ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ បានបើកប្រតិបត្តិការបង្ក្រាបឈ្មួញគ្រឿងញៀនមួយក្រុម ប្រដាប់ដោយអាវុធខ្លី ចំនួន២ដើម និងថ្នាំញៀនមួយចំនួនធំ ព្រមទាំងឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដោយក្នុងនោះ មេខ្លោងម្នាក់ ត្រូវគេស្គាល់ថា គឺជាកូនប្រុសអតីតប្រធានតុលាការខេត្តកំពង់ស្ពឺ ទៀតផង។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ តាមបញ្ជាដឹកនាំផ្ទាល់របស់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ពុធ ស៊ុនរស្មី នាយករងមន្ទីរប្រឆាំងគ្រឿងញៀន បានចុះសហការ ជាមួយកម្លាំងស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ខេត្ត

កណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ក្រោមការសម្របសម្រួលពីលោកស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងព្រះរាជអាជ្ញាបណ្តាខេត្តពាក់ព័ន្ធ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប៤គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់។

គោលដៅទី១- នៅចំណុចតាមបណ្តោយផ្លូវលំជិតស្ពាន ៧មករា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ និងថ្នាំញៀន ៧កញ្ចប់។ គោលដៅទី២- នៅចំណុចភូមិទួលសុទិន ឃុំអង្គពពែ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១នាក់ និងថ្នាំញៀន ១កញ្ចប់។ គោលដៅទី៣- នៅចំណុចមុខផ្សារដើមរកា តាម

បណ្តោយផ្លូវជាតិលេខ៣ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ចាប់យកថ្នាំញៀន ២កញ្ចប់ និងរថយន្ត ១គ្រឿង និងគោលដៅទី៤- នៅចំណុចក្បែស្តុបអង្គតាសោម តាមបណ្តោយផ្លូវជាតិលេខ៣ ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀន ៣កញ្ចប់ និងរថយន្ត ១គ្រឿង។

លទ្ធផលសរុប ឃាត់ខ្លួនជនសង្ស័យ ៦នាក់ រួមមាន ៖ ទី១-ឈ្មោះម៉ុង បូរិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ។ ទី២-ឈ្មោះស៊ឹម វិចិត្ត ភេទប្រុស អាយុ៣៣ឆ្នាំ។ ទី៣-ឈ្មោះអ៊ុក ម៉ាលីបុត្រ ភេទប្រុស អាយុ២៤ឆ្នាំ។ ទី៤-ឈ្មោះថន ពិសិដ្ឋ ភេទប្រុស អាយុ៤០ឆ្នាំ។ ទី៥-ឈ្មោះប៉ុល ចិត្រា ភេទប្រុស អាយុ៣៣ឆ្នាំ និងទី៦-ឈ្មោះអៀង វុទ្ធី ភេទប្រុស អាយុ៣២ឆ្នាំ។
ដោយឡែកវត្ថុតាងដែលដកហូតបាន រួមមាន ១-សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ១៥១,៥១ក្រាម។ ២-អាវុធខ្លី ចំនួន២ដើម (ប្រភេទរ៉ូឡូ និង CZ75) និង៣-រថយន្តចំនួន២គ្រឿង ម៉ាកឡិចស៊ីស RX-330 ១គ្រឿង និងម៉ាកកាមរី ១គ្រឿង។

ក្រោយឃាត់ខ្លួន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្នុងចំណោមជនសង្ស័យទាំង ៦នាក់ មានម្នាក់ជាមេខ្លោងជួញគ្រឿងញៀនធំជាងគេនៅខេត្តកំពង់ស្ពឺ មានឈ្មោះប៉ុល ចិត្រា ដែលជាកូនរបស់អតីតប្រធានតុលាការខេត្តកំពង់ស្ពឺ ក្នុងអំឡុងឆ្នាំ២០១១ ត្រូវបានផ្លាស់ទៅពោធិ៍សាត់ ប៉ុន្តែបច្ចុប្បន្នទាំងឪពុកនិងម្តាយរបស់ជនសង្ស័យ បានទទួលមរណភាពអស់ហើយ។ មេខ្លោងគ្រឿងញៀនឈ្មោះប៉ុល ចិត្រា មានផ្ទះវីឡាដ៏ធំស្កឹមស្កៃនៅជិតមន្ទីរគមនាគមន៍ខេត្តកំពង់ស្ពឺ ភូមិបូរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន។ មេខ្លោងគ្រឿងញៀនរូបនេះ មានកាំភ្លើងកាន់ជាប់នៅដៃទៀតផង នៅអំឡុងពេលសមត្ថកិច្ចចុះបង្ក្រាប៕