ភ្នំពេញ៖អតីតតារាសម្ដែងលោកស៊ុក សុភា បានកោសក់សាងផ្នួសសាមណេរ(នេន)រយៈពេលខ្លីនៅវត្តមួយនៅប្រទេសអូស្រា្ដលី ហើយត្រូវបានលោកសុភា អះអាងថាការទៅបួសនោះគឺចំថ្ងៃកំណើតរបស់លោកទើបសម្រេចចិត្តគ្រងស្បង់ចីពរ ដោយលោកបានហៅខ្លួនឯងថាជានេនទុំ ទៀតផង។យ៉ាងណាលោកសុភា មិនប្រាប់ថាបួសមានរយៈពេលប៉ុន្មានថ្ងៃហើយនៅវត្តណានោះទេ តែការសាងផ្នួសរបស់លោកនេះត្រូវបានគេផ្សារភ្ជាប់ថាអតីតសង្សារអ្នកនាងចាន់ សុផានី រូបនេះចង់បង្ហាញទឹកចិត្តស្មោះសចំពោះភរិយាលោកអ្នកនាងហ្សារីណា បន្ទាប់ពីចំណងស្នេហាជួបរឿងរកាំរកូសមួយរយៈក៍វិលមករកភាពផ្អែមល្ហែមសារជាថ្មី។អ្នកខ្លះបានលើកឡើងថាលោកសុភា ដើរផ្លូវដូចលោកជា វិបុល ដែរព្រោះថាអំឡុងពេលដែលពិធីកររូបនេះមានបញ្ហាធំជាមួយអ្នកនាងសុជាតិ គឺលោកបានទៅសាងផ្នួសរយៈពេល១០ថ្ងៃដើម្បីឲ្យភរិយាជឿរជាក់លើលោកដូចដើមវិញ ក្រោយលោកវិបុល ផ្ទុះរឿងស្នេហាជាមួយនាងចាន់ កែវនិមល ដែលធ្វើឲ្យសុជាតិ ដឹកចូលពេទ្យទាំងយប់ព្រោះឈឺចុកចាប់បេះដូងខ្លាំងពេក។


សូមបញ្ជាក់ថាកាលពីខែសីហាឆ្នាំ២០២១ លោកស៊ុក សុភា ធ្លាប់ត្រូវបានភរិយាកូន៥អ្នកនាងហ្សារីណា បានប្រកាសចែកផ្លូវស្នេហ៍ដោយមូលហេតុមកពីអតីតគូដណ្ដឹងខៀវ សុខារ៉ាវី រូបនេះមិនចេះបែងចែកឲ្យដាច់ស្រឡះរវាងតួនាទីជាមួយក្រុមគ្រួសារនិងប្រពន្ធកូន។ដោយសារតែតុកស៊ិកខ្លាំងពេកទើបលោកសុភា បានមកសម្ងំនៅខ្មែរមួយរយៈកាលពីខែវិច្ឆិការឆ្នាំ២០២១ ហើយមិនយូប៉ុន្មានលោកសុភា ហៅនេនទុំ ក៍បានវិលទៅអូស្រា្ដលីនិងត្រូវត្រូវគ្នាជាមួយភរិយាដូចដើម ធ្វើឲ្យអ្នកតាមដានរឿងស្នេហាលោកចង់អស់ជំនឿរព្រោះថាប្ដីប្រពន្ធ១គូនេះទោះជាឈ្លោះគ្នាខ្លាំងយ៉ាងណាក៍នៅតែអាចវិលមករកភាពផ្អែមល្ហែមវិញបានដែរ។


ក្រៅពីស៊ុក សុភា តារាដែលកំពុងរស់នៅប្រទេសអូស្រ្ដាលីមានដូចជាលោកខៃ ប្រសិទ្ធ,ដាញ់ ម៉ូនីកា ,ផូ មុនីពៅ,អឿន ដាលីស និងសុខ ច័ន្ទណានូ ជាដើម។តាមព័តមានថាក្រោយលាចាកសិក្ខាបទ(សឹក)វិញលោកសុភា និងភរិយានឹងរៀបគម្រោងយកកូនទី៦ ដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំថែមទៀត ទើបនាំឲ្យមេម៉ាយៗនៅអូស្រា្ដលីដែលរងចាំត្រងយកស៊ុក សុភា ពេលលែងលះប្រពន្ធឲ្យដាច់ស្រាច់នោះខកចិត្តគ្រប់គ្នាព្រោះថាលោកសុភា នៅតែមិនដាច់អាល័យពីភរិយាសាច់សខ្ចីរបស់លោកអ្នកនាងហ្សារីណា ឡើយ៕

