ខេត្តបាត់ដំបង ៖ កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញ រួមនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបទីតាំងទទួល ផលចោរកម្ម ចំនួន២ទីតាំងផ្សេងគ្នា។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅចំណុច ២គោលដៅផ្សេងគ្នា ក្នុង

ក្រុងបាត់ដំបង និងបានធ្វើការបង្ក្រាបករណីទទួលផលចោរកម្ម ដោយបានដកហូតម៉ូតូចំនួន ២៦គ្រឿង និងឃាត់ខ្លួនមនុស្ស ២នាក់។

លោកបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ គោលដៅទី១ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យ ១នាក់ ឈ្មោះហ៊ួរ សុងតុង ភេទប្រុស អាយុ៣៤ឆ្នាំ

មានលំនៅ ភូមិ-សង្កាត់ខាងលើ និងគោលដៅទី២ នៅចំណុចភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ដោយបានធ្វើការនាំខ្លួនជនសង្ស័យ១នាក់ ឈ្មោះសៀង រី ហៅវី ភេទស្រី អាយុ ៣៦ឆ្នាំ មានលំនៅ ភូមិប៉ាហ៊ីខាងជើង សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ក្រោយពីឃាត់ខ្លួនយកមកសាកសួររួច ការិយាល័យជំនាញបានធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕