Sunday, May 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគប់គិតគ្នាលួចដីគេលក់ ជាប់ខ្នោះ២នាក់

គប់គិតគ្នាលួចដីគេលក់ ជាប់ខ្នោះ២នាក់

ខេត្តមណ្ឌលគិរី ៖ បុរស២នាក់ បានត្រូវកម្លាំងអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ក្រោយមានពាក្យបណ្តឹងពីបទរំលោភលើទំនុកចិត្ត ក្លែងបន្លំឯកសាធារណៈ ប្រើឯកសារសាធារណៈក្លែង និងបទសមគំនិតលួចលក់អចលនវត្ថុអ្នកដទៃ មិនមែនជារបស់ខ្លួន ដែលមានទីតាំងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។

សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន ក្រោយពីមានពាក្យបណ្តឹងពីម្ចាស់ដី ពាក់ព័ន្ធនឹងករណីកេងប្រវ័ញ្ចដីគេអស់ប្រវែង ៣០ម៉ែត្រ ខណៈម្ចាស់ដី ពឹងឱ្យរត់ការធ្វើប្លង់រឹង។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

បន្ទាប់ពីបានសាកសួរដេញដោលអស់រយៈពេលពេញមួយថ្ងៃ ជនសង្ស័យឈ្មោះយស ចាន់ថា បានឆ្លើយសារភាពពីករណីខាងលើថា ដោយមានការត្រូវរ៉ូវគ្នាជាមួយមន្ត្រីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តម្នាក់ ទើបគេអាចធ្វើប័ណ្ណកម្មសិទ្ធិដី (ប្លង់រឹង) កាត់ចេញពីម្ចាស់ដីដើម លក់ឱ្យអ្នកដទៃ អស់ជាច្រើនឆ្នាំកន្លងមក។

នៅពេលទទួលបានចម្លើយសារភាពរបស់ឈ្មោះយស ចាន់ថា កម្លាំងសមត្ថកិច្ច បានបន្តនីតិវិធី ដែលនៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានហៅឈ្មោះចាន់ ផានិត មន្ត្រីនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្ត ទៅសាកសួរនៅបញ្ជាការដ្ឋានអាវុធហត្ថ ។ នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ បន្ទាប់ពីប្រមូលភ័ស្តុតាងនិងសាក្សីបានគ្រប់ជ្រុងជ្រោយហើយ កម្លាំងអាវុធហត្ថខេត្ត ក៏បានបញ្ជូនជនសង្ស័យទាំង២នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះយស ចាន់ថា និយាយថា ឈ្មោះ ទេព សាផន បានឱ្យរូបគេលក់ដីឱ្យគាត់មួយកន្លែង ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ហើយរូបគេបានប្រាប់គាត់ថា ចាំរកម៉ូយលក់ឱ្យ។ លុះនៅអំឡុងឆ្នាំ២០១៤ ឈ្មោះសុខ ហួត ចង់ទិញដីនៅចំណុចនោះ រូបគេក៏បានណែនាំឱ្យឈ្មោះសុខ ហួត ទិញដីនេះតែម្តង ដែលមានទីតាំងនៅផ្លូវបំបែកដាក់ដាំ ស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពាន មានជ័យ ក្រុងសែនមនោរម្យ។ រូបគេនិងឈ្មោះទេព សាផន បានទៅជួបលោកសុខ ហួត នៅរាជធានីភ្នំពេញ ពេលនោះលោកសុខ ហួត បានយល់ព្រមទិញដីពីលោកទេព សាផន ដោយលោកសុខ ហួត កក់ប្រាក់ឱ្យលោកទេព សាផន រត់ការផ្ទេរសិទ្ធិទៅឱ្យគាត់។

ពេលត្រឡប់មកខេត្តមណ្ឌលគិរី វិញ លោកទេព សាផន បានឱ្យរូបគេជាអ្នករត់ការឯកសារប្លង់រឹង ចុចគំនូសប្លង់ ដោយយកពីកែងផ្លូវដាក់ដាំ ទៅព្រំដែនដាក់ដាំ មានប្រវែង ១៧០ម៉ែត្រ បានបោះបង្គោលថ្មកំណត់ព្រំដី នៅសល់ប្រវែងប្រហែល ៣០ម៉ែត ទុកសម្រាប់ដើម្បីយក ចំណេញផ្ទាល់ខ្លួន។ ចំណែកដីដែលទុកសម្រាប់ចំណេញ ចំនួន៣០ម៉ែត្រ រូបគេបានឱ្យឈ្មោះវ៉ា ផល្លី ហៅទី ឈរឈ្មោះលក់ទៅឱ្យឈ្មោះភ័ស្ស (នៅ សុធា) ទទឹង ២៥ម៉ែត្រ និងបណ្តោយ៣៥ម៉ែត្រ នៅសល់ចំនួន ១០ម៉ែត្រ លក់ទៅឱ្យឈ្មោះជុំ ស៊ីថៃ។

នៅពេលរត់ការលើលិខិតផ្ទេរសិទ្ធិ រូបគេបានឱ្យលោកទេព សាផន ផ្តិតមេដៃលើឯកសារចំនួន៣ច្បាប់ និងបានយកស្នាមមេដៃ លិខិតផ្ទេរដែលនៅសល់របស់លោកទេព សាផន ផ្ទេរទៅឱ្យឈ្មោះវ៉ា ផល្លី ជាប្អូនថ្លៃជីដូនមួយ បណ្តោយ ៣៥ម៉ែត្រ និងទទឹង ២៥ម៉ែត្រ ខាងជើង ទល់នឹងផ្លូវ ខាងត្បូងទល់នឹងដីរបស់ម៉ម គឹមណៃ ខាងលិចទល់នឹងដីរបស់សុខ ហួត ខាងកើតទល់នឹងដីជាង ឡែន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ១៦២,១៤។ ចំណែកដីនៅសល់ទទឹង ១០ម៉ែត្រ និងបណ្តោយ ២៨ម៉ែត្រ ខាងជើងទល់នឹងផ្លូវ ខាងត្បូងទល់នឹងដីរបស់ម៉ម គឹមណៃ ខាងលិចទល់នឹងដីរបស់សុខ ហួត ខាងកើតទល់នឹងដីជាង ឡែន បានផ្ទេរសិទ្ធិទៅឱ្យឈ្មោះជុំ ស៊ីថៃ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៥ លិខិតផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីលេខ ១០០/១៥។

សូមបញ្ជាក់ថា ទំហំផ្ទៃដីដើមដែលឈ្មោះសុខ ហួត ទិញពីឈ្មោះទេព សាផន មានទំហំ ៥ ៥០១ម៉ែត្រការ៉េ ហើយនៅពេលពឹងឱ្យឈ្មោះ យស ចាន់ថា និងឈ្មោះ ចាន់ ផានិត ធ្វើប្លង់ឱ្យបែរជានៅសល់ត្រឹម ៣១៥២ម៉ែត្រការ៉េ ពោលគឺបាត់អស់ ២៣៤៩ម៉ែត្រការ៉េ៕

RELATED ARTICLES