កំពង់ស្ពឺ ៖ យុវជនម្នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) បានកាន់កាំបិតដើរអុកឡុកពេញភូមិ ដោយបានយកកាំបិតកាប់របងផ្ទះអ្នកជិតខាង បណ្តាលឱ្យរងការខូចខាត រួចគប់ត្រូវជើងក្មេងស្រីម្នាក់ បណ្តាលឱ្យរងរបួស ទីបំផុតសមត្ថកិច្ចបានចុះចាប់ឃាត់ខ្លួន ក៏លេចមុខស្ត្រីជាម្តាយ មកសំពះអង្វរសុំទោសជនរងគ្រោះជំនួសកូនប្រុស និងសុំសមត្ថកិច្ចយកកូនប្រុសទៅអប់រំ និងដាក់មណ្ឌលកែប្រែ ដោយខ្លួនឯងវិញ។

ករណីខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី។

តាមប្រភពពីក្រុមការងារមជ្ឈមណ្ឌលប្រចាំបញ្ជា នៃអគ្គស្នងការនគរបាលជាតិ (Hotline 117) បានបញ្ជាក់ឱ្យដឹងថា កាលពីវេលា ម៉ោង ៤និង៣៥នាទីរសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ សមត្ថកិច្ចប្រចាំបញ្ជា បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ស្តីពីករណីយុវជនបែកថ្នាំ យកកាំបិតកាប់ទ្វាររបងផ្ទះអ្នកជិតខាង និងគប់ត្រូវជើងក្មេងស្រីម្នាក់ បណ្តាលឱ្យរបួសស្រាល នៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ច ១១៧ បានបញ្ជូនព័ត៌មានទៅលោកឃឹម សុផាន់រ៉ា អធិការនគរបាលស្រុកគងពិសី ដើម្បីជួយអន្តរាគមន៍បន្ទាន់។
បន្ទាប់មក លោកសេង សេដ្ឋា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអង្គពពេល បានចុះដល់ទីតាំង កើតហេតុ និងបានឃាត់ខ្លួនជនបង្កហេតុភ្លាមៗផងដែរ។ បន្ទាប់មក ក៏លេចមុខអាណាព្យាបាលរបស់ជនបង្កហេតុ បានមកសំពះសុំទោសក្រុមគ្រួសារក្មេងស្រីរងគ្រោះ ជំនួសកូនប្រុស រួចសុំសមត្ថកិច្ច ដើម្បីយកកូនប្រុសទៅអប់រំ និងបញ្ជូនទៅមណ្ឌលកែប្រែ ផ្តាច់ថ្នាំញៀនដោយខ្លួនឯង។
ដោយសារក្រុមគ្រួសារខាងក្មេងស្រីរងគ្រោះ មិនបានធ្វើការប្តឹងផ្តល់ ទើបសមត្ថកិច្ចបានប្រគល់ជនបង្កហេតុឱ្យអាណាព្យាបាលវិញទៅ៕