ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ដែលពាក់ព័ន្ធនៅក្នុងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ) ពីជនជាតិវៀតណាម ម្នាក់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០និង១៥នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ មានប្រជាពលរដ្ឋប្តឹងរាយការណ៍មកថា នៅចំណុចម្តុំស្ពានឆេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុងព្រះសីហនុ មានជនសង្ស័យ ៣នាក់ ជិះម៉ូតូ ១គ្រឿង មិនចាំម៉ាក បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ ១នាក់ ភេទប្រុស ជនជាតិវៀតណាម រួចជិះម៉ូតូរត់គេចខ្លួនបាត់។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ និងបក្ខពួក សរុបចំនួន១៦នាក់ ភេទប្រុស ជាបន្តបន្ទាប់ យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ។

បន្ទាប់ពីសមត្ថកិច្ចបានធ្វើការសាកសួរ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ឃើញថា មានជនសង្ស័យចំនួន ៦នាក់ ដែលពាក់ព័ន្ធនៅក្នុងករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទដៃ)។ ចំណែកជនសង្ស័យចំនួន ១០នាក់ មិនមានការពាក់ព័ន្ធឡើយ ទើបសមត្ថកិច្ចធ្វើការអប់រំ ឱ្យ ក្រុមគ្រួសារធានាត្រឡប់ទៅផ្ទះវិញ។
ជនរងគ្រោះឈ្មោះ TRAN NHAT TAN ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិវៀតណាម មុខរបរអ្នកដឹកម្ហូបអាហារ ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ សម្ភារ:បាត់បង់ គឺទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone 12 PRO MAX ពណ៌ខៀវ។
ជនសង្ស័យទាំង ៦នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះសឹង សំណាង ហៅត្រា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ទី២-ឈ្មោះអេង វិរៈ ហៅអាចេម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី៣-ឈ្មោះឃុន មាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ទី៤-ឈ្មោះមេន វិច្ឆ័យ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ទី៥-ឈ្មោះកន សំរេច ហៅអាលាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទី៦-ឈ្មោះស៊្រុន ផារ៉ាត់ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ចំណែកវត្ថុតាងចាប់យកបាន រួមមាន ទូរស័ព្ទដៃ ១គ្រឿង ម៉ាក OPPO ពណ៌ខៀវ។ ទូរស័ព្ទដៃ១គ្រឿង ម៉ាក iPhone 12 PRO MAX ពណ៌ខៀវ (ផលនៃអំពើលួច)។ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1I-3722។ កញ្ចក់ម៉ូតូ ១គូ កាងម៉ូតូ១ និងរានម៉ូតូ១។
ករណីខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕