Tuesday, June 24, 2025
Homeសន្ដិសុខសង្គមផ្តាច់ស្រាមួយរយៈ ផឹកលើសដើម ស្រវឹងដេកស្លាប់ក្នុងទឹកស្រែ

ផ្តាច់ស្រាមួយរយៈ ផឹកលើសដើម ស្រវឹងដេកស្លាប់ក្នុងទឹកស្រែ

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវបានបុរសជាប្តីប្រាប់ថា គឺជាមនុស្សញៀនស្រា-ស រាប់ឆ្នាំមកហើយ រហូតដល់គាត់ជាប្តី នាំទៅចាក់ថ្នាំផ្តាច់ស្រា បានមួយរយៈ ស្រាប់តែផឹកឡើងវិញ កាន់តែខ្លាំងលើសដើម លុះស្រវឹង តែងចេញទៅដេកតាមព្រៃ តាមស្រែ ជាញឹកញាប់ រហូត ដល់ចុងក្រោយ ត្រូវបានអ្នកភូមិម្នាក់ ចេញទៅដើររើសខ្យងតាមវាលស្រែ ប្រទះឃើញដេកស្លាប់ក្បែរមាត់ស្រែ បង្កឱ្យមានការភ្ញាក់ផ្អើល និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភូមិបេង ឃុំបេង ស្រុកបន្ទាយអម្ពិល។

សពស្ត្រីរងគ្រោះ មានឈ្មោះប៉ាត់ សំនៀង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅភូមិកើតហេតុខាងលើ។

តាមការបំភ្លឺពីឈ្មោះក្រៀត ម៉ៅ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវប្តីរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក

ប្រពន្ធរបស់គាត់ (ស្ត្រីរងគ្រោះ) តែងផឹកស្រា-ស ជាប្រចាំ ហើយពេលស្រវឹងស្រាម្តងៗ តែងទៅដេកតាមព្រៃ តាមប្រឡាយ ឬដេកតាមខ្ទមស្រែខាងក្រោយភូមិ ជាញឹកញាប់ ក្រោយមក គាត់ជាប្តី បាននាំប្រពន្ធទៅចាក់ថ្នាំផ្តាច់ស្រា

នៅឯទីរួមខេត្តបន្ទាយមានជ័យដែរ និងបានផ្តាច់ស្រាមួយរយៈមកហើយ ទើបតែដល់ចុងខែមេសា ឆ្នាំ២០២២ ប្រពន្ធរបស់លោកក៏ចាប់ផ្តើមផឹកស្រា-សវិញ ហើយពេលស្រវឹង គាត់ចេះតែទៅដើរដេកតាមព្រៃ តាមស្រែដដែល។

បុរសជាប្តីស្ត្រីរងគ្រោះ បន្តថា លុះដល់វេលាម៉ោងជាង ៨ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ពេលប្រពន្ធរបស់គាត់មកពីផឹកស្រា ក៏បានសុំគាត់ជាប្តី ទៅរកខ្យងនៅឯវាលស្រែ ខាងកើតភូមិ ពេលនោះគាត់បានហាមដែរ តែប្រពន្ធមិនស្តាប់ រួចក៏ទៅបាត់ ហើយក៏បាត់រហូត មិនឃើញត្រឡប់មកវិញសោះ។ លុះព្រឹកឡើង ថ្ងៃទី០៣ ខែឧសភា

ឆ្នាំ២០២២ គាត់បានតាមរកនៅឯខ្ទមស្រែដែលគាត់ធ្លាប់ទៅដែរ តែមិនឃើញ ក៏ត្រឡប់មកផ្ទះវិញ  ពេលមកដល់ផ្ទះ បងស្រីគាត់ប្រាប់ថា រកឃើញប្រពន្ធឯងឃើញហើយ លង់ទឹកស្លាប់នៅចំណុចស្រះទឹកខាងកើតភូមិ។

តាមការបំភ្លឺរបស់ឈ្មោះម៉ៅ ធឿម ហៅង៉ុវ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិបេង ឃុំបេង ស្រុកបន្ទាយអម្ពិល បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ គាត់បានចេញទៅរកខ្យងនៅឯវាលស្រែ ខាងកើតភូមិ ពេលទៅដល់ចំណុចទំនប់លោកខាងកើតភូមិ ចម្ងាយប្រហែល ៥០០ម៉ែត្រ ស្ថិតនៅភូមិបេង ឃុំបេង  ស្រុកបន្ទាយអម្ពិល ក៏ឃើញក្រណាត់អាវ និងដៃមនុស្សមួយចំហៀង នៅនឹងមាត់ស្រះ ដែលមានទឹកជម្រៅប្រហែលកន្លះម៉ែត្រ ឃើញដូច្នោះ គាត់ក៏ចុះទាញមើល ទើបដឹងថាឈ្មោះប៉ាត សំនៀង ភេទស្រី រស់នៅភូមិជាមួយគ្នា បានលង់ទឹកស្លាប់ ក្រោយមក លោកក៏បានទៅប្រាប់អ្នកជិតខាងតែម្តង។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយទទួលព័ត៌មានពីលោកមេភូមិបេង ថាមានករណីមនុស្សលង់ទឹកស្លាប់ នៅចំណុចទឹកស្រះខាងកើតភូមិ  ភ្លាមៗនោះលោកវរសេនីយ៍ឯក ណុល ភិន អធិការនគរបាលស្រុកបន្ទាយអម្ពិល បានចាត់កម្លាំងជំនាញដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ឹម វណ្ណៈ អធិការរងទទួលផែនការងារព្រហ្មទណ្ឌ នគរបាលស្រុកបន្ទាយអម្ពិល លោកនាយប៉ុស្តិ៍ គ្រូពេទ្យ លោកមេភូមិ ធ្វើការចុះទៅពិនិត្យសព រួចបញ្ជាក់ថា សពពាក់អាវការ៉ូដៃវែង ពណ៌ទឹកប៊ិកលាយស ខោជើងវែងពណ៌ផ្កាឈូកស្លេក លើត្របកភ្នែក មានស្លាកស្នាម (ត្រីស៊ីទាំងសងខាង) នៅលើដងខ្លួន ពុំមានស្លាកស្នាមអ្វីឡើយ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានធ្វើកោសល្យវិច័យជាមួយក្រុមគ្រូពេទ្យ និងយោងតាមការបំភ្លឺ និងពិនិត្យទៅលើសពជាក់ស្តែង ជនរងគ្រោះ គឺពិតជាបានស្លាប់ដោយសារតែលង់ទឹកប្រាកដមែន។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយប៊ុនថេត

RELATED ARTICLES