Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតុលាការកោះហៅកូនស្រីឧកញ៉ា បំភ្លឺពាក់ព័ន្ធអំពើលួច

តុលាការកោះហៅកូនស្រីឧកញ៉ា បំភ្លឺពាក់ព័ន្ធអំពើលួច

ខេត្តស្វាយរៀង ៖ ករណីកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បាននាំបក្ខពួកចំនួន ៣នាក់ ឈ្មោះថន ឈ្មោះប្រុស និងឈ្មោះរ៉ា ទៅយកសម្ភារៈនិងភេសជ្ជៈប្រជាពលរដ្ឋលក់ដូរ នៅតាមផ្លូវ ត្រូវជាប់ចោទពីបទ “ប្រព្រឹត្តអំពើលួច និងប្រើអំណាចគាបសង្កត់” ហើយត្រូវព្រះរាជអាជ្ញា ចេញដីកាកោះហៅឱ្យចូលទៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

ទាក់ទិនករណីខាងលើនេះ សមត្ថកិច្ចបានឱ្យដឹងថា កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ឈ្មោះស៊ូ ស៊ី ភេទស្រី អាយុ២៥ឆ្នាំ ជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី ក្រុងបាវិត បាននាំបក្ខពួកទៅលើកយកសម្ភារៈលក់ដូរ និងភេសជ្ជៈដូចជា ធុងទឹកកកធំចំណុះ ១០០លីត្រ ចំនួន២ ធុងដាក់ទឹកកក ចំណុះ ៦០លីត្រ ចំនួន១ និងភេសជ្ជៈក្នុងធុង ជាច្រើនទៀត ដែលជារបស់ប្រជាពលរដ្ឋ លើកដាក់លើរទេះ យកទៅស្នាក់ការកាស៊ីណូ ដោយសំអាងថា ប្រជាពលរដ្ឋឈ្មោះកុយ សុវណ្ណី ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ទៅលក់នៅចំណតរថយន្តរបស់គេ ហើយមិនព្រមបង់ប្រាក់ ទើបពួកគេរឹបអស់សម្ភារៈនិងភេសជ្ជៈបែបនេះ។

តាមសម្តីស្ត្រីឈ្មោះកុយ សុវណ្ណី មានលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត បានឱ្យដឹងថា គាត់ប្រកបមុខរបរលក់ភេសជ្ជៈនៅលើដីសាធារណៈរបស់រដ្ឋ ខាងមុខច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាយូរឆ្នាំមកហើយ លុះដល់ឆ្នាំ២០០៧ ឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី បានវិនិយោគធ្វើចំណតរថយន្ត ដោយទទួលបានអាជ្ញាប័ណ្ណរយៈពេល៣០ឆ្នាំ “ពីឆ្នាំ២០០៧-ដល់ឆ្នាំ២០៣៧”។ កាលពីឆ្នាំ២០១៧ គាត់បានបន្តប្រកបមុខរបរលក់ភេសជ្ជៈនេះ គ្មានអ្នកណាមកឱ្យបង់ប្រាក់ឡើយ រហូតដល់ឆ្នាំ២០១៩ ក៏មានឈ្មោះស៊ូស៊ី កូនស្រីឧកញ៉ា លី ប៉ោយូ មកទាមទារបង់ប្រាក់ឱ្យពួកគេ ក្នុង១ខែ ៤០០ដុល្លារ ដោយរូបគាត់ពុំបានបង់ប្រាក់ឱ្យនោះទេ ពីព្រោះគាត់ប្រកបមុខរបរនៅលើដីសាធារណៈរបស់រដ្ឋ ជិតប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ បាវិត មិនមែនចំណតរថយន្តលោកឧកញ៉ា លី ប៉ោយូ ទេ។

ចំពោះករណីនេះដែរ ក្រុមអ្នករត់តាក់ស៊ី បានលើកឡើងថា បេនឡានក្រុងបាវិត គឺនៅខាងក្នុង លុះដល់ឆ្នាំ២០១២ ស្រាប់តែម្ចាស់បេន លោកឧកញ៉ា លី ប៉ោយូ បានសាងសង់អគារ ធ្វើផ្សាររាត្រី ធ្វើតូបជួលទៅឱ្យជនបរទេស រហូតមកដល់ឆ្នាំ២០១៥ បានសង់អគារកាស៊ីណូ ផ្ទះជួលសងខាងនៅសល់ចន្លោះកណ្តាលតូចប៉ុនថ្នល់ រហូតអស់ទីតាំងចំណតបេនឡាន។ សព្វថ្ងៃគឺអ្នកប្រកបមុខរបររត់តាក់ស៊ី ត្រូវយកចិញ្ចើមផ្លូវសាធារណៈ ធ្វើចំណតតាក់ស៊ី ហើយកូនឧកញ៉ា លី ប៉ោយូ មកយកថ្លៃបេនរថយន្ត ១គ្រឿង ១ម៉ឺនរៀល រាល់ថ្ងៃ ខណៈបេនឡាន បានក្លាយជាអគារកាស៊ីណូ ផ្ទះជួល តូបជួល ឱ្យជនបររទេសអស់ហើយ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីអ្នកស្រី ស៊ូ ស៊ី ដែលជាកូនស្រីលោកឧកញ៉ា លី ប៉ោយូ ម្ចាស់កាស៊ីណូពិភពថ្មី បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES