ភ្នំពេញ ៖ បន្ទាប់ពីបានឃើញលោកខេមរ: សិរីមន្ត និងលោកព្រាប សុវត្ថិ តារាចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា ឡើងឧកញ៉ា តារាកំប្លែងល្បី លោកចែម ចាន់រ៉ា ហៅពាក់មី បានលើកឡើងថា លោកគ្មានសមត្ថភាពទេ ហើយក៏មិនចង់ឡើងឧកញ៉ាអីដែរ ខ្លាចបងប្អូនលែងជួលកាត់សក់ ច្រៀងកំដរភ្ញៀវពិធីករ ។ ពាក្យមួយឃ្លារបស់នាយពាក់មី ធ្វើឲ្យលោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចាប់អារម្មណ៍ធ្វើការរិះគន់ដោយប្រយោលថា អ្នកចម្រៀងខ្លះ មិនទាន់ឡើងឧកញ៉ា ចរិតផ្សេង ដល់បានឡើងឧកញ៉ាភ្លាម ស្រាប់តែដូរចរិតកើតបូសក្លៀកភ្លែត ។

លោកចែម ចាន់រ៉ា ហៅពាក់មី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ ថា “គេសួរខ្ញុំថា ពាក់មី កាលណាឡើងឧកញ៉ា ? ខ្ញុំថា ខ្ញុំគ្មានសមត្ថភាពទេ ឡើងឧកញ៉ា ខ្លាចបងប្អូនលែងជួលកាត់សក់ ច្រៀងកំដរភ្ញៀវ ពិធីករ បងប្អូនចង់ជួល ខលមកបាន 015300007 “ ។

ក្រោយពីបានឃើញសំណេររបស់លោកចែម ចាន់រ៉ា ហៅពាក់មី ខាងលើនេះ លោកស្រីហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្ដែងការចាប់អារម្មណ៍ ដោយលោកស្រីបានចូលទៅសរសេរបញ្ចេញមតិយោបល់ (Comment) ថា “បើលោកប្អូនឡើងឧកញ៉ា កុំភ្លេចដើរមើលឃើញខ្ញុំផង តិចលែងស្គាល់បាត់? មានខ្លះមិនទាន់ឡើងឧកញ៉ា ចរិតផ្សេង ដល់បានឡើងឧកញ៉ា ស្រាប់តែកើតបូសក្លៀកភ្លែត“ ។
លោកចែម ចាន់រ៉ា ហៅពាក់មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ថា លោកមិនមានទស្សនៈយល់ឃើញអ្វី ទាក់ទងនឹងការចូលបញ្ចេញមតិយោបល់ (Comment) របស់លោកស្រីហ៊ុន ស៊ីណាត ដែលថា រិះគន់ថា អ្នកខ្លះឡើងឧកញ៉ា ដូរចរិត កើតបូសក្លៀកភ្លែតនោះទេ តែសម្រាប់លោកគឺនៅរក្សាជំហរដើម គឺចង់នៅមនុស្សសាមញ្ញធម្មតា ចុះទៅវាលស្រែ ស្រុកចម្ការ ដោយមិនចង់ក្លាយជាឧកញ៉ាឡើយ ហើយលោកក៏សុំផ្ដាំទៅអ្នកសិល្បៈជំនាន់ក្រោយ បើបានចូលសិល្បៈហើយ ត្រូវរកមុខរបរអ្វីផ្សេងជួយទប់ ដោយកុំពឹងលើសិល្បៈតែមួយមុខ ព្រោះចំណូលសិល្បៈ មិនស្ថិតស្ថេរទេ ។

លោកចែម ចាន់រ៉ា បានមានប្រសាសន៍ថា “បាទ! ក្នុងការសរសេររបស់ខ្ញុំហ្នឹង និយាយទៅ ខ្ញុំនិយាយតែពីខ្លួនខ្ញុំទេ ទី១ ខ្ញុំមិនទាន់មានសមត្ថភាពធ្វើជាឧកញ៉ាទេ ខ្ញុំនៅជួយបងប្អូន ជួយឪពុកម្ដាយបង្កើត ឪពុកម្ដាយក្មេក ។ អ៊ីចឹងខ្ញុំនៅជួយម៉ែឪខ្ញុំសិន ខ្ញុំមិនទាន់មានលទ្ធភាពធ្វើជាឧកញ៉ាអីទេ ហើយបើថ្ងៃមុខមានលទ្ធភាព ក៏ខ្ញុំមិនធ្វើដែរ ដោយសារខ្ញុំចង់នៅសាមញ្ញហ្នឹង គេស្រួលរាប់អាន ព្រោះជីវិតខ្ញុំ ពេលឃើញខ្ញុំផុសភាគច្រើន គឺជីវិតស្រែៗ អ្នកស្រែ ។ អ៊ីចឹងអារម្មណ៍ខ្ញុំដក់ជាប់តែនឹងស្រុកស្រែ សុខចិត្តនៅស្រែ នៅអីអ៊ីចឹង មានញាតិច្រើន មានដីធំទូលាយ ដាំបន្លែបង្ការ ខ្ញុំស្រឡាញ់អ៊ីចឹងណាស់ ខ្ញុំអត់ស្រលាញ់ងារជាឧកញ៉ាអីផង ហើយសូមបញ្ជាក់ថា ខ្ញុំគាំទ្រនិងអបអរសាទរចំពោះបងៗដែលបានឡើងឧកញ៉ា ប៉ុន្តែសម្រាប់ខ្ញុំ គឺខ្ញុំអត់ចង់ ហើយណាមួយអត់មានសមត្ថភាពផង ។ ប៉ុន្តែបើថ្ងៃក្រោយមានឱកាស ក៏មិនធ្វើជាឧកញ៉ា ខ្ញុំចង់ឲ្យគេហៅធម្មតា ពួកម៉ាក បង ពូអ៊ីចឹង ។ ខ្ញុំចង់រស់នៅសាមញ្ញ ដោយមិនដែលឃើញផុសនៅផ្សារទំនើប ហាងទំនើប អត់ដែលទេ ខ្ញុំផុសតែជញ្ជាត់ត្រី រកត្រី ក្របី គោ ស្រែ ព្រោះចរិតខ្ញុំតែប៉ុណ្ណឹង ខ្ញុំតាំងចិត្តជីវិតខ្ញុំកើតកន្លែងណា ខ្ញុំងាប់កន្លែងហ្នឹង ហើយខ្ញុំផ្ដាំកូនខ្ញុំចេញពីកន្លែងណា រកស៊ីមានបាន មានលទ្ធភាពមកជួយអ្នកស្រុកយើងវិញ បើមិនបានជួយអ្នកស្រុកយើង កុំឲ្យអ្នកស្រុកយើងទឹកភ្នែកដោយសារយើងអី ។ ហ្នឹងទស្សនៈរបស់ខ្ញុំសម្រាប់កូនខ្ញុំ ហើយរាល់ពេលខ្ញុំធ្វើបុណ្យធ្វើទាន ធ្វើកិច្ចការមនុស្សធម៌ ខ្ញុំតែងឲ្យកូនខ្ញុំឃើញជានិច្ច“។
នាយពាក់មី បន្តថា “ចំពោះចំណុចនេះ (យោបល់លោកស្រីហ៊ុន ស៊ីណាត) ខ្ញុំអត់ហ៊ានបញ្ចេញមតិអីទេ ដោយសារនិយាយទៅប៉ះ អ៊ីចឹងសុំអត់មានមតិបណ្ដាយ ហើយសុំទោសផង ខ្ញុំមិនមានលទ្ធភាព ឬសមត្ថភាពដើម្បីទៅណែនាំអ្នកឧកញ៉ាទាំងអស់នោះ ពេលឡើងឧកញ៉ា និងធ្វើអីទេ ព្រោះខ្ញុំនៅជាកូនកសិករ ជាតារាធម្មតា អ៊ីចឹងខ្ញុំមានមតិអីទៅប្រដៅឧកញ៉ា? អ៊ីចឹងខ្ញុំសុំអត់បញ្ចេញមតិទេត្រង់ហ្នឹង គឺខ្ញុំគ្រាន់តែចង់ផ្ដាំផ្ញើទៅបងប្អូនទាំងអស់គ្នា បើសម្រាប់ខ្ញុំ អរគុណបងប្អូនទាំងអស់គ្នាដែលគាំទ្រខ្ញុំ ហើយខ្ញុំនៅតែបម្រើបងប្អូនរហូតទាល់តែចាស់ ។ ដូចខ្ញុំសរសេរអ៊ីចឹងថា បើឡើងឧកញ៉ា ខ្លាចបងប្អូនលែងជួល អ៊ីចឹងខ្ញុំមានថ្ងៃនេះ ដោយសារសិល្បៈ អ៊ីចឹងសិល្បៈ ជាចំណូលរបស់ខ្ញុំ អ៊ីចឹងខ្ញុំនៅតែធ្វើសាមញ្ញធម្មតា បងប្អូនជួលរហូតទាល់តែចាស់អ៊ីចឹងទៅ ។ ហើយផ្ដាំសិល្បៈយើងក្រោយៗ ក្មេងៗ ពេលបានល្បីក្នុងសិល្បៈ សូមចាប់ផ្ដើមចាប់អាជីព មុខរបរឲ្យហើយទៅ ព្រោះអីសិល្បៈយើងមិនទៀងទាត់ទេ ពេលយើងចាស់ទៅ លែងល្បី គេលែងជួល បាត់ចំណូល ។ អ៊ីចឹងទាន់មានឱកាសល្បី ចាប់របរឲ្យហើយ ។ របរអីក៏ដោយ ឲ្យតែសុចរិត ស្របច្បាប់ ដូចសិល្បៈមុនៗ ដូចបងសុវត្ថិ ដូចបងខេមរៈ អីគាត់មានមុខរបររបស់គាត់រៀងខ្លួន សុទ្ធតែមានមុខរបរទាំងអស់ ។ អ៊ីចឹងទាន់មានឱកាសល្បី យើងចាប់មុខរបរទៅ លក់អីក៏ដោយបងប្អូន សូម្បីតែលក់ក្រដាសជូតមាត់ប្រេនរបស់គាត់ ក៏គាត់អាចធ្វើជាអ្នកមានបានដែរ សំខាន់ឲ្យតែរកស៊ី“ ។
គួរបញ្ជាក់ថា តារាចម្រៀង ខេមរៈ សិរីមន្ត ដែលមានឈ្មោះដើមថា ខែម ប៊ុនថៃ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា តាមព្រះរាជក្រឹត្យ លេខ នស/រកត/០២២២/១៣២ ចុះថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២។
ចំណែកតារាចម្រៀង ព្រាប សុវត្ថិ ត្រូវបានព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ា តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៤២២/៤៤៣ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។
ក្រៅពីនេះ លោកហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ក៏ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារជាឧកញ៉ាផងដែរ តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៤២២/៤៤៤ ចុះថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ ។ សូមបញ្ជាក់ថា កន្លងទៅនេះ មានអ្នកសិល្ប:ជាច្រើនរូបមកហើយ ដែលទទួលបានគោរមងារជាឧកញ៉ា ក្នុងនោះ ក្រៅពីតារាចម្រៀងល្បីខាងលើ ក៏មានអតីតតារាមួយចំនួនទៀត ដូចជា អតីតារាកំប្លែង លោកទុំ សារុត ហៅនាយឃ្លោក អតីតតារាចម្រៀងនិងពិធីករ លោកលាន អាព្រីលគីនីន ជាដើម ហើយសូម្បីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុនឡេង ណាវ៉ាត្រា និងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏ជាអតីតអ្នកចម្រៀងមួយរូបផងដែរ៕ កុលបុត្រ