Tuesday, June 24, 2025
Homeសង្គម និងជីវិតមើលមុខកូន នឹកដល់អូន ទឹកភ្នែកបងហូរ

មើលមុខកូន នឹកដល់អូន ទឹកភ្នែកបងហូរ

ភ្នំពេញ ៖ ករណីប្តីប្រពន្ធវ័យក្មេងមួយគូ ទើបនឹងចាប់ដៃគ្នាសាងគ្រួសារ រៀបការមិនទាន់បាន ១ឆ្នាំស្រួលបួលផង ស្រាប់តែជួបគ្រោះអកុសល ត្រូវព្រាត់និរាសគ្នាដោយគ្មានថ្ងៃវិលត្រឡប់ បន្ទាប់ស្ត្រីជាភរិយា បានសម្រាលកូនដោយសុវត្ថិភាព ប៉ុន្តែខ្លួនឯងបែរជាបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ជាហេតុធ្វើឱ្យបុរសជាប្តី តក់ស្លុតរន្ធត់ចិត្ត ទទួលយកសឹងមិនបាន បានត្រឹមបញ្ចេញសារ ទួញយំស្រណោះអាល័យភរិយាជាទីស្រលាញ់យ៉ាងខ្លាំង នោះ នៅពេលនេះ កូនរបស់ពួកគេដែលសម្រាលមិនគ្រប់ខែនោះ បានចេញពីមន្ទីរពេទ្យហើយ ធ្វើឲ្យបុរសជាប្តីបញ្ចេញសារទុក្ខសោកជាថ្មី «មើលមុខកូន នឹកដល់អូន ទឹកភ្នែកបងហូរ»។

ស្ត្រីរងគ្រោះដែលសម្រាលកូនរួច បាត់បង់ជីវិតចោលកូននិងប្តីនោះ មានឈ្មោះរៀម រីវ៉ា អាយុ២៣ឆ្នាំ។ ចំណែកបុរសជាប្តី ឈ្មោះងួន ស៊ីមុយ។

បុរសជាប្តី ឈ្មោះងួន ស៊ីមុយ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី៣០ ខែមេសា​ឆ្នាំ២០២២ ថា «មើលមុខកូនយើង ទឹកភ្នែកបងហូរ (និងមូលហេតុនៃការឃ្លាតទៅដល់សែនឆ្ងាយ….)។

អូនអើយ!… កូនយើងបានចេញពីមន្ទីពេទ្យបានហើយណា។ ដល់មន្ទីពេទ្យ បងឃើញប្តីគេមកជាមួយនឹងប្រពន្ធគេ ជាគូៗ គេញញឹមសើចសប្បាយរីករាយ រង់ចាំទទួលយកកូនគេ ខុសអីតែបង អង្គុយហូរទឹកភ្នែកជាមួយតាយាយយើង។ អ្នកគ្រូពេទ្យ ក៏បានសួររកអូនដែរ “បងប្រុស ឯណាភរិយាបង? សម្រាលអាអូនហើយ សុខភាពគាត់យ៉ាងម៉េចដែរបង?» តែបងគ្មានចម្លើយសម្រាប់គាត់នោះទេអូនអើយ  បានត្រឹមមើលមុខកូនយើង ហើយស្រក់ទឹក

ភ្នែកតែប៉ុណ្តោះ។ កូនយើងពិតជាគួរស្រលាញ់ណាស់ សម្បុរស ច្រមុះស្រួច កែវភ្នែកមូលស្អាត… ហើយមាត់កាត់ទៅរកអូនឯង គឺដូចអ្វីដែលអូនប្រាថ្នាចង់បានអ៊ីចឹងណាប្រពន្ធសម្លាញ់។ ការពិតពេលនេះបងគួរសប្បាយចិត្ត រំភើបរីករាយ ដូចគ្រួសារគេដទៃ ប៉ុន្តែបងគ្មានសំណាងដូចគេទេ បងត្រូវមកទទួលកូនយើងតែម្នាក់ឯង។ អូនអើយ! បងពិបាកទទួលយកណាស់។ អូនទុកកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់ ឲ្យបង ហើយក៏ទៅចោលបាត់ ដូចក្នុងរឿងព្រេង ទិព្វសូដាចន្ទ និងចៅមាណព ប៉ុន្តែចៅមាណព សំណាងជាងបង ១០ឆ្នាំម្តង នឹងបានជួបមុខប្រពន្ធខ្លួន តែបងមិនដឹងថាទៅស្វែងរកជួបអូននៅទីណាបាននោះទេ»។

បុរសដដែល សរសេរបន្តថា «ការឈឺចាប់ដែលបងនិងគ្រួសារយើងបាននិងកំពុងទទួល គឺកើតចេញពីភាពធ្វេសប្រហែស ខ្វះការតាមដាន និងគ្មានទំនួលខុសត្រូវរបស់គ្លីនិកឯកជន ១កន្លែង ដែលគ្រួសារយើងទុកចិត្តយ៉ាងខ្លាំង។ ហេតុអ្វីគេមិនគិតឲ្យបានច្បាស់លាស់ មុននឹងព្យាបាល ទាំងដឹងហើយថា អូនមានផ្ទៃពោះ ៨ខែ១០ថ្ងៃ (ខ្លួនមួយ ជីវិត២)។ ដំបូងអូនគ្រាន់តែមានអាការក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួនតែប៉ុណ្ណោះ ការព្យាបាលនៅទីនោះ ត្រឹមតែរយៈពេល ២យប់ អូនក៏ចាប់ផ្តើមក្អក ហើយពិបាកដល់ដង្ហើម បងឃើញគេចាក់ថ្នាំអូនច្រើនៗ ព្យួរសារ៉ូម បងបារម្ភណាស់ តែបងគ្មានចំណេះខាងហ្នឹង បូកនឹងការទុកចិត្តគេពេក។ ការចេញពីគ្លីនិកនោះ ក៏គេមិនបានដាក់អុកស៊ីសែន ឲ្យអូនទៀត ទាំងអូនមានអាការពិបាកដកដង្ហើមទៅហើយនោះ។ អូនអើយ! បងពិតជាឈឺចាប់ និងស្តាយក្រោយណាស់….. កូនអើយ! ឲ្យប៉ាសុំទោសផងណាដែលកូនមិនបានឃើញមុខម៉ាក់។

ជាចុងក្រោយ ខ្ញុំស្នើសុំចិត្តគ្រូពេទ្យទាំងឡាយ សូមធ្វើការព្យាបាល និងតាមដានអ្នកជំងឺរបស់ខ្លួន ដោយមិនធ្វេសប្រហែស និងយកចិត្តទុកដាក់ខ្ពស់បំផុត ពិសេសស្ត្រីមានផ្ទៃពោះដូចភរិយាខ្ញុំ។ គ្រូពេទ្យ គឺជាទេវតាប្រស់ជីវិត ហើយក៏អាចជាយមរាជផ្តាច់ជីវិតមនុស្សផងដែរ សូមកុំផ្តល់ការឈឺចាប់ ការបាត់បង់មនុស្សជាទីស្រលាញ់ដល់គ្រួសារអ្នកជំងឺ ដូចអ្វីដែលខ្ញុំកំពុងទទួល»។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែមសា ឆ្នាំ២០២២ បុរសជាប្តីខាងលើ បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួនថា “ឃ្លាតទៅសែនឆ្ងាយ… បើអាចបង្វែរពេលវេលាថយក្រោយបាន បងសុំឱ្យវិលទៅរកកាលពី ៥ថ្ងៃមុន បងសុំសម្រេចចិត្តម្តងទៀត ដើម្បីសង្គ្រោះជីវិតអូន ណាប្រពន្ធសម្លាញ់។ រយៈពេលត្រឹមតែ ៣យប់សោះ បែរជាអាចធ្វើឱ្យអូនចាកចេញទៅពីបង និងគ្រួសារដោយមិននឹកស្មាន។ អូនអើយ! កូនយើងមានសុខសុវត្ថិភាពហើយ ពេលទៅពេទ្យរាល់ខែ អូនតែងចង់ឃើញមុខកូន អូនស្រលាញ់កូនណាស់ អូនទិញសម្ភារៈគ្រប់យ៉ាងទុក តាំងពី៥-៦ខែ ត្រៀមសម្រាប់កូន តែថ្ងៃដែលកូនយើងបានឃើញពន្លឺថ្ងៃ បែរជាអូនមិននៅទៅវិញ ទោះជាកូនយើងត្រូវសម្រាលមុនកំណត់ ប៉ុន្តែគាត់មានរឹងមាំ ហើយគួរឱ្យស្រលាញ់ណាស់។ អូនជាស្រីម្នាក់ដែលឆ្លាត ហើយពូកែ ចូលចិត្តអាណិតនិងជួយអ្នកដទៃ ហើយក៏ជាភរិយាម្នាក់ដែលស្រលាញ់ស្វាមីបំផុត ពេលបងចេញទៅធ្វើការ គឺសុំឱបបន្តិចសិន ពេលមកពីធ្វើការវិញ ក៏សុំឱបបន្តិចដែរ។ អូនតែងចង់ឱ្យប្តីប្រើរបស់ណាដែរល្អៗ ហើយខ្លួនឯងប្រើអ្វីក៏បាន។ អូនភ្លេចហើយ? អូនបានសន្យានឹងបងហើយថា ពេលកូនរបស់យើងអាយុ៦ខែ ពួកយើងនឹងចេញដើរលេងនៅក្រៅប្រទេសជាមួយគ្នា តែពេលនេះអូនបានក្បត់សន្យាជាមួយបងហើយ។ អូនបានប្រាប់បងថា ក្រៅពីគ្រួសារ បងគឺជាបុរសម្នាក់ដែលអូនស្រលាញ់ខ្លាំងបំផុត ប៉ុន្តែបងគ្មានសំណាងសោះ បែរជាត្រូវបាត់បង់មនុស្សដែលស្រលាញ់បងបំផុត ដោយមិននឹកស្មានទៅវិញ។ ពួកយើងរៀបការមិនទាន់បាន ១ឆ្នាំផង (១០ខែ ៦ថ្ងៃ) អូនក៏ត្រូវឃ្លាតពីបងទៅកន្លែងដ៏សែនឆ្ងាយ ឆ្ងាយរហូតបងមិនអាចស្វែងរកអូនឃើញ។ ហេតុអ្វីបានជាយើងមិនរស់នៅជាមួយគ្នាដល់ចាស់ ដូចគូគេដទៃ។ រឿងដែលកើតឡើង បងពិតជាមិនអាចទទួលយកបាន ប៉ុន្តែទោះបងមិនព្រមទទួលយ៉ាងណា ក៏វាបានកើតឡើងហើយ។ បងនឹងមើលថែកូនយើង និងគ្រួសារ យើងឱ្យបានល្អណា សូមអូនបានទៅដល់ឋាននៃបរមសុខ។ ចុងក្រោយ បងចង់ប្រាប់ថា បងក៏ស្រលាញ់ខ្លាំងបំផុតដូចគ្នា ក្តីស្រលាញ់ដែលអូនបានផ្តល់ឱ្យបង បងនឹងរក្សាវាទុកជារៀងរហូត។ ពីបង ស្វាមីសម្លាញ់របស់អូន…”៕

RELATED ARTICLES