ភ្នំពេញ ៖ ជនសង្ស័យចំនួន ៣នាក់ ដែលលួចរថយន្តយ៉ាងសកម្ម ត្រូវនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនពាក់ព័ន្ធករណីលួចរថយន្តដឹកទំនិញ ២គ្រឿង និងទទួលផលចោរកម្ម។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានសហការជាមួយសមត្ថកិច្ចខេត្តកំពង់ស្ពឺ ធ្វើការ

ស្រាវជ្រាវស្វែងរកតាមប្រព័ន្ធ GPS នៅក្នុងរថយន្ត និងបើកប្រតិបត្តិការបង្ក្រាបករណីលួចរថយន្តដឹកទំនិញ និងទទួលផលចោរកម្ម នៅចំណុចភូមិសហគមន៍ខាងលិច ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់។

ជនរងគ្រោះជាម្ចាស់រថយន្ត មានឈ្មោះលឹម គឹមស៊្រុន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកដឹកជញ្ជូន ស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ចំណែកជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ចំនួន៣នាក់ រួមមាន ទី១-ឈ្មោះស៊ិន សុផល ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិត្រពាំង

វែង ឃុំថុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ទី២-ឈ្មោះសំ មាន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះសំ ហឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលឈើនាង ឃុំសង្កែសាទ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ។
រីឯវត្ថុតាងចាប់យក រួមមាន រថយន្តដឹកទំនិញ ចំនួន២គ្រឿង ម៉ាក KIA FRONTIER ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 2A 6832 និងម៉ាក HYUNDAI PORTER ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-6479 និងម៉ូតូ ១គ្រឿង ម៉ាក Click ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1I-5869។
ជនសង្ស័យទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធី៕