពិធីបុណ្យវិសាខបូជា ដើម្បីរំលឹកដល់ព្រឹត្តិការណ៍ពិសេសចំនួន ៣ធំ ដូចជា ការប្រសូត ការត្រាស់ដឹង និងការចូលព្រះនិពា្វន។ ព្រះពុទ្ធ មានព្រះនាមថា សិទ្ធត្ថ (អានថា សិត-ធ័ត)។ ព្រះអង្គទ្រង់ប្រសូត នៅថ្ងៃពេញបូណ៌មី ខែវិសាខ មុនគ្រិស្តសករាជ ចំនួន ៦២៣ឆ្នាំ ។ ព្រះអង្គត្រាស់ដឹងជាព្រះពុទ្ធ នៅថ្ងៃពុធ ពេញបូណ៌មី ខែវិសាខ នាវេលាទៀបភ្លឺ។ ព្រះអង្គ ទ្រង់ចូលបរិព្វាន នៅថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ នៅពេលដែលព្រះអង្គមានព្រះជន្ម ៨០វស្សា។ ដោយសារតែទ្រង់ប្រសូត ត្រាស់ដឹង និងចូលបរិព្វាន នៅក្នុងថ្ងៃ ១៥កើត ពេញបូណ៌មី ខែវិសាខ ដូចគ្នា គឺខុសតែឆ្នាំ តែប៉ុណ្ណោះ។ ដូច្នេះ បុណ្យវិសាខបូជា គឺជាការរំលឹកដល់ថ្ងៃទាំង៣របស់ព្រះអង្គ។
បើតាមការសិក្សាស្រាវជ្រាវ ឱ្យដឹងថា នៅប្រទេសមួយចំនួន ដូចជាប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា ជាដើម ពិធីបុណ្យពិសាខបូជា ត្រូវបានធ្វើតាំងពីប៉ុន្មានរយឆ្នាំ ក្រោយពេលដែលព្រះពុទ្ធបរិនិព្វានម្ល៉េះ ។ ចំណែកនៅប្រទេសកម្ពុជា ទើបតែត្រូវបានធ្វើឡើងនៅឆ្នាំ១៨៥៥ គឺក្នុងរជ្ចកាលព្រះបាទអង្គឌួង តែប៉ុណ្ណោះ ដោយកាលណោះ ពិធីបុណ្យនេះ ធ្វើនៅរាជធានីឧដុង្គ ។ ចំណែកអ្នកដែលបានប្រារព្ធពិធីបុណ្យពិសាខបូជា មុនគេ គឺព្រះសង្ឃ និងពុទ្ធបរិស័ទ ផ្នែកខាងធម្មយុត្តិកនិកាយ ។ លុះដល់រជ្ជកាលព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ទើបព្រះសង្ឃនិងពុទ្ធបរិស័ទខាងគណៈមហានិកាយ ប្រារព្ធធ្វើជាផ្លូវការរហូតមកដល់សព្វថ្ងៃ ៕