Tuesday, June 24, 2025
Homeសន្ដិសុខសង្គមអ៊ំស្រីឈ្លោះនឹងប្រុសស្នេហ៍ ទាត់ក្មួយប្រុសបាក់ក្តោងច្រមុះ

អ៊ំស្រីឈ្លោះនឹងប្រុសស្នេហ៍ ទាត់ក្មួយប្រុសបាក់ក្តោងច្រមុះ

ភ្នំពេញ ៖ ស្ត្រីម្នាក់ តែងវាយធ្វើបាបក្មួយប្រុសរបស់ខ្លួនដែលទើបនឹងមានអាយុ៥ឆ្នាំ ស្ទើរតែរៀងរាល់ថ្ងៃ រហូតធ្វើឱ្យមានរបួសស្នាមពេញខ្លួន លុះចុងក្រោយ ខណៈដែលឈ្លោះប្រកែកគ្នាជាមួយនឹងប្រុសស្នេហ៍ បែរជាជះកំហឹងដាក់ក្មួយប្រុសតូច ដោយទាត់ក្មួយប្រុស បណ្តាលឱ្យដួលផ្ទប់នឹងគ្រែ បាក់ក្តោងច្រមុះ រងរបួសធ្ងន់ ឈាមហូរជោកខ្លួន រហូតធ្វើឱ្យអ្នកជិតខាងទ្រាំមើលនឹងភ្នែកលែងបាន ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ចុះអន្តរាគមន៍ភ្លាមៗ។

ករណីអំពើហិង្សាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចបន្ទប់ជួល តាមបណ្តោយផ្លូវរថភ្លើង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះ ជាជនជាតិវៀតណាមមានអាយុ៥ឆ្នាំ ហើយឪពុកម្តាយរស់នៅឯប្រទេសវៀតណាម ចំណែកក្មេងប្រុសរងគ្រោះ បានមករស់នៅជាមួយអ៊ំស្រីដែលជាស្ត្រីមេម៉ាយ នៅត្រង់ចំណុចបន្ទប់ជួលកើតហេតុ អស់រយៈពេលជិត ១ឆ្នាំមកហើយ។

ប្រភពដដែល បន្តថា អំឡុងពេលដែលស្ត្រីជាអ៊ំ និងក្មួយប្រុសរងគ្រោះ បានមកស្នាក់នៅបន្ទប់ជួលកើតហេតុ គេសង្កេតឃើញថា ស្ត្រីជាអ៊ំស្រីរូបនេះ មិនដែលឱ្យក្មេងប្រុសរងគ្រោះចេញមកលេងនៅខាងក្រៅផ្ទះជាមួយនឹងក្មេងៗដទៃទេ ហើយតែងតែវាយដំ ធ្វើបាបក្មេងប្រុសរងគ្រោះ ស្ទើរជារៀងរាល់ថ្ងៃតែម្តង។ ស្ត្រីរូបនោះ តែងខឹង វាយដំក្មួយប្រុសរបស់ខ្លួនជាប្រចាំ សូម្បីតែប្រើក្មួយប្រុសទៅទិញអ្វីមិនបានដូចបំណង ក៏ស្ត្រីជាអ៊ំនោះវាយដំក្មេងប្រុសរងគ្រោះដែរ ហើយពេលវាយដំម្តងៗ គ្មានអ្នកហ៊ានចូលទៅជួយឃាត់នោះទេ ព្រោះស្ត្រីជាអ៊ំ តែងតែឈ្លោះ ប្រកែកជាមួយអ្នកដែលចូលទៅជួយឃាត់នោះតែម្តង មិនថាជាអ្នកណានោះទេ។

ប្រភពដដែល បន្តទៀតថា នៅថ្ងៃកើតហេតុ ស្ត្រីជាអ៊ំនោះ បានផឹកស្រាស្រវឹង និងបានឈ្លោះប្រកែកគ្នាជាមួយប្រុសម្នាក់ ដែលមានទំនាក់ទំនងស្នេហាជាមួយគ្នា រហូតបុរសនោះប្រមូលខោអាវចេញពីក្នុងបន្ទប់ជួលថែមទៀតផង ប៉ុន្តែមិនដឹងថា ឈ្លោះគ្នាដោយសារតែមូលហេតុអ្វីឱ្យពិតប្រាកដនោះទេ? ក្រោយមក ក្មេងរងគ្រោះក៏បានដើរចូលទៅក្នុងបន្ទប់ ខណៈពេលដែលស្ត្រីជាអ៊ំ និងបុរសនោះកំពុងតែឈ្លោះប្រកែកគ្នាខ្លាំង ស្រាប់តែរំពេចនោះ អ៊ំស្រីបានលើកដៃវាយដំទៅលើក្មេងប្រុសរងគ្រោះ រហូតក្មេងប្រុសអង្គុយបត់ជើងលើកដៃសំពះ ក៏នៅតែមិនអស់ចិត្ត ថែមទាំងបានទាត់ក្មេងប្រុសរងគ្រោះផ្ទប់ជាមួយនឹងគ្រែ បណ្តាលឱ្យបាក់ក្តោងច្រមុះហូរឈាមជោកខ្លួនទៀតផង។

ដោយសារតែអ្នកជិតខាងដែលឃើញហេតុការណ៍នេះ ហើយទើសចិត្តពេក អត់ទ្រាំមើលនឹងភ្នែកតទៅទៀតលែងបាន ក៏នាំគ្នាចូលទៅជួយឃាត់ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ឱ្យចុះមកជួយអន្តរាគមន៍ភ្លាមៗតែម្តង។ បន្ទាប់ពីសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ ស្ត្រីជាអ៊ំនោះ មិនព្រមចេញពីក្នុងផ្ទះឡើយ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន ក៏បាននាំក្មេងប្រុសរងគ្រោះទៅសម្រាកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ មួយយប់សិន ដើម្បីរង់ចាំព្រឹកស្អែក ធ្វើការកោះហៅស្ត្រីជាអ៊ំនោះ យកទៅធ្វើការអប់រំណែនាំទៅតាមផ្លូវច្បាប់ជាបន្តទៀត៕

RELATED ARTICLES