ភ្នំពេញ ៖ បុរសម្នាក់ ជិះម៉ូតូ ១គ្រឿងទាំងស្ថានភាពភ័យស្លន់ស្លោ មកផ្តួលចោលនៅក្រោមស្ពាន រត់គេចខ្លួនបាត់ បន្ទាប់ពីមានជនរងគ្រោះជិះម៉ូតូដេញពីក្រោយ ស្រែកថាចោរ!ៗ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០ព្រឹក ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចក្រោមស្ពានស្ទឹងមានជ័យ ខណ្ឌមានជ័យ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចចរាចរណ៍ប្រចាំការគោលដៅក្រោមស្ពានអាកាសស្ទឹងមានជ័យ បានឱ្យដឹងថា មុនពេលកើតហេតុ ប្រជាការពារម្នាក់ បានឃើញជនរងគ្រោះជិះម៉ូតូនិច ១គ្រឿង ដេញតាមម៉ូតូស្កុបពី ពីក្រោយ រួចស្រែកថា “ចោរៗឆក់កាបូប”។ ពេលមកដល់ចំណុចក្រោមស្ពានភ្លឺប្រឡាយ ជនសង្ស័យភ័យ ក៏ផ្តួលម៉ូតូចោល ហើយរត់គេចខ្លួនបាត់តែម្តង។ ចំណែកជនរងគ្រោះ មិនបានឈប់នោះទេ ដោយជិះម៉ូតូបង្ហួសទៅបាត់ផងដែរ បន្ទាប់មកប្រជាការពារ បានជិះម៉ូតូមកប្រាប់ប៉ូលិសចរាចរណ៍ប្រចាំនៅក្រោមស្ពាន ឱ្យទៅយកម៉ូតូមក ទុក រង់ចាំប្រគល់សមត្ថកិច្ចមូលដ្ឋាន។

ក្រោយមក សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ បានមកយកម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍ ហើយស្រាវជ្រាវរកជនរងគ្រោះ មកដាក់ពាក្យបណ្តឹងលើជនសង្ស័យ ក្នុងករណីធ្វើសកម្មភាពឆក់កាបូប។
ហេតុការណ៍ខាងលើ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ដោយជនសង្ស័យបានបន្សល់ទុកម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HJ-2904 ដែលជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ។ ចំណែកជនរងគ្រោះ ក៏មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា ខណៈពេលនេះ សមត្ថកិច្ចកំពុងស្វែងរកជនរងគ្រោះ ដើម្បីឱ្យមកដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ចស្រាវជ្រាវមុខសញ្ញាជនសង្ស័យ នាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕