ខេត្តស្ទឹងត្រែង ៖ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវរកមុខសញ្ញាចោរគាស់ផ្ទះប្រជាពលរដ្ឋទាំងយប់ ចំនួន៥ខ្នង យកប្រាក់បានសរុបចំនួន ប្រាំពីរពាន់ដុល្លារ និងជាង ១៦លានរៀល (សរុបជាង៤៤លានរៀល) នៅភូមិថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីចុងខែមេសា កន្លងទៅនេះ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា អំពើចោរកម្មខាងលើ កើតឡើងទៅលើផ្ទះប្រជាពលរដ្ឋ ចំនួន ៥ខ្នងផ្ទះ ដែលនៅជាប់គ្នា ហើយក្នុងចំណោមផ្ទះដែលត្រូវចោរគាស់នោះ មានតែផ្ទះមួយប៉ុណ្ណោះ ចោរពុំបានចូលទៅទេ គឺជាផ្ទះដែលមានបំពាក់កាមេរ៉ាសុវត្ថិភាព។





សកម្មភាពចោរ អាចនឹងមានគ្នាច្រើន ហើយបានប្រើឧបករណ៍កំណាត់ឈើ គាស់ទ្វារពីខាងក្រៅ ក្រោយផ្ទះទាំងអស់។ ពេលចូលដល់ក្នុងផ្ទះ បានប្រមូលកាំបិតម្ចាស់ផ្ទះ ដើម្បីការពារខ្លួន និងធ្វើសកម្មភាពឆែកឆេរប្រមូលប្រាក់ទាំងអស់ រួចទុកកាំបិតឱ្យម្ចាស់ផ្ទះវិញ។ ទុកកំណាត់ឈើដែលគាស់នោះ រួចគេចខ្លួនបាត់។


ស្ត្រីឈ្មោះដាំ ផល្លា ដែលបាត់បង់ប្រាក់អស់ច្រើនជាងគេ បានប្រាប់ឱ្យដឹងថា សកម្មភាពចោរ ធ្វើឡើងនៅពាក់កណ្តាលអធ្រាត្រ ទំនងជាប្រើថ្នាំធ្វើឱ្យម្ចាស់ផ្ទះមិនដឹងខ្លួន ហើយមានអាការឈឺក្បាលជាដើម។


ប្រភពពីសមត្ថកិច្ច បានប្រាប់ថា ចោរលួចគាស់ផ្ទះ ប្រាំខ្នងផ្ទះ នៅឃុំថាឡាបរិវ៉ាត់ បាត់បង់ លុយសរុប ៧០០០ដុល្លារ និងលុយខ្មែរ សរុប ១៦ ៤៨០ ០០០រៀល និងលុយសន្សំក្នុងកូនជ្រូក ចំនួនពីរទៀត តែមិនដឹងចំនួនប៉ុន្មាននោះឡើយ៕