ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេចផ្តល់ទិដ្ឋាការ រយៈពេលវែង៣ឆ្នាំ ដល់វិនិយោគិនចិន និង កូរ៉េខាងត្បូង ដើម្បីងាយស្រួលវិនិយោគនៅ កម្ពុជា។
កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-ចិន ក្រោម- ប្រធានបទ “កម្ពុជា ព្រះរាជាណាចក្រនៃកាលា- នុវត្តភាព ខ្សែក្រវាត់មួយ ផ្លូវមួយ” ដែល ធ្វើឡើងនៅសណ្ឋាគារ Garden City រាជធានី ភ្នំពេញ។
វេទិកាធុរកិច្ចកម្ពុជា-ចិន រៀបចំរួមគ្នា ដោយក្រុមហ៊ុនវិនិយោគមីងសឹង (China Min sheng Investment Group CMIG) និងក្រុមហ៊ុន លីយ៉ុងផាត់គ្រុប (L.Y.P Group) របស់ប្រទេសកម្ពុជា។ វេទិកានេះមានការ ចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងពាណិជ្ជករ ជាច្រើនមកពីប្រទេសចិន និងកម្ពុជា បានជួប ពិភាក្សាអំពីការវិនិយោគផ្សេងៗរបស់ប្រទេស ចិននៅកម្ពុជា ព្រមទាំងមានការចុះកិច្ចព្រមព្រៀង លើកិច្ចសហប្រតិបត្តិការ លើគម្រោងវិនិយោគ ផ្សេងៗមួយចំនួនទៀតផងដែរ ។
ថ្លែងនៅក្នុងពិធីបើកវេទិកានោះ សម្តេច ហ៊ុន សែន បានប្រកាសថា ដើម្បីបង្កើនភាពងាយ ស្រួលដល់វិនិយោគិនចិន និងកូរ៉េដែលមក វិនិយោគ ឬមកទេសចរនៅកម្ពុជា ដោយ មានសំណើសុំនិងឯកភាពពីក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្តេចបានសម្រេចផ្តល់ ជូនទិដ្ឋាការ (Visa) ម្តង៣ឆ្នាំ (ចេញចូលច្រើន ដង) ដល់អ្នកវិនិយោគ រួមទាំងអ្នកទេសចរណ៍ ចិន និងកូរ៉េ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានមាន ប្រសាសន៍ថា “កន្លងទៅកម្ពុជា បានផ្តល់នូវភាព អនុគ្រោះ សម្រាប់ទិដ្ឋាការរយៈពេលវែង ដោយ ចេញចូលច្រើនដងសម្រាប់អ្នកទេសចរចិន និង កូរ៉េរួចស្រេចទៅហើយ។ ប៉ុន្តែយើងបានភ្លេចគិត ទៅដល់អ្នកវិនិយោគចិន និងវិនិយោគិនរបស់ ចិនទៅវិញ ទាំងកូរ៉េផងដែរ។ ថ្ងៃនេះ តាមការ ស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមាន ការពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ ខ្ញុំបាន សម្រេចផ្តល់ជូនសម្រាប់អ្នកវិនិយោគិន ដែល មកពីចិន និងកូរ៉េ នូវទិដ្ឋាការចេញចូលច្រើនដង និងរយៈពេលវែង សម្រាប់អ្នកកាន់លិខិតឆ្លង ដែនធម្មតា។ សួរថា រយៈពេលវែង គឺរយៈពេល ប៉ុន្មាន? ខ្ញុំបានពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង ថា សុំជូន៣ឆ្នាំតែម្តង។ អ៊ីចឹងចាប់ ពីពេលនេះតទៅ អ្នកវិនិយោគទាំងឡាយរបស់ ចិន ដែលមក ដែលកាន់លិខិតឆ្លងដែនធម្មតា មិនចាំបាច់ត្រូវការវីសាថ្មីទៀតទេ ហើយក៏មិនចាំ បាច់បង់ថ្លៃទៀតដែរ ក្នុងរយៈពេល៣ឆ្នាំ ចង់ ចេញចូលប៉ុន្មានដងក៏បានដែរ ប៉ុន្តែស្ថិតនៅក្នុង របៀបបែបបទថា ត្រូវបោះត្រាចេញបោះត្រាចូល តែប៉ុណ្ណោះ មិនថាប្រទេសណាៗទេ។ អ៊ីចឹងយើង សម្រេចយករយៈពេល៣ឆ្នាំ ជារយៈពេលមួយ វែងបង្គួរ”។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បាន រំលឹកផងដែរថា នៅពេលរំដោះប្រទេសពីរបប ប៉ុលពត គឺមិននឹកស្មានថា ទីក្រុងភ្នំពេញ នឹង មានការរីកចម្រើនដូចសព្វថ្ងៃនេះទេ។ ការរីក ចម្រើនរបស់រាជធានីភ្នំពេញ មកទល់សព្វថ្ងៃ នេះ គឺមានការចូលរួមចំណែកពីដៃគូអភិវឌ្ឍន៍ ទាំងអស់ ជាពិសេសពីមិត្តចិន។ ក្នុងនោះមិត្តចិន បានជួយកសាងផ្លូវវែងជាងគេបំផុតនៅកម្ពុជា ប្រវែង ១៥០០គ.ម និងស្ពានចំនួន ៧ ប្រវែង ៣១០៤ម៉ែត្រ រួមទាំងគម្រោងផ្គត់ផ្គង់ថាមពល អគ្គិសនីពីអ្នកវិនិយោគិនចិន (BOT) ជាដើម។ កម្ពុជា និងមិត្តចិន មានចំណងទំនាក់ទំនងមិត្ត ភាពល្អជាមួយគ្នាជាយូរលង់ណាស់មកហើយ ចាប់តាំងពីអតីតប្រមុខរដ្ឋចិន ម៉ៅ សេទុង និងលោកនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ និងថ្នាក់ដឹកនាំចិនជាច្រើនទៀត ដែលមាន ទំនាក់ទំនងយ៉ាងជិតស្និទបំផុតជាមួយអតីតព្រះ មហាក្សត្រកម្ពុជា សម្តេចព្រះនរោត្តម សីហនុ ជំនាន់សង្គមរាស្ត្រនិយម។ បន្ទាប់មកទៀត ចាប់ពីឆ្នាំ២០១០ មក ប្រទេសទាំងពីរ បាន ក្លាយជាដៃគូយុទ្ឋសាស្ត្រគ្រប់ជ្រុងជ្រោយដ៏ សំខាន់។
សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជាក់ អំពីគោលដៅរួមរវាងថ្នាក់ដឹកនាំនៃប្រទេសចិន និងកម្ពុជា គឺមានគោលដៅបង្កើនទំហំពាណិជ្ជ កម្មចំនួន៥០០០លានដុល្លារ នៅឆ្នាំ២០១៧ ។ ប្រទេសចិន ជាប្រទេសដែលមានប្រភពទុន វិនិយោគធំជាងគេ ប្រមាណ ៤៩០០ លានដុល្លារ ហើយជាក់ស្តែងនៅតំបន់សេដ្ឋកិច្ចពិសេស ចិន បានវិនិយោគទឹកប្រាក់ចំនួន៥៦០លានដុល្លារ។ ចិន មានគម្រោងវិនិយោគជាង៨៤គម្រោង ដែលគិតជាទឹកប្រាក់ប្រមាណ ៧១៦លានដុល្លារ។ ទន្ទឹមនឹងនេះ ចិន ក៏កំពុងវិនិយោគ លើវិស័យធនាគារផងដែរ ដែលមានធនាគារ ឯកទេស១ និងធានាគារពាណិជ្ជ២ សរុបទឹកប្រាក់ វិនិយោគប្រមាណ ២២៣លានដុល្លារ។
ចំពោះជើងយន្តហោះ សម្តេចនាយករដ្ឋ មន្ត្រីកម្ពុជា បញ្ជាក់ថា ១សប្តាហ៍ មានជើង ហោះហើរពីចិន មកកម្ពុជា មានចំនួន៩៣ ជើង គឺមាន៥១ជើង នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ៣០ជើង នៅអាកាសយានដ្ឋាន ខេត្តសៀមរាប និង១២ជើង នៅខ្តេព្រះសីហនុ ដែលចំនួននេះជាចំនួនច្រើនគួរឱ្យចាប់ អារម្មណ៍។ ដូច្នេះ តាមប្រធានបទនៃវេទិកា ថ្ងៃនោះ គឺ បានសង្កត់ធ្ងន់ទៅលើការតាំងចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋាភិបាលចិន និងសហគ្រាសឯកជន ដូចជា CMIG ដើម្បីបន្តឈានទៅមុខ ក្នុងការ អភិវឌ្ឍឱកាសវិនិយោគក្នុងប្រទេសកម្ពុជា លើវិស័យផ្សេងៗ ហើយនៅក្នុងវេទិកា ធុរកិច្ច កម្ពុជា ចិន លើកដំបូងនេះ នឹងមានការ ចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និង គម្រោងវិនិយោគមួយចំនួន ដែលក្នុងនោះក៏ មាន គម្រោងវិនិយោគសាងសង់ទីក្រុងរណប មិត្តភាពកម្ពុជា-ចិន នៅភ្នំពេញ នេះទៀតផង។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា កម្ពុជា ពិតជាមានសក្តានុពលយ៉ាងច្រើន ក្នុង ការវិនិយោគ ក្នុងនោះរួមទាំងអំណោយផល នៃស្ថេរភាពនយោបាយ និងស្ថានភាពម៉ាក្រូ សេដ្ឋកិច្ច ដែលធានាបាននូវលំនឹងកំណើនសេដ្ឋកិច្ច ប្រមាណ ៧,៧% និងមានកម្លាំងពលកម្មជាង ៧០ភាគរយ ដែលអាចបម្រើទីផ្សារបានយ៉ាង ងាយស្រួលទៀតផង។ ទន្ទឹមនឹងនេះ កម្ពុជា គឺជាសមាជិកអាស៊ានដែលមានទីផ្សារជាង៦០០ លាននាក់ ដែលកាន់តែងាយស្រួលដល់អ្នកវិនិយោគ។
ជាចុងបញ្ចប់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានអរគុណមិត្តចិន ដែលកំពុងជួយ កសាង និងបន្តវិនិយោគនៅកម្ពុជា និងជ្រើសរើស កម្ពុជា ជាទិសដៅវិនិយោគប្របកដោយជំនឿ ទុកចិត្តបំផុត៕