ខេត្តព្រះសីហនុ ៖ បុរសជាមន្ត្រីអាវុធហត្ថម្នាក់ រួមនិងបក្ខពួកម្នាក់ទៀត ជិះម៉ូតូតាមផ្លូវសុខៗ ក៏កើតមានជម្លោះជាមួយបុរសម្នាក់ដែលជិះម៉ូតូដូចគ្នា និងបានចុចស៊ីផ្លេឌឺដងដាក់គ្នា រហូតផ្ទុះជាជម្លោះ ជិះម៉ូតូដេញតាមវាយ លុះតាមទាន់ បុរសជាមន្ត្រីអាវុធហត្ថ ក៏វាយគូទំនាស់ រួចដកកាំភ្លើងពីកែបម៉ូតូ បាញ់ប្រហារ បណ្តាលឱ្យភាគីម្ខាងទៀតស្លាប់ក្នុងថ្លុកឈាម ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង និងបក្ខពួក បានព្យាយាមគេចខ្លួនមិនបានប៉ុន្មាន ក៏ត្រូវសមត្ថកិច្ចតាមចាប់បាន នាំយកមកចាត់ការតាមច្បាប់

ករណីអំពើឃាតកម្មបាញ់ ប្រហារសម្លាប់មនុស្សយ៉ាងសាហាវឃោរឃៅនេះ បានកើតឡើង កាលពីវេលា ១២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ នៅចំណុចរង្វង់មូលតោ២ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជនដៃដល់ជាខ្មាន់កាំភ្លើងដែលបាញ់សម្លាប់ជនរងគ្រោះ មានឈ្មោះអំ ឆេក មុខរបរជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ។ ចំណែកបក្ខពួកដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដែរនោះ មានឈ្មោះជិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ។ ដោយឡែក ជនរងគ្រោះ មិនទាន់ត្រូវបានស្គាល់ អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូ ២គ្រឿង ចុចស៊ីផ្លេដាក់គ្នាទៅវិញទៅមក នៅតាមបណ្តោយផ្លូវ ២ធ្នូ (ផ្លូវកន្ទុយនាគ) លុះមកដល់ចំណុចរង្វង់មូលតោពីរ ម៉ូតូទាំងពីគ្រឿង បានឈប់នៅក្លែងកើតហេតុ រួចទាស់សំដី គ្នាបន្តិចបន្តួច ទំនងជាខឹងរឿងស៊ីផ្លេម៉ូតូឌឺដងដាក់គ្នា រួចជនដៃដល់ក៏បានវាយមកលើជនរងគ្រោះ ហើយបានបើកកែបម៉ូតូ យកកាំភ្លើង មកវាយទៅលើភាគីជនរងគ្រោះបែកក្បាលម្នាក់ រួចបាញ់ជនរងគ្រោះ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចជនបង្កហេតុ ក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលតែម្តង។



សមត្ថកិច្ចបញ្ជាក់ប្រាប់ថា បន្ទាប់ពីកើតហេតុភ្លាមៗនោះ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ រហូតនៅវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ថ្ងៃដដែល ពោលគឺ ១០នាទីក្រោយ កកម្លាំងជំនាញកំណត់បានអត្តសញ្ញាណរបស់ជនសង្ស័យ និងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះជិន រដ្ឋា។ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង ឈ្មោះអំ ឆេកូ ជាមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរត់គេចខ្លួនចូលក្នុងព្រៃ មួយកន្លែង រហូតមកដល់វេលាម៉ោង ៥ទៀបភ្លឺ ទើបសមត្ថកិច្ចចាប់ខ្លួនបាន នាំយកមកសាកសួរ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំពិនិត្យនិងធ្វើកោសល្យវិច័យរួច នឹងប្រគល់សពជូនសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕